ក្រុមហ៊ុន សូជី ដំឡើងថាមពលសូឡាបូមទឺកកម្លាំង ២៨០គីឡូវ៉ាត់ ជាមួយនឹងជើងរេតាមពន្លឺថ្ងៃស្វ័យប្រវត្តិការពីខែមេសា ឆ្នាំ២០២២។រូបភាព៖ហ្វេសហ៊ុន SOGE Cambodia

ក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd (SOGE) ដែលជា​ក្រុមហ៊ុន​ផលិតនិង​អ្នកនាំចូល​បន្ទះសូឡាចែកចាយ​ទីផ្សារ​កម្ពុជា សម្គាល់ថា ការ​ប្រើប្រាស់ប្រព័ន្ធសូឡា​លើ​វិស័យ​កសិកម្មកំពុង​ដើរតួនាទីយ៉ាង​សំខាន់ក្នុងការ​បង្កើន​ប្រសិទ្ធភាពថាមពល និង​លើក​កម្ពស់ជីវភាព​ប្រជាកសិករ​។​

កញ្ញា ជិន អុល​  អ្នកគ្រប់គ្រង់​គម្រោង​នៃក្រុមហ៊ុន សូជី (ឆ្វេង)។រូបភាព​៖​ហ្វេសប៊ុក SOGE Cambodia

កញ្ញា ជិន អុល​  អ្នកគ្រប់គ្រង់គម្រោងនៃ​​ក្រុមហ៊ុន សូជី (SOGE)​ប្រាប់ខ្មែរណាស់នៅ​ថ្ងៃពុធថា​ ការប្រើប្រាស់ប្រព័ន្ធ​សូឡា​នៅក្នុងវិស័យ​កសិកម្ម​កំពុង​រួ​ម​ចំណែកយ៉ាងខ្លាំង​ដើម្បី​​កម្ពស់ជីវភាព​ប្រជាកសិករ​កាន់​តែប្រសើរ​ឡើង​តាម​រយៈការទទួល​បាន​ប្រសិទ្ធភាព​ថាមពល​ ហើយ ការ​​ប្រព័ន្ធសូឡា​ក្នុង​វិស័យ​កសិកម្ម​កំពុង​មានការរីកចម្រើន​គួរ​កត់សម្គាល់ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​។​ ពិសេស កសិដ្ឋាន​ចិញ្ចឹមមាន់ និង​ជ្រូក ព្រមទាំង​ចម្ការ​ដាំដំណាំ​ហូបផ្លែ និង​ដំណាំស្រូវ​ ជាដើម​។​

កញ្ញាប្រាប់ខ្មែរណាស់​នៅថ្ងៃពុធថា៖«ការប្រើប្រាស់​ប្រព័ន្ធ​សូឡាទាក់ទងនឹង​វិស័យ​កសិកម្ម​គឺពិតជា​មានសក្តានុពល​ខ្លាំង​ណាស់នាពេល​បច្ចុប្បន្ន​នេះ​។ សម្រាប់និន្នាការ​នៃការប្រើប្រាស់​ប្រព័ន្ធ​សូឡា​នៅក្នុង​វិស័យ​កសិកម្ម​ យើង​មើល​ឃើញថា​មាន​ទំនោរ​អភិវឌ្ឍច្រើន​ ដោយសារ​ផ្ទៃដីកសិកម្មភាគច្រើន​​មិន​ទាន់មាន​បណ្តាញ​អគ្គិសនីទៅដល់ អីចឹង ​ការ​ផ្សារភ្ជាប់ទៅ​នឹង​បច្ចេក​ទេស​ថាមពល​កកើតឡើង​វិញពិតជា​​មានតម្រូការ​ច្រើននៅក្នុង​វិស័យ​កសិកម្ម​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយ»​។​

