
ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាពអង្ករក្រអូប«SKO» និងអង្ករដំណើប«DMSK» ដើម្បីជំរុញការនាំចេញអង្ករកក្រអូបនិងដំណើបទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់ម៉ាកសមូហភាពទាំងនេះចាប់ពីពេលនេះតទៅ។រូបភាព៖ ធូ វិរៈ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យប្រើប្រាស់ម៉ាកសមូហភាពអង្ករក្រអូប«SKO»និងអង្ករដំណើប«DMSK»ជាផ្លូវការនៅថ្ងៃទី២៣ មិថុនានេះ។នេះគឺបង្ហាញពីភាពរីកចម្រើនមួយផ្នែកទៀតលើវិស័យស្រូវអង្ករកម្ពុជាចាប់ពីការរៀបចំគ្រាប់ពូជរហូតដល់ទីផ្សារ។
លោក សូរស័ក្តិ ថ្លែងទៀតថា ពូជស្រូវសែនក្រអូបកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការនាំចេញ ហើយពូជស្រូវសែនក្រអូបនេះគឺជាជម្រើសមួយថ្មីសម្រាប់កសិករននិងអ្នកនាំចេញក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀត។
លោករដ្ឋមន្រ្តីថ្លែងទៀតថា៖«នៅថ្ងៃនេះ ខ្ញុំសូមប្រកាសដាក់ឲ្យប្រើប្រាស់ម៉ាកសមូហភាពទាំងនេះចាប់ពីពេលនេះតទៅ និងសូមប្រកាសបើកវេទិកាស្តីអំពីការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ និងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច»។

ការចុះឈ្មោះ និងការបង្កើតម៉ាកសមូហភាពសម្រាប់«SKO»និង«DSMK» ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតអត្តសញ្ញាណអង្ករក្រអូប និងអង្ករដំណើបកម្ពុជាដើម្បីប្រកួតប្រជែងជាមួយអង្ករក្រអូបស្រដៀងគ្នានៃប្រទេសផលិតអង្ករក្រអូបផ្សេងៗទៀត។

លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញក្តីសង្ឃឹមជឿជាក់ថា តាមរយៈម៉ាកសមូហភាពថ្មីនឹងជួយជំរុញការនាំចេញឲ្យកាន់តែច្រើនថែមទៀត។ រូបភាព៖ ធូ វិរៈ
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងកម្មវិធីសម្ពោធថា ដោយមើលឃើញពីភាពចំបាច់ និងសក្តានុពលនៃការអភិវឌ្ឍន៍ពូជស្រូវសែនក្រអូប០១ និងអង្ករដំណើប ស្របពេលនិន្នការនៃតម្រូវការប្រភេទអង្ករក្រអូបធម្មតា និងអង្ករដំណើបកំពុងមានទីផ្សារល្អទើបសហព័ន្ធស្រូវអង្ករកម្ពុជាបានខិតខំស្វះស្វែងរកនូវប្រភពធនធានក្នងការអភិវឌ្ឍន៍នូវម៉ាកសញ្ញាពាណិជ្ជកម្មមួយពិតប្រាកដដែលអាចប្រើប្រាស់ជារួមសម្រាប់ប្រយោជន៍ទាំងអស់គ្នានៅកម្ពុជា។
លោក ហ៊ុន ឡាក់ ថ្លែងទៀតថា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC) គាំទ្រហិរញ្ញវត្ថុលើការផ្សព្វផ្សាយម៉ាក«ម្លិះអង្គរ» និងការចុះបញ្ជីម៉ាកសមូហភាពថ្មីសម្រាប់អង្ករក្រអូបពូជស្រូវសែនក្រអូប«SKO»និងអង្ករដំណើប«DMSK»នៃពូជស្រូវដំណើបស្បៃមង្គល។
លោកថ្លែងថា៖«ការរៀបចំឲ្យមានម៉ាកសមូហភាពនៅពេលនេះគឺជារឿងដែលចាំបាច់បំផុតសម្រាប់ការកសាងទំនុកចិត្តដល់អតិថិជន និងការកសាងភាពច្បាស់លាស់មួយសម្រាប់ប្រជាកសិករ ព្រោះបច្ចុប្បន្ន កសិករមួយចំនួនប្រឈមលើផលលំបាកនៃការលក់ស្រូវរបស់ខ្លួននៅពេលប្រមូលផលដោយសារការដាំដុះមិនមានប្រភពព័ត៌មាននៃតម្រូវការទីផ្សារច្បាស់លាស់ ហើយអ្នកនាំចេញក៏មិនមានព័ត៌មានឲ្យបានជាក់លាក់ពីកសិករផងដែរ»។

