ការតាំងពិព័រណ៍ការងារត្រូវបានរៀបចំនៅមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង ៨ ព្រឹក-ម៉ោថង៥ ល្ងាច។រូបភាព​៖ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ទីភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ (NEA)​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ បាន​រៀប​ចំការ​តាំង​ពិព័រណ៍​ការងារ​ឆ្នាំ​២០២២​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា ​ជាមួយ​នឹង​ឱកាស​ការងារ​ជាង​៣​ពាន់​កន្លែង​។​

ការតាំងពិព័រណ៍ការងារ​ត្រូវ​បានរៀបចំ​នៅ​មជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង ៨ ព្រឹក-ម៉ោថង៥ ល្ងាច។

ពិព័រណ៍នេះ​រៀបចំ​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO)។

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ។រូបភាព៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែងថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស។

លោក​ថ្លែងដូច្នេះថា៖«ព្រឹត្តិការណ៍នេះបានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ»។

លោក តាន់ មុនីវណ្ណ តំណាងលោក សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ។រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្លែងក្នុង​កម្ម​វិធីតាំងពិព័រណ៍​ការងារ លោក តាន់ មុនីវណ្ណ តំណាងលោក សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញថា ពិព័រណ៌ការងារនេះបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារនិងឱកាសទទួលបានការងារកាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មាន​សារៈសំខាន់សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិតឲ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេសនិងក្នុងតំបន់។

លោកថ្លែងដូច្នេះថា៖«ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ថ្ងៃនេះ»។

និស្សិត​រាប់​រយនាក់ទៅស្វែង​រក​ឱកាសការងារ​នៅក្នុ​ងការតាំងពិព័រណ៍ការងារ​ឆ្នាំនេះ។រូបភាព៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ពិព័រណ៍ការងារ​ក្នុង​រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗ ២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣ពាន់​កន្លែង។

នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញនៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