សកម្មភាព​ភ្ញៀវទេសចរ​លេងទឹក​សមុទ្រ​នៅឆ្នេរអូឈើទាល​ ក្នុង​ខេត្ត​ព្រះសីហនុ។រូបភាព៖​ ធូ វិរៈ​

ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​នៃធនាគារ​ពិភព​លោក នៅ​ថ្ងៃទី ២២ មិថុនា បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ២០លានដុល្លារ​សម្រាប់ជូយ​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​ក្នុងការ​លុបបំបាត់ការ​បំពុល​ដោយ​កាកសំណល់ប្លាស្ទិក​ក្នុង​ដែន​សមុទ្រ​ក្នុង​តំបន់​របស់ខ្លួន​តាម​រយៈ​កម្ម​វិធី​SEA-MaP។នេះបើ​តាម​សេចក្តីប្រកាសព័ត៌មាន​បាន​ផ្សាយនៅថ្ងៃ​ព្រហស្បត្តិ៍​នេះ។

សេចក្តីប្រកាសព័ត៌មាន បន្តថា អាស៊ីអាគ្នេយ៍​បាន​ក្លាយ​ជាចំណុច​ក្តៅមួយ​នៃ​ការ​បំពុល​ដោយ​កាកសំណល់ប្លាស្ទិក​ដោយសារតែ​មាន​ការរីកលូត​លាស់​របស់ទីក្រុង​ និង​ការកើនឡើង​នៃចំនួន​មនុស្សវណ្ណៈ​កណ្តាល​យ៉ាង​ឆាប់​រហ័ស​។​

បញ្ជា​បំពុល​ដោយ​ប្លាស្ទិក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខាត​បង់ច្រើន​ ក្នុង​នោះគ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៥ សកម្ម​ភាព​សេដ្ឋកិច្ច​ពាក់ព័ន្ធ​ដែន​សមុទ្រ​នៃបណ្តាប្រទេសអាស៊ាន​រងកាខូច​ខាត​គិជាតម្លៃទឹក​ប្រាក់​ប្រហែល​២,១ប៊ីលាន​ដុល្លារ​។ លើសពីនេះ វដ្តជីវិត​ទាំងមូល​របស់ប្លាស្ទិក​ រាប់ទាំង​សកម្មភាព​ផលិត​និង​ដឹកជញ្ជូន​របស់វា​បានបំភាយ​ឧស្ម័ន​កាបូនិក​រាប់​ប៊ីលាន​តោន​ទៅក្នុង​ស្រទាប់បរិយាកាស។​

តាម​រយៈ​កញ្ចប់ថវិកា​នេះ ធនាគារពិភព​លោក នឹង​ហសការជាមួយ​អគ្គលេខា​ធិការដ្ឋាន​អាស៊ាន​ និង​ដៃគូ​នានានៅ​ក្នុងកម្រិតតំបន់​ ព្រមទាំង​នៅតាម​ប្រទេស​ក្នុងការងារពង្រឹង​គោលនយោបាយ​ និងក្របខណ្ឌ​បទ​បញ្ញត្តិ​ដែលគ្រប់គ្រង​សកម្មភាព​ផលិត​ និងការប្រើប្រាស់​វត្ថុ​ប្លាស្ទិក​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍​។​

គម្រោង​នេះ​ មានគោលដៅ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ បង្កើនសកម្មភាព​កែច្នៃ​ឡើង​វិញ​ និង​ទប់ស្កាត់​ការបំពុល​ក្នុងដី​និង​ក្នុងដែនសមុទ្រ​ តាម​រយៈ​សកម្មភាព​ទុក​ដាក់​សំរាម​ប្លាស្ទិក​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

គម្រោង​នេះក៏​នឹ​ងជួយ​ដល់បណ្តាសកម្មភាព​សេដ្ឋកិច្ច​ពាក់ព័ន្ធ​ឆ្នេរ​និង​ដែន​សមុទ្រ​ ដែល​រង​ផល​ប៉ះ​ពាល់​អាក្រក់​ខ្លាំង​ពីសំរាម​ក្នុងផ្ទៃ​សមុទ្រ​ ពិសេស​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា ផ្នែក​នេសាទ​ ទេសចរណ៍​ និង​នាវា​ដឹកជញ្ជូន​ទំនិញ​។

លោកស្រី ម៉ានអែឡា ហ្វេរ៉ូ(Manuela V. Ferro) អនុប្រធាន​ធនាគារ​ពិភព​លោកប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ថ្លែងថា ការកាត់​បន្ថយ​ការបំពុលដោយ​ប្លាស្ទិកនៅតាម​ដង​ទន្លេ​ និងមហា​សមុទ្រ​របស់ពិភពលោក​ ចំាបាច់​ត្រូវ​ធ្វើ​សកម្មភាព​នៅកម្រិត​ប្រទេស​ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមជាមួយនឹង​ការសម្របសម្រួលគ្នា​ឲ្យ​បាន​ល្អ​។