កញ្ញា បាន​ឲ្យដឹងទៀតថា ការ​តម្លើង​ប្រព័ន្ធ​សូឡា​ពិតជា​បាន​ជួយ​សម្រលបន្ទុក​យ៉ាងច្រើន​ម្ចាស់​ចម្ការ​និងអ្នកចិញ្ចឹម​សត្វ​ ព្រោះ​វាមាន​សត្ថិភាព​ និងស្ថិរភាព​ថាមពល​សម្រាប់ប្រើប្រាស់​ដល់ប្រជាកសិករ​។​

កញ្ញាលើកឡើងថា៖«ប្រសិនបើ​កសិដ្ឋាន​មួយ​នៅតំបន់​ដាច់ស្រយ៉ាល​ដែល​យើង​អត់មាន​ភ្លើងទៅ​ដល់​គឺគាត់​ត្រូវ​ការប្រើប្រាស់ម៉ាស៊ីន​ភ្លើង​ដែល​នឹងត្រូវ​ចំណាយ​ទៅ​ប្រេង​ម៉ាស៊ូត​ដើម្បី​បញ្ឆេះ​ទាំងយប់ទាំងថ្ងៃ ​ អីចឹង​ការចំណាយ​របស់គាត់​ខ្ពស់​មែនតែន​ បើយើង​ប្រៀបធៀម​នឹងការប្រើប្រាស់​ថាមពល​សូឡា​។ បើទោះជា ការ​​វិនិយោគ​ទៅលើ​ប្រព័ន្ធ​សូឡាវានឹង​ចំណាយដើម​​ទុន​ច្រើន​ក្នុង​ដំណាក់កាលដំបូង​ ប៉ុន្តែ​៣ទៅ៤​​ឆ្នាំក្រោយ​ការ​ចំណាយ​ទៅលើថាមពល​របស់ពួកគាត់នឹង​លែង​មាន​ហើយ»។

ដោយសារ​វិបត្តិកូវីដ១៩ ក្នុង​ឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន​បាន​រាំងស្ទះ​ទីផ្សារ​យ៉ាងខ្លាំង ប៉ុន្តែ​សន្ទុះ​តម្រូវការទីផ្សារ​ប្រព័ន្ធ​ថាមពល​សូឡា​បានហក់ឡើង​វិញ​ចាប់ពី​ឆ្នាំ២០២១-២០២២។​

កញ្ញាថ្លែងដូច្នេះថា៖«សន្ទុះ​លើ​តម្រូវ​ការ​ប្រព័ន្ធ​សូឡាលើ​វិស័យ​កសិកម្មមានការ​កើនឡើង​ខ្ពស់​ ពិសេស​អាជីវកម្ម​ខ្នាតតូច​ដែល​គាត់នៅ​ដាច់ស្រយ៉ាល់​ដែល​មានប្រព័ន្ធ​ភ្លើងប្រើប្រាស់​មិនគ្រប់គ្រាន់ ឬ​​ដាច់ភ្លើង​ជា​ញឹកញាប់ គាត់​បានប្រើប្រាស់​សូឡា​ច្រើនពីក្រុមហ៊ុន​យើង​​»។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន សូជី ​បាន​ផ្គត់ផ្គង់ប្រព័ន្ធ​សូឡាសរុប​​ប្រហែល ​៣០ ​កន្លែង​ រួមមាន កសិដ្ឋាន​ចិញ្ចឹមមាន់ ជ្រូក និង​ចម្ការដាំដំណាំ​ហូប​ផ្លែនិង​ស្រូវ​បាំង​ ជាដើម​​។ រូបភាព៖ ហ្វេសប៊ុក SOGE Cambodia

