ធនាគារ អេស៊ីលីដា ភីអិលស៊ី សហប្រតិបត្តិការជាមួយក្រុមហ៊ុន Western Union បានដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេសនៅទូទាំងសកលលោក។រូបភាព៖ ធនាគារអេស៊ីលីដា

ធនាគារ ​អេស៊ីលីដា ​ភីអិលស៊ី ​ដែល​ជាធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​នៅ​កម្ពុជា ​ នៅ​ថ្ងៃទី២៣ ​ខែមិថុនា​ ឆ្នាំ២០២២​បានប្រកាស​ពី​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុមហ៊ុន​ Western Union Network (Ireland) Ltd. ដែល​ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​លំដាប់​ពិភព​លោក ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស តាមរយៈ អេស៊ីលីដា​ម៉ូបាល ​ទៅ​កាន់​បណ្តាញ​ប្រតិបត្តិការ​ជាង​២០០​ប្រទេស​នៅ​ទូទាំង​សកល​លោក។

អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​ក្រៅ​ប្រទេស​បាន​គ្រប់​ពេល​វេលា។រូបភាព៖ ធនាគារ​អេស៊ីលីដា​

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​ក្រៅ​ប្រទេស​បាន​គ្រប់​ពេល​វេលា ដោយ​ពួក​គាត់​អាច​ធ្វើ​ការ​ផ្ទេរ និង​ទទួល​ប្រាក់​ពី​ប្រទេស​ផ្សេងៗ​ជាង ២០០ ប្រទេស​នៅ​ទូទាំង​សកល​លោក។

លោ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា និង​ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន ផ្តល់​នូវ​មធ្យោបាយ​យ៉ាង​ឆាប់​រហ័ស មាន​ភាព​ងាយ​ស្រួល ប្រកប​ដោយ​ទំនុក​ចិត្ត​ក្នុងការផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​តាម​រយៈអេស៊ីលីដា​ម៉ូបាល បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា។

លោក​ថ្លែងបន្តថា តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​នេះ អតិថិជន​អាច​ផ្ទេរប្រាក់​ឆ្លង​ប្រទេស ហើយ​អ្នក​ទទួល​ប្រាក់​អាច​ដក​សាច់ប្រាក់​នៅ​ទីតាំង​ដែល​បម្រើ​សេវា​ផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅ​ទូទាំង​សកល​លោក។ អតិថិជន​ដែល​ប្រើប្រាស់ អេស៊ីលីដា​ម៉ូបាល មាន​ជម្រើស​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់ រួមមាន​ការផ្ទេរ​ប្រាក់​ទៅ​ក្នុង​គណនី​ធនាគារ និង​គណនី​វ៉លឡេត​អេស៊ីលីដា”។

លោក​ថ្លែងដូច្នេះថា៖«កិច្ចសហ​ប្រតិបត្តិការ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ផ្សារ​ភា្ជប់​អតិថិជន​ទៅ​នឹង​ឱកាស ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ក្នុង​ការចាត់ចែង​សាច់ប្រាក់​របស់​ពួក​គាត់​តាម​មធ្យោបាយ​ដែល​អតិថិជន​មាន​តម្រូវការ​ប្រើប្រាស់​សាច់​ប្រាក់»។

លោក Jeffrey Navarro ប្រធានប្រចាំប្រទេស ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន ថ្លែងថា ស្ថាប័នរបស់លោក​រីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈអេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។

លោក​ថ្លែងដូច្នេះថា៖«ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ»។

អតិថិជន​ដែល​ប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល អាច​ទទួល​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ អេស៊ីលីដា ឬ​គណនី​វ៉លឡេត​របស់​ពួក​គេ ដោយ​គ្រាន់​តែ​បញ្ចូល​លេខ​សម្ងាត់​ផ្ទេរ​ប្រាក់ (Money Transfer Control Number “MTCN”) ទៅ​ក្នុង​អេស៊ីលីដា​ម៉ូបាល។ ម្យ៉ាង​វិញ​ទៀត អតិថិជន​ក៏​អាច​ទទួល​សាច់ប្រាក់​ដែល​ផ្ទេរ​ជូន​ពួក​គាត់​នៅ​ទីតាំង​ធនាគារ អេស៊ីលីដា ដែល​នៅ​ជិត​បំផុត៕