លោកស្រី​ថ្លែងដូចច្នេះថា៖«​យើង​រីករាយ​ក្នុងការជួយ​រដ្ឋ​សមាជិក​អាស៊ាន​ក្នុងកិច្ច​សហការគ្នា​ ដើម្បី​កាត់​បន្ថយ​ការបំពុល​ដោយប្លាស្ទិក​ទៅក្នុង​ដែន​ទឹក​ទន្លេ​ និងសមុទ្រ​ ក៏ដូចជា ក្នុងការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​ដែល​កាក​សំណល់ប្លាស្ទិក​អាច​បង្ក​ដល់សេដ្ឋកិច្ច​ បរិស្ថាន​ អាកាស​ធាតុ​ និង​សុខភាព​របស់ប្រជាជន​»។

​បណ្តាប្រទេស​សមាជិក​អាស៊ាន​មាន​ទន្លេ​ និងដែនសមុទ្រ​ច្រើន​ប្រើប្រាស់​រួមគ្នា​ ព្រមទាំង​បណ្តាញទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្ម​ ផលិតផល និងសំណល់ប្លាស្ទិក ដូច្នេះ ច្បាស់ណាស់​គេចំាបាច់​ត្រូវ​តែ​ធ្វើ​ចំណាត់ការ​នៅថ្នាក់ជាតិ​ ណិង​ថ្នាក់​តំបន់​តាម​រយៈ​ការ​សម្របសម្រួល​សកម្មភាពគ្នា​។

លោក Dato Lim Jock Hoi អគ្គ​លេខា​ធិការ​នៃសមគមអាស៊ាន ថ្លែងថា គម្រោង​ថ្នាក់តំបន់​មួយ​នេះ​ ជាសក្ខីកម្មបង្ហាញ​អំពីការ​តាំង​ចិត្ត​ និងការប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​សមាជិក​អាស៊ាន​ ក្នុងការ​ស្វែង​រក​ដោយ​ប្រតិសកម្ម​នូវដំណោះ​ស្រាយ​ចំពោះ​បញ្ហាឆ្លង​ដែន​មួយ​នេះ ដើម្បី​កែ​លម្អ​ឲ្យប្រសើរឡើងវិញ​នូវសុខភាព​របស់ផ្ទៃ​ដែន​សមុទ្ររបស់​យើង​ ដែលជាទីពឹង​អាស្រ័យ​របស់ប្រជាជន​ជាច្រើន​នៅក្នុងតំបន់អាស៊ាន​។

លោកមានប្រសាសន៍៖«ដែន​សមុទ្រ​និងឆ្នេរ​សមុទ្រ​របស់​យើងមានសារៈ​សំខាន់ខ្លាំង​ណាស់​សម្រាប់​ជីវិត​និង​របរ​ចិញ្ចឹម​ជីវិត​របស់​យើង​ ក៏ប៉ុន្តែ​វាកំពុង​តែរងសម្ពាធយ៉ាង​ខ្លាំង​ ជាពិសេស​ពី​សំណាក់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិក​ ដែល​អាច​នាំ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ និងជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ឧស្សាហកម្ម​ទេសចរណ៍​ និងនេសាទ​ ដែល​មានសារៈសំខាន់​មែនទែន​សម្រាប់សេដ្ឋកិច្ច​ក្នុងតំបន់​»។

កម្មវីធីនេះនឹង​ប្រមែប្រមូល​ប្រទេស​និង​ស្ថាប័ន​សំខាន់​ៗ​នៅ​ក្នុង​តំបន់មក​ធ្វើការ​នៅ​ជុំវិញ​ផលប្រយោជន៍​រួម​មួយ​ ក្នុងការ​ឈាន​ទៅ​លុប​បំបាត់​ការ​បំពុល​ដោយ​កាកសំណល់​ប្លាស្ទិក​សម្រាប់ប្រើប្រាស់​ឡើងវិញ​ ហើយ​នឹង​បង្កើត​វេទិកា​នានាក្នុងតំបន់​សម្រាប់​លើក​កម្ពស់​នវាវត្ត​ន៍​ ចំណេះ​ដឹង​ និង​ភាព​ជា​ដៃ​គូ​ក្នុង​ការ​កែ​ច្នៃ​សំណល់​ប្លាស្ទិក​ឡើង​វិញ​៕​