លោក សុខ ទូច ឈឺចាប់ពេលឃើញឡានដឹកដូឲីចាក់បឹងតាមោក។ រូបភាព៖ ហ្វេសប៊ុក សុខ ទូច

លោក សុខ ទូច បានរិះគន់ថា អ្នកមានសម័យថ្មី គឺដោយសារលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ មិនដូចដូនតាសម័យអង្គរ ជីកស្រះ ជីកបារាយណ៍ សម្រាប់រក្សាទឹក ទុកសម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់។

នៅព្រឹកថ្ងៃទី២៣មិថុនានេះ លោក សុខ ទូច ប្រធានរាជបណ្ឌិតកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន រិះគន់ខ្លាំងៗជុំវិញបញ្ហាលុបបឹងតាមោក និងបានចោទសួរថា  តើពេលណា ទើបអ្នកមានស្រុកខ្មែរចង់មានបាន ដោយសារការលុបបឹង។

ការបញ្ចេញអារម្មណ៍រិះគន់បែបនេះ ក្នុងអំឡុងពេលលោកកំពុងធ្វើដំណើរទៅធ្វើ និងបានប្រទះឃើញរថយន្តកំពុងចាក់ដីលុបបឹងតាមោក។

រថយន្តកំពុងដឹកដីចាក់បឹងតាមោក។ រូបភាព៖ ហ្វេសប៊ុក លោក សុខ ទូច

លោកសរសេរដូច្នេះថា៖«ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់។ ចុះហេតុអ្វី អ្នកមានសម័យថ្មីលុបបឹង ដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថា ធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ»។

លោកសរសេរបន្តថា តើអ្នកមិនមើលទេ រាល់ប្រាសាទរបស់ខ្មែរណា ដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយ ដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក។

ជុំវិញការលើកឡើងនេះ លោក សុខ ទូច បានប្រាប់សារព័ត៌មានខ្មែរណាស់ខ្លីតាមបណ្តាញតេឡេក្រាមថា លោកគ្មានវិធានការអ្វីដើម្បីទប់ស្កាត់ការលុបបឹងនេះទេ ហើយអ្វីដែលលោកបានលើកឡើងលើហ្វេសប៊ុក គ្រាន់តែជាការបង្ហាញពីឈឺចាប់តែប៉ុណ្ណោះ។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទំហំផ្ទៃសរុប ៣ ២៣៩,៧ ហិកតា ហើយបឹងនេះស្ថិតនៅភាគពាយព្យ នៃរាជធានីភ្នំពេញ លាតសន្ធឹងតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងផ្លូវ១៥១ រហូតដល់វត្តភ្នំរាប។ បឹងនេះគ្របដណ្តប់លើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន២៥។ នេះបើតាមរបាយការណ៍អង្គការសមាគមធាងត្នោត។

បឹងតាមោក ជាទីកន្លែងផ្តល់ជម្រកត្រី និងមុខរបរដល់ប្រជាពលរដ្ឋ។ រូបភាព៖ ហ្វេសប៊ុក លោក សុខ ទូច

របាយការណ៍បន្តថា នៅជុំវិញបឹងតាមោក មានប្រជាជនប្រមាណ៣០០គ្រួសារ និងមនុស្សប្រហែល១ពាន់នាក់កំពុងរស់នៅ ដោយគ្រួសារនីមួយៗប្រកបមុខរបរចិញ្ចឹមជីវិត ដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងលក់ដូរបន្តិចបន្តួចនៅផ្ទះ។ បឹងនេះផ្តល់អត្ថប្រយោជន៍ដល់គ្រួសារ ដែលរស់នៅជុំវិញ និងផ្តល់ជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែបដល់ត្រី និងសត្វស្លាបផងដែរ។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង ២ពាន់ហិកតាហើយ ត្រូវបានរដ្ឋាភិបាលកាត់ ឬដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនមួយចំនួន ដែលគេដឹងថាជាអ្នកមានលុយ និងមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VOD៕