ស្រូវខេត្តត្បូងឃ្មុំកំពុងរងផលប៉ះពាល់ពីខ្មុលដី និងខ្យងមាស។ រូបភាព៖រូបភាព៖ ហ្វេសប៊ុក BAN RATTHANAK និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញវិធានការកម្ចាត់សត្វខ្មុលដី និងខ្យងមាស ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យស្រូវ ជាច្រើនហិកតាបានជន់លិច ហើយមានពពួកសត្វខ្មុលដី និងខ្យងមាសបំផ្លាញ។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២២ មិ្សលមិញ។

សេចក្តីណែនាំបានលើកឡើងថា រដូវវស្សាឆ្នាំ២០២២ ចាប់ផ្តើមតាំងពីខែមេសា ហើយមានទឹកភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកសិករចាប់ផ្តើមធ្វើស្រូវតាំងពីដើមខែមេសាមក ប៉ុន្តែឥទ្ធិពលនៃជ្រលងសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សេចក្តីណែនាំបន្តថា ភ្លៀងជាប់គ្នានេះ បណ្តាលឱ្យទឹកដក់ជាប់ក្នុងស្រែ រួមផ្សំខ្វះប្រព័ន្ធរំដោះទឹក នៅភូមិសាស្ត្រខ្លះ ទឹកហូរធ្លាក់ពីផ្នែកខាងលើមកជន់នៅផ្នែកខាងក្រោម បណ្តាលឱ្យស្រូវរដូវវស្សារបស់ប្រជាកសិករ ដែលទើបតែធ្វើការដាំដុះដំណាក់កាលស្រូវដុះពន្លក (ស្រូវពង្គ្រោះ) ទទួលរងជន់លិចរលួយខូចខាតអស់ជាច្រើនហិកតា។

សេចក្តីណែនាំសរសេរដូច្នេះថា៖«ព្រមជាមួយគ្នានេះ ភូមិសាស្ត្រដីស្រែមួយចំនួន ដែលមិនលិចទឹក ដំណាំស្រូវត្រូវទទួលរងការបំផ្លាញពីពពួកសត្វខ្មុលដីរលើងឬស ដោយឡែកចំពោះដំណាំស្រូវនៅតំបន់ស្រែដែលមានទឹកដក់ច្រើន ឬស្រែជម្រៅវិញ ត្រូវបានខ្យងមាសស៊ីបំផ្លាញ»។

ចំពោះមុខស្ថានភាពនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃ និងផ្តល់ការណែនាំវិធានការបច្ចេកទេសដល់ប្រជាកសិករ ក្នុងទិសដៅទប់ស្កាត់កម្ចាត់ និងដាំដុះដំណាំស្រូវអន្តរាគមន៍ស្តារឡើងវិញ បានមួយជំហានរួចមកហើយ។

សេចក្តីណែនាំបន្ថែមថា ដើម្បីឱ្យមានការចូលរួមកាន់តែផុសផុលក្នុងការទប់ស្កាត់ កម្ចាត់ និងស្ដារស្រូវឡើងវិញចំពោះដីស្រែដែលខូចខាត រដ្ឋបាលខេត្តបានណែនាំវិធានការបច្ចេកទេសមួយចំនួនដូចជា ចំពោះសត្វខ្នុលដី កសិករត្រូវរៀបចំដីស្រែឱ្យបានរាបស្មើ សម្អាតស្មៅឱ្យបានស្អាត និងរៀបចំភ្លឺស្រែឱ្យបានមាំល្អ ព្រមទាំងរក្សាទឹកឱ្យមានក្នុងស្រែជាប្រចាំ ប្រើអន្ទាក់ភ្លើងចាប់សត្វខ្នុលដីនៅពេលយប់ និងត្រូវអនុវត្តវិធានទាំងនេះ ជាប្រចាំ និងជាសហគមន៍។

ចំណែកសត្វខ្យងមាស កសិករត្រូវរៀបចំបង្គោលតម្រុយឈើក្នុងស្រែ ដើម្បីឱ្យខ្យងពងដាក់ រួចបេះពងខ្យងតាមបង្គោលតម្រុយ ឬតាមដើមស្រូវ ឬតាមដើមរុក្ខជាតិផ្សេងៗទៀតដោយដៃ រួចទម្លាក់ចូលទៅក្នុងទឹក ឬដាក់លើទីទួល វាយបំផ្លាញចោល និងលែងសត្វទាទៅក្នុងស្រែឱ្យស៊ីខ្យងតែម្ដង។

រីឯការស្តារដំណាំស្រូវដែលរងការខូចខាត កសិករត្រូវរៀបចំដីស្រែឱ្យបានរាបស្មើ សម្អាតស្មៅឱ្យបានស្អាតល្អ និងរៀបចំភ្លឺស្រែឱ្យបានរឹងមាំ ដើម្បីរក្សាទឹកទុកក្នុងស្រែឱ្យបានគ្រប់គ្រាន់ នៅពេលទឹកស្រកទៅវិញ។ 

ចំពោះការអនុវត្ត ស្ទូង ត្រូវរៀបចំថ្នាលសំណាបឯកជន ឬថ្នាលសំណាបរួម ដើម្បីត្រៀមស្ទូងនៅពេលទឹកស្រក និងការអនុវត្ត ព្រោះត្រូវបណ្តុះគ្រាប់ពូជស្រូវជាមុន ឱ្យបែកមាត់ចាបមុនយកទៅសាបព្រោះក្នុងស្រែដើម្បីឱ្យស្រូវឆាប់ចាប់ឫស និងមានកម្លាំងលូតលាស់ល្អ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី៨  ខែមិថុនា  ឆ្នាំ២០២២  ល្បឿនការងារបង្ក បង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណជិត ៨សែនហិកតា  ស្មើនឹង  ២៩,១១%  នៃ ផែនការ  ២ ៦១៩ ៥០០ ហិកតា  គឺ តិចជាង ឆ្នាំ២០២១  ប្រមាណ៦៥០  ០០០ ហិកតា  ដែលប្រការ នេះ អាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ  ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខ ស្បៀង  និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ  និងការនាំចេញ អង្ករ ផងដែរ៕