កញ្ញាថា ជាក់ស្តែង ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០២២នេះ ក្រុមហ៊ុន សូជី ​បាន​ផ្គត់ផ្គង់ប្រព័ន្ធ​សូឡាសរុប​​ប្រហែល ​៣០ ​កន្លែង​ រួមមាន កសិដ្ឋាន​ចិញ្ចឹមមាន់ ជ្រូក និង​ចម្ការដាំដំណាំ​ហូប​ផ្លែនិង​ស្រូវ​បាំង​ ជាដើម​​។ ក្រុមហ៊ុន​បាន​​តម្លើង​ថាមពល​ពលសូឡាសម្រាប់ស្ថានីយ៍​បូមទឹក​ ​ស្រែប្រាំង​មាន​ចំនួន ៣ ដែល​មាន​ផ្ទៃដី​សរុប​ប្រហែល ៣០០​ហិកតា និង​ជាង២០០គ្រួសារ​។

កញ្ញ អះអាងថា ការប្រើប្រាស់​ថាមពលសូឡា​បាន​ជួយ​កាត់​បន្ថយការចំណាយ​យ៉ាងច្រើន និង​ជួយ​ឲ្យ​ម្ចាស់​កសិដ្ឋាន​និង​ចម្ការ​មានការរីកច្រើន​ បើធៀបនឹង​អ្នកប្រើប្រាស់​ម៉ាស៊ីនភ្លើង​ដើម្បី​បាន​ថាមពល​ប្រើប្រាស​ ខណៈ​តម្លៃ​ប្រេងឥន្ទនៈឡើង​ថ្លៃឥតឈប់ឈរ​។​

ក្រុមហ៊ុន សូជី ដំឡើង​ថាមពលសូឡាបូមទឺក​ជាមួយនឹង​ជើង​រេ​តាម​ពន្លឺ​ថ្ងៃ​ស្វ័យ​ប្រវត្តិ​។ ហ្វេសប៊ុក SOGE Cambodia

កញ្ញា មានប្រសាសន៍ថា៖«ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង​​ចំ​ពោះ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅក្នុង​ខេត្តកំពង់ស្ពឺ​គឺគាត់​បានចំនាយ​ប្រាក់ចន្លោះពី១ពាន់ដុល្លារ ទៅ១៥០០ដុល្លារ​ក្នុង​១ខែ​ទៅលើ​ថាមពល​អគ្គិសនីសម្រាប់កសិដ្ឋានចិញ្ចឹម​ជ្រូក។ ប៉ុន្តែ​ក្រោយពេលគាត់តភ្ជាប់ថាមពលសូឡា​រួចមកគឺការចំណាយ​របស់គាត់បានកាត់បន្ថយបាន​ពាក់កណ្តាល​»។

កញ្ញាបន្តទៀតថា៖«ឥឡូវនេះគាត់ចាប់ផ្តើមពង្រីក​ទ្រុកជ្រូក២ទៅ៣ថែម​ទៀត។ នេះមានន័យថាដោយសារគាត់ជឿទុកចិត្តថាគាត់មានភ្លើង​ប្រើប្រាស់គ្រប់គ្រាន់​ ទើបគាត់ហ៊ានពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៀត​ បន្ទាប់ពីប្រើប្រាស់​ប្រព័ន្ធសូឡា​បាន​ត្រឹម​រយៈ​ពេល​១ឆ្នាំប៉ុណ្ណោះ​​»។​

ក្រុមហ៊ុន សូជី គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារផ្នែក​ខ្លះ​សម្រាប់ប្រព័ន្ធ​សូឡា និងជាអ្នក​​នាំចូលបន្ទះ​សូឡា និង​ម៉ូទ័រ​បូមទឹក​ ដើម្បី​ចែកចាយ​នៅលើទីផ្សារកម្ពុជា​។​ ក្រុមហ៊ុន​ក៏មានផ្តល់សេវាកម្មជួសជុលថែទាំប្រព័ន្ធសូឡា​ ហើយក្រុមហ៊ុន​មានការ​សិក្សារ​ស្រាវជ្រាវ​ពីបច្ចេក​ទេស​ថ្មី​ៗនៅក្នុង​ស្រុក​សម្រាប់​យកមក​​អនុវត្តទៅលើ​ផ្នែក​កសិកម្ម​តភ្ជាប់ទៅនឹង​ថាមពល​​សូឡា​៕