
រដ្ឋាភិបាលថៃបានដកចេញវិធានការតម្រូវឱ្យពាក់ម៉ាស់ ខណៈស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេស កាន់តែមានភាពប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាស ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
សេចក្តីប្រកាសដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបញ្ជាក់ថា ការពាក់ម៉ាស់ គឺត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត ខណៈមន្រ្តីនៅក្រសួងសុខាភិបាលសាធារណៈបានបញ្ជាក់ថា ការដកចេញវិធានការតម្រូវឱ្យពាក់ម៉ាស់នេះ គឺត្រូវធ្វើឡើងទាំងក្នុងនិងក្រៅទីកន្លែងបិទជិត។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រសួងសុខាភិបាលថៃ នៅតែណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ នៅទីកន្លែងដែលមានមនុស្សច្រើន ឬកន្លែងដែលពុំអាចអនុវត្តគម្លាតសុវត្ថិភាពសង្គម ឬទីកន្លែងគ្មានខ្យល់ចេញចូលល្អ ហើយសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺកូវីដ១៩ ដូចជាមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ឬជំងឺតម្រងនោមរ៉ាំរ៉ៃ គឺនៅតែតម្រូវឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ពេល។
ក្រៅពីបន្ធូរបន្ថយការតម្រូវឱ្យពាក់ម៉ាស់ រដ្ឋាភិបាលថៃ ក៏សម្រេចអនុញ្ញាតឱ្យកន្លែងកម្សាន្ត ហាងស្រា បារ និងកន្លែងលក់គ្រឿងស្រវឹង បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវគោរពច្បាប់ និងវិធានការបង្ការជំងឺ ដែលមុននេះ អាជីវកម្មអាចបើកដំណើរការ និងបម្រើគ្រឿងស្រវឹង បានត្រឹមពាក់កណ្ដាលយប់ប៉ុណ្ណោះ។
នៅក្នុងសេចក្តីប្រកាសស្ដីពីការលើកលែងការពាក់ម៉ាស់នេះ ក៏បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃមានភាពប្រសើរឡើង ដោយសារចំនួនអ្នកឆ្លង និងអ្នកស្លាប់បានធ្លាក់ចុះ។ នៅថ្ងៃសុក្រនេះ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ បានរាយការណ៍ការឆ្លងថ្មីនៃជំងឺកូវីដមានចំនួន២៣១៣នាក់ និងអ្នកស្លាប់ថ្មីចំនួន១៦នាក់ និងបើគិតចាប់តាំងពីថ្ងៃទី១មករាមក ប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដសរុប៨៨៦១នាក់៕
- រដ្ឋមន្ត្រីហាមរថយន្តសង្គ្រោះឯកជន ទៅដឹកអ្នករបួសតាមដងផ្លូវ ព្រោះធ្វើឱ្យប៉ះពាល់ភាពថ្លៃថ្នូរគ្រូពេទ្យ - នៅថ្ងៃទី 15/08/2022
- មិនទាន់មានភស្ដុតាងថា ជំងឺថ្មី ឡានយ៉ា អាចចម្លងពីមនុស្សទៅមនុស្សឡើយ - នៅថ្ងៃទី 15/08/2022
- មន្រ្តី៖ កង្វះទឹកស្អាតប្រើប្រាស់របស់ពលរដ្ឋ ដោយសារការអភិវឌ្ឍរបស់ប្រទេសជាតិលឿនពេក ប៉ុន្តែរដ្ឋាភិបាលនឹងឆ្លើយតបឲ្យបាន១០០% នៅឆ្នាំ២០៣០ - នៅថ្ងៃទី 15/08/2022