នៅក្នុងរូបឯកសារថតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយក្រសួងការពារជាតិតៃវ៉ាន់ក្នុងអំឡុងពេលសមយុទ្ធយោធាមួយ យន្តហោះចម្បាំង Mirage ផលិតនីបារាំងបានហោះចេញពីមូលដ្ឋានអាកាសនៅជិតតំបន់ Pingtung ភាគខាងត្បូងតៃវ៉ាន់។

តៃប៉ិ — តៃវ៉ាន់​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ដេញ​យន្តហោះ​ចិន​នៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​របស់​ខ្លួន ។ ​យន្តហោះ​ចិន​ទាំង​នោះ​រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ហោះ​ទៅ​ភាគខាង​ត្បូង​កោះ ​នេះ​និង​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ក្នុង​ភាព​តានតឹង​ចុង​ក្រោយ​បង្អស់ ​និង​ជា​ការ​ហោះចូល​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​ចុង​ខែ​ឧសភា។​ នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Reuters។​

តៃវ៉ាន់ ​ដែល​ចិន​អះអាង​ថា​ ជា​ទឹកដី​របស់​ខ្លួន​នោះ​ បាន​ត្អូញត្អែរ​ក្នុង​ពេល​ប្រហែល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ​អំពី​បេសក​កម្ម​ម្តង​ហើយ​ម្តងទៀត​របស់​កង​កម្លាំង​អាកាស​ចិន​នៅ​ជិត​ដែន​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​នេះ។ ​ ជាញឹកញាប់​បេសក​កម្ម​នេះ​កើត​ឡើង​នៅ​ភាគ​និរតី​នៃ​តំបន់​កំណត់​អត្ត​សញ្ញាណ​ការពារ​ដែន​អាកាស​របស់​តៃវា៉ន់​ ឬ ​ADIZ ​ជិត​ ប្រជុំ​កោះ Pratas ​របស់​តៃវ៉ាន់។​

តៃវ៉ាន់​ហៅ​សកម្មភាព​យោធា​ដដែលៗ​របស់​ចិន​ថា​ ជា​សង្គ្រាម​តំបន់​ប្រផេះ ​ដែល​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​កងកម្លាំង​របស់​តៃវ៉ាន់​នឿយណាយ ​ ដោយ​ការ​ខិតខំ​ស្ទុះស្ទា​ម្តង​ហើយ​ម្តង​ទៀត ​ហើយ​នេះ​ក៏​ដើម្បី​សាកល្បង​ការ​ឆ្លើយ​តប​របស់​កងទ័ព​តៃវ៉ាន់​ផង​ដែរ។​

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ​បេសក​កម្ម​ចុង​ក្រោយ​របស់​ចិន​រួមមាន​យន្តហោះ​ចម្បាំង ​១៧​ គ្រឿង​ និង​យន្ត​ហោះ​ H-6 ​ទម្លាក់​គ្រាប់បែក​ចំនួន​៦​គ្រឿង ​ ព្រម​ទាំង​យុទ្ធសាស្ត្រ​សង្គ្រាម​អេឡិចត្រូនិក​ ការព្រមាន​ជាមុន​ នាវា​ប្រឆាំង​នាវា​មុជទឹក​ និង​យន្តហោះ​ចាក់សាំង​លើ​អាកាស។ ​យោង​តាម​ផែនទី​ដែល​ក្រសួង​នេះ​បាន​ផ្តល់​ឱ្យ​ ​យន្តហោះ​មួយ​ចំនួន​បាន​ហោះ​ចូល​ទៅ​តំបន់​មួយ​នៅ​ភាគ​ឦសាន​ ប្រជុំ​កោះ ​Pratas។​

ទោះបីជា​យ៉ាង​ណាក៏​ដោយ ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ អមដោយ​យុទ្ធសាស្ត្រ​សង្គ្រាម​អេឡិចត្រូនិក​ និង​យន្តហោះ​ស៊ើប​ការណ៍ ​នោះ​ បាន​ហោះ​ចូល​ទៅ​ក្នុង​ច្រក​សមុទ្រ ​Bashi ​ដែល​បែងចែក​តៃវ៉ាន់​និង​ហ្វីលីពីន ​ហើយ​ហោះ​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​តាម​ផ្លូវ​ដែល​យន្តហោះ​ទាំងនោះ​ហោះ​ចេញ​មក។​

ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ព្រមាន​យន្តហោះ​ចិន​ ខណៈ​ប្រព័ន្ធ​មីស៊ីល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​តាម​មើល។​ នេះ​ជា​ការ​ជ្រៀត​ចូល​ដ៏​ធំ​បំផុត​ចាប់​តាំងពី​តៃវ៉ាន់​បាន​រាយ​ការណ៍​អំពី​យន្តហោះ​ចិន​ចំនួន ​៣០​ គ្រឿង​ចូល​តំបន់​អត្ត​សញ្ញាណ​ការពារ​ដែន​អាកាស​របស់​ខ្លួន​កាលពី​ថ្ងៃទី ​៣០​ ខែ​ឧសភា។​ ការ​ជ្រៀត​ចូល​ទ្រង់ទ្រាយ​ធំ​បំផុត​រហូតមក​ដល់​បច្ចុប្បន្ន​នៅ​ឆ្នាំ​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ២៣​ ខែ​មករា ​ដែល​មាន​យន្តហោះ​ចិន​ចំនួន​ ៣៩​ គ្រឿង។​

ប្រទេស​ចិន​មិន​ទាន់​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ​ ​ប៉ុន្តែ​កាល​ពី​មុន​ចិន​ធ្លាប់​បាន​និយាយ​ថា​ ទង្វើ​បែប​នេះ​គឺ​ជា​សមយុទ្ធ​ក្នុង​គោល​បំណង​ការពារ​អធិប​តេយ្យភាព​របស់​ប្រទេស​ចិន។​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​តាម​អ៊ីមែល​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គួរ​តែ​«បញ្ឈប់​សម្ពាធ​យោធា ​ ការទូត ​និង​សេដ្ឋកិច្ច​ និង​បញ្ឈប់​ការ​បំភិត​បំភ័យ​ប្រឆាំង​តៃវ៉ាន់»៕