មនុស្សជិត៦សែននាក់បន្ថែមទៀត នឹងអាចការពារបានកុំឱ្យស្លាប់ ប្រសិនបើគោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការចាក់វ៉ាក់សាំងឱ្យបាន៤០%នៃចំនួនប្រជាជនរបស់ប្រទេសនីមួយៗត្រឹមចុងឆ្នាំ២០២១ ត្រូវបានអនុវត្តជោគជ័យ។

វ៉ាក់សាំងបានការពារជីវិតមនុស្សជិត២០លាននាក់ ឱ្យរួចផុតពីការស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការសិក្សាដ៏ធំលើកដំបូងមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនេះ។

ការសិក្សានេះ ត្រូវបានចេញផ្សាយនៅក្នុងនិទានុប្បវត្តិ The Lancet Infectious Diseases និងបានផ្អែកលើទិន្នន័យពី១៨៥ប្រទេសនិងតំបន់ ដែលប្រមូលបានចាប់ពីថ្ងៃទី៨ធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៨ធ្នូ ឆ្នាំ២០២១ ហើយនេះគឺជាការប្រឹងប្រែងលើកដំបូង ក្នុងវាយតម្លៃចំនួនអ្នកស្លាប់ ដែលការពារបានផ្ទាល់និងមិនផ្ទាល់ ដោយសារការចាក់វ៉ាក់សាំងការពារជំងឺកូវីដកូវីដ១៩។

ការសិក្សានេះបានរកឃើញថា ការស្លាប់របស់មនុស្ស១៩លាន៨សែននាក់ ត្រូវបានការពារពីក្នុងចំណោមអ្នកស្លាប់៣១លាន៤សែននាក់ ដែលអាចនឹងស្លាប់ប្រសិនបើគ្មានវ៉ាក់សាំង ដូច្នេះចំនួនអ្នកស្លាប់ដែលការពារបាន គឺមានប្រមាណ៦៣%។

ប៉ុន្តែប្រទេសចិន មិនត្រូវបានរាប់បញ្ចូលក្នុងការសិក្សានេះទេ ដោយសារតែចំនួនប្រជាជនច្រើន និងការចាត់វិធានការទប់ស្កាត់តឹងរ៉ឹងពេក ដែលនឹងធ្វើឱ្យលទ្ធផលនេះមានការភ័ន្តច្រឡំ។

ការសិក្សាដដែលបានរកឃើញថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យមមានចំនួនច្រើនបំផុតនៃការស្លាប់ដែលត្រូវការពារបានគឺ១២លាន២សែននាក់ក្នុងចំណោម១៩លាន៨សែននាក់ ដែលឆ្លុះបញ្ចាំងពីវិសមភាពក្នុងការទទួលបានវ៉ាក់សាំងនៅទូទាំងពិភពលោក។

មនុស្សជិត៦សែននាក់បន្ថែមទៀត នឹងអាចការពារបានកុំឱ្យស្លាប់ ប្រសិនបើគោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការចាក់វ៉ាក់សាំងឱ្យបាន៤០%នៃចំនួនប្រជាជនរបស់ប្រទេសនីមួយៗត្រឹមចុងឆ្នាំ២០២១ ត្រូវបានអនុវត្តជោគជ័យ៕