បារីអេឡិចត្រូនិចកំពុងចរាចរនៅលើទីផ្សារកម្ពុជា។ រូបភាព៖ហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ

ក្រសួងសុខាភិបាល អះអាងថា នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយ ហើយចូលទៅក្នុងខួរក្បាលអ្នកជក់ដែលនឹងប៉ះពាល់ដល់បេះដូង និងសួតយ៉ាងធ្ងន់ធ្ងររហូតបណ្តាលឲ្យស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែមីនានេះ។

ក្រសួងសរសេរដូច្នេះថា៖«បារីអេឡិចត្រូនិច ៩៩ភាគរយ មានផ្ទុកជាតិនីកូទីន ហើយការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងមនុស្សវ័យជំនង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍»។

ដោយមើលឃើញថា បារីអេឡិចត្រូនិចពិតជាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ គំរាមកំហែងដល់អ្នកប្រើប្រាស់ និងអ្នកទទួលរងចំហាយផ្សែង នៅកម្ពុជាការប្រើប្រាស់បារីអេឡិចត្រូនិចត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីនេះត្រូវហាមឃាត់ដូចគ្នាដែរ។

ក្រសួងសរសេរបន្ថែមដូច្នេះថា៖«ចាប់តាំងពីឆ្នាំ២០១៤ ដោយអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀននៅក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ូហ្សា(SISHA) និងបារីអេឡិចត្រូនិច(E-cigarette) នៅក្នុងប្រទេសកម្ពុជា»។

បន្ទាប់មកនៅឆ្នាំ២០២១នេះ ក្រសួងក៏បន្ថែមសេចក្តីណែនាំស្តីពី ការចាត់វិធានការបង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី(HTP)នៅកម្ពុជាផងដែរ ក្រោយមានការផ្សព្វផ្សាយលក់តាមបណ្តាញសង្គម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍ផ្តាច់ការជក់បារី ជាផលិតផលមានសុវត្ថិភាព។

បារីអេឡិចត្រូនិចបង្កឱ្យគ្រោះថ្នាក់ដល់សុខភាព និងសង្គម ដូច្នេះក្រសួងសុខាភិបាលអំពាវនាវដល់យុវជនទាំងអស់កុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជាមធ្យោបាយផ្តាច់បារី ហើយបារីអេឡិចត្រូនិច គឺជាផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀននាពេលអនាគត៕