មីយដ្ឋានទន្លេបាទីជាកន្លែងប្រវត្ថិសាស្ត្រ។ រូបភាព៖ដក រពីរមណីយដ្ឋានទេសចរណ៍ ទន្លេបាទី

រដ្ឋាភិបាលបានសម្រេចរក្សាទុកផ្ទៃដីបឹងទន្លេបាទីត្រឹមតែ៩៧ហិកតាជាសម្បត្តិរបស់រដ្ឋ ប៉ុន្តែបានសម្រេចកាត់ដីផ្ទៃបឹងទន្លេនេះចំនួន២២២ហិកតា ប្រគល់ទៅឯកជនដែលមានឈ្មោះថា ស៊្រុន ប៊ុនលាភ ដែលបានស្នើសុំយកទៅអភិវឌ្ឍ។

នេះបើតាមអនុក្រឹត្យ ស្ដីពីការកំណត់និយាមកាផ្ទៃដីបឹងទន្លេបាទី ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ នូវផ្ទៃដីបឹងទន្លេ ដែលបានចុះហត្ថលេខាដោយសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទី២ មីនា ឆ្នាំ២០២២។

អនុក្រឹត្យដែលទើបចេញផ្សាយនេះ បានបញ្ជាក់ថា ផ្ទៃដីបឹងទន្លេបាទីនៅសល់ទាំង២២២ហិកតា ដែលរដ្ឋបានសម្រេចធ្វើអនុបយោគឱ្យទៅឯកជនធ្វើការអភិវឌ្ឍនោះ គឺទំហំជាង១១៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ និងទំហំ១០៦ហិកតាទៀត គឺស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការកំណត់និយមកាផ្ទៃបឹងទន្លេបាទី និងបានកាត់ដីផ្ទៃបឹងទន្លេបាទីឱ្យឯកជននេះ គឺតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី។ ការកាត់ដីបឹងទន្លេបាទីឱ្យឯកជននេះ កំពុងធ្វើឱ្យមានមហាជននិងអ្នកនយោបាយមួយចំនួនចាប់អារម្មណ៍ និងជំទាស់នឹងការសម្រេចបែបនេះ។

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកថា ទន្លេបាទីដែលជាតំបន់ប្រវត្តិសាស្រ្ដ ក៏ត្រូវបានស្នើឱ្យលុបដែរ ហើយជាការលុបដើម្បីផលប្រយោជន៍ឯកជន។ លោកស្នើឱ្យអភិរក្សនិងអភិវឌ្ឍទន្លេនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ដ ដែលអាចជួយផ្ដល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងសម្រាប់សុខមាលភាពប្រជាពលរដ្ឋនៅទីក្រុង។

ទន្លេបាទី ឬរមណីយដ្ឋានទន្លេបាទី គឺបានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងត្រូវបានគេចាត់ទុកថា ជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញមួយ ដែលពលរដ្ឋទៅកម្សាន្តទៅទីនោះ ក្រៅពីបានទៅលំហែកាយនៅមាត់ទឹក គឺថែមទាំងបានទៅទស្សនាប្រាសាទបុរាណដ៏ចំណាស់មួយ គឺប្រាសាទតាព្រហ្ម ដែលត្រូវបានសាងសង់ឡើងនៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ក្នុងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣៕