ទាហាន​អ៊ុយក្រែន​ចូលរួម​នៅ​ក្នុង​​ហាត់​សម​មួយ​នៅ​ក្នុង​តំបន់​ Odessa ប្រទេស​អ៊ុយក្រែន​​កាល​ពី​ថ្ងៃ​ទី២២​ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​រុស្ស៊ី​​កំពុង​បន្ត​ឈ្លាន​ពាន​អ៊ុយក្រែន។

មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ដើម្បី​បោះ​ឆ្នោត​សម្រេច​សំណើ​សមាជិកភាព​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​ប្លុក​នេះ​នោះ​ ​ កង​កម្លាំង​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីក្រុង Kharkiv​ ដែល​ជា​ទីក្រុង​ធំ​បង្អស់​ទី២​របស់​ប្រទេស​អ៊ុយក្រែន ​និង​តំបន់ ​Donbas ​នៅ​ភាគ​ខាង​កើត​របស់​ប្រទេស​នេះ។​

កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​២​ថ្ងៃ​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក។ លោកស្រី​ Olha Stefanishyna ​ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ទទួល​បន្ទុក​កិច្ចការ​សមាហរណ​កម្ម​ជា​មួយ​អឺរ៉ុប​ និង​អឺរ៉ុប​អាត្លង់ទិក​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AP ​ថា​ ការ​បោះឆ្នោត​អាច​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

កាល​ពី​សប្តាហ៍​មុន​ គណៈ​កម្មការ​អឺរ៉ុប​បាន​ផ្តល់​អនុសាសន៍​ជា​ផ្លូវការ​អំពី​បេក្ខភាព​របស់​ប្រទេស​អ៊ុយក្រែន​ និង​ប្រទេស​ម៉ុលដាវី​ ដែល​នៅ​ក្បែរ​ប្រទេស​អ៊ុយក្រែន ​ជា​សមាជិក​សហភាព​អឺរ៉ុប។​ កាល​ពី​ថ្ងៃ​ពុធ​ ​លោក​ស្រី ​Stefanishyna ​បាន​និយាយ​ថា​ លោក​ស្រី​មាន​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា​ ​ប្រទេស​អ៊ុយក្រែន​នឹង​ទទួល​បាន​ឋានៈ​បេក្ខភាព​របស់​សហភាព​អឺរ៉ុប។ ​

ឋានៈ​ជា​បេក្ខភាព​នេះ​គឺ​ជា​ជំហាន​ទី១​ដើម្បីចូល​រួម​ជា​មួយ​សហភាព​អឺរ៉ុប​ ដែល​មាន​សមាជិក​២៧​ប្រទេស។ ប្រទេស​អ៊ុយក្រែន​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច​ និង​នយោបាយ​មួយ​ចំនួន​ ដូច​ជា​បទដ្ឋាន​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ដើម។​ ​

លោក​ស្រី​ Stefanishyna បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP ​ថា ​លោក​ស្រី​គិត​ថា​ ​ប្រទេស​អ៊ុយក្រែន​នឹង​អាច​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។​ ដោយ​ឡែក​មន្ត្រី​អឺរ៉ុប​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ​វា​អាច​ប្រើ​ពេល​យូរ​រហូត​ដល់​ច្រើន​ទសវត្សរ៍។​
លោកស្រី​ Stefanishyna ​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP​ ថា៖ «យើង​បាន​ធ្វើ​សមាហរណកម្ម​ច្រើន​ហើយ​ជា​មួយ​សហភាព​អឺរ៉ុប។​ យើង​ចង់ក្លាយ​ជា​សមាជិក​ដែល​ខ្លំាង​ និង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ ដូច​នេះ​វា​អាច​ប្រើពេល​ពី​២​ឆ្នាំ​ទៅ​១០​ ឆ្នាំ»។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទកថា​វីដេអូ​ប្រចាំ​រាត្រី​ទៅ​កាន់​ប្រទេស​ជាតិ​ថា​ ​លោក​បាន​និយាយ​ជាមួយ​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​១១​ប្រទេស​រួច​ហើយកាល​ពី​ថ្ងៃ​ពុធ​ អំពី​បេក្ខភាព​របស់​ប្រទេស​អ៊ុយក្រែន​ ហើយ​លោក​នឹង​ហៅ​ទូរស័ព្ទ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ក្នុង​ពេល​កន្លង​ទៅ​ លោក ​Zelenskyy ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​ចូលរួម​ជា​មួយ​សហភាព​អឺរ៉ុប​ ដោយ​និយាយ​ថា​ ​លោក​ជឿ​ជាក់​ថា​ រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​នឹង​គាំទ្រ​ឋានៈ​បេក្ខភាព​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​សហភាព​អឺរ៉ុប។​

ទន្ទឹម​នឹង​នេះ​ដែរ​ អភិបាល​តំបន់​ Kharkiv ​លោក ​Oleh Synehubov ​និយាយ​ថា​ ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅ​លើ​តំបន់​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ Kharkiv​ និង​ទី​ក្រុង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នេះ​ កំពុង​បន្ត​មិន​ស្រាកស្រាន្ត៕​