លោកបន្ថែមថា ការបង្កើតម៉ាកសមូហភាពនេះនឹងបង្កើនការលក់អង្ករក្រអូបពូជស្រូវសែនក្រអូប និងអង្ករដំណើបពូជស្រូវដំណើបស្បៃមង្គលនៅលើទីផ្សារអន្តរជាតិ និងដើម្បីនាំយកម៉ាកអង្ករក្រអូបប្រណិត អង្ករក្រអូបកម្ពុជា និងអង្ករដំណើបទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែកើនឡើងថែមទៀត។ ពិសេស បង្កើនតម្លៃអង្ករក្រអូប និងអង្ករដំណើប ជូនកសិករកម្ពុជា។
លោកថ្លែងដូច្នេះថា៖«ការរៀបចំម៉ាកអង្ករនេះនឹងផ្តល់នូវផលឲ្យយើងក្នុងរយៈពេលធ្យម និងវែង ដែលតម្រូវឲ្យយើងធ្វើការឲ្យកាន់តែច្រើនជាងមុន និងជួយកាត់បន្ថយនូវគម្លាតព័ត៌មាននៃតម្រូវការទីផ្សារ និងការផលិតរវាងអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ»។
បច្ចុប្បន្ន ពូជស្រូវ សែនក្រអូប០១ កំពុងរីកសាយភាយនៅកម្ពជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ពិសេសមានតម្លៃល្អ និងមានតម្រូវការខ្ពស់នៅលើទីផ្សារជាតិនិងអន្តរជាតិ។

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ថ្លែងថាពូជស្រូវក្រអូប០១ជាប្រភេសពូជស្រូវស្រាល មិនប្រកាន់រដូវដែលអាចឲ្យកសិករដាំដុះគ្រប់រដូវកាល មានរយៈពេលត្រឹមតែ១១៥ ទៅ១២០ថ្ងៃ ប៉ុណ្ណោះ។រូបភាព៖ ធូ វិរៈ
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការរៀបចំម៉ាកសមូហភាពទាំងពីរនេះ គឺជាបច្ច័យមួយថ្មីទៀតសម្រាប់ជួយលើកកម្ពស់អង្ករកម្ពុជានៅក្នុងទីផ្សារប្រកួតប្រជែងអន្តរជាតិ និងជាវេទិកាសម្រាប់ពិភាក្សាលើការប្រឈម និងការស្វែងរកដំណោះស្រាយសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។
លោកថ្លែងដូច្នេះថា៖«តាមរយៈកម្មវិធីនៃការអភិវឌ្ឍន៍នូវម៉ាកសមូហភាពនេះ ខ្ញុំសង្ឃឹមជឿជាក់ថាវានឹងអាវជួយឲ្យមានភាពកាន់តែច្បាស់លាស់សម្រាប់ទីផ្សារអង្ករនៅកម្ពុជា យើងមានម៉ាកសម្រាប់អង្ករពូជប្រណិតផ្ការំដួល ផ្ការមៀត ផ្ការំដេង ដែលមានម៉ាក«ម្លិះអង្គរ» សម្រាប់អង្ករក្រអូបធម្មតា ឬអង្ករក្រអូបស្រូវប្រាំងសែនក្រអូប «SKO»និងអង្ករដំណើប«DMSK» ដែលកត្តាមួយសម្រាប់ជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្រាប់អ្នកនាំចេញ ពិសេសយកទៅផ្សព្វផ្សាយ និងទាក់ទាញអ្នកទិញនៅលើទីផ្សារអន្តរជាតិ»។
បើតាមលោក ហ៊ុន ឡាក់ គិតត្រឹមសប្តាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិជាង៣១ម៉ឺនតោន មានតម្លៃជាប្រាក់១៩១លានដុល្លារ កើនឡើង២១,៧៣% ធើបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ អង្ករក្រអូបប្រណិតជាង៤១,៦២% អង្ករសែនក្រអូប ២២,៤២% អង្ករស ៣៣,១២% អង្ករចំហ៊ុយ១,៤២% និងអង្ករសរីរាង្គ១,៤២%។
លោកថ្លែងថា៖«យើងសង្ឃឹមជឿជាក់តាមរយៈម៉ាកសមូហភាពថ្មីនឹងជួយជំរុញការនាំចេញឲ្យកាន់តែច្រើនថែមទៀត»។
តាមការពន្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករក្នុងឆ្នាំ២០២២ នឹងសម្រេចបានក្នុងរង្វង់៧០ទៅ៧៥ម៉ឺនតោនដែលមានកំណើនជាង១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022