រូបឯកសារ៖ អ្នកស្រី Choe Son Hui ចូលរួមពិធីស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

ខណៈ​ប្រទេស​កូរ៉េខាង​ជើង​កំពុង​រៀបចំ​ ដូច​អ្វី​ដែល​រូប​ភាព​ពី​ផ្កាយ​រណប​បាន​បង្ហាញ​គឺ​ការ​ត្រៀម​សាក​ល្បង​អាវុធ​នុយក្លែអ៊ែរនោះ​ ​ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏​កំពុង​ត្រៀម​ខ្លួនសម្រាប់​ស្ថាន​ការណ៍​ក្រោយ​ការ​សាក​ល្បង​នោះ​ផង​ដែរ​ ដើម្បី​ទប់​ទល់​ការ​ថ្កោល​ទោស​ជា​សាកល​ ​និង​ការពារ​នយោបាយ​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង​ដាក់​សម្ពាធ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​សម្បទាន​មួយ​ចំនួន​ដល់​ខ្លួន។​

កូរ៉េខាង​ជើង​បាន​ត្រៀម​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ខណៈ​រូប​ភាព​ពី​ផ្កាយ​រណប​បាន​បង្ហាញ​ពី​សកម្មភាព​នៅ​ទី​តាំង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ Punggye-ri ដែល​បិទ​កាល​ពី​ឆ្នាំ​២០១៨។​ សកម្មភាព​នៅ​ទីតាំង​សាក​អាវុធ​នុយក្លេអ៊ែរ​នោះ​ត្រូវ​បានថត​ជាប់​ដោយផ្កាយ​រណប​ ហើយត្រូវ​បាន​វិភាគ​ដោយ​មជ្ឈ​មណ្ឌល ​James Martin ​សម្រាប់ការ​សិក្សា​ការ​ទប់ស្កាត់ការសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ដែល​មានមូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា ​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែ​មីនា។​

ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​បែប​នេះ​នឹង​រង​ការ​ថ្កោល​ទោស​ជា​ខ្លាំង​ពី​អន្តរជាតិ​ ហើយ​ការ​តែង​តាំង​លោក​ស្រី​ Choe Son Hui​ អ្នក​ការទូត​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃទី​១១​ ខែ​មិថុនា​នោះ ​គឺ​ជា​ការត្រៀម​ខាង​យុទ្ធសាស្ត្រ​មួយ នៅ​ក្រោយ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្កោល​ទោស​ពី​សំណាក់​អន្តរជាតិ។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​មួយ​ចំនួន។ ​

លោកស្រី​ Choe ​មាន​បទ​ពិសោធន៍​ជា​ច្រើន​ ក្នុង​ការ​ទាក់​ទង​ជា​មួយ​សហ​រដ្ឋ​អាមេរិក។​ លោក​ស្រី​ធ្លាប់ធ្វើ​ជា​អ្នក​បកប្រែ​ភាសាឱ្យ​គណៈ​ប្រតិភូ​កូរ៉េខាង​ជើង​ នៅ​ក្នុង​ជំនួប​ចរចា​ចតុភាគី​ស្តីពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ​១៩៩៧ ​និង​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​៦​ភាគី​ នៅ​ដើម​ទសវត្សរ៍​២០០០​ផង​ដែរ។ លោក​ស្រី​ Choe​ ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​អាមេរិក​ខាង​ជើង​ នៅ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង។​ លោក​ស្រី​ក៏​ធ្លាប់​បាន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង​ពីរ​លើក​ ជា​មួយ​សហ​រដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩​ និង​ធ្លាប់​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​ មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ថ្មី​នេះ។​

ម្យ៉ាង​ទៀត ​ សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un ​បាន​បើក​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ខ្លួន។​ កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​យោធា​មជ្ឈិម​នេះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ហើយ​នឹង​ពិនិត្យ​ឡើងវិ​ញ​នូវ​កិច្ចការ​ការពារ​ជាតិ​ រហូត​មក​ដល់​ពេល​នេះ​ ក្នុង​ឆ្នាំ​នេះ។ កិច្ចប្រជុំ​នេះបាន​បញ្ជាក់​ពី​ភារកិច្ច​បន្ទាន់​ និង​សំខាន់ៗ​ដើម្បី​ពង្រីក​សមត្ថភាព​យោធា​ និង​អនុវត្ត​គោល​នយោបាយ​ការពារ​ជាតិ​ផង​ដែរ។

កិច្ច​ប្រជុំ​នេះ​បាន​កើត​មាន​ឡើង​ ខណៈ​កូរ៉េ​ខាងជើង​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​បាញ់​សាកល្បង​មីស៊ីល​បាល្លីស្ទិក​ជា​ច្រើន​ដង​ ដែលរួម​មាន​ការ​បាញ់​សាកល្បង​ផង​ដែរ​នូវ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ជាលើក​ទីមួយក្នុង​រយៈ​ពេល​ជិត​៥​ឆ្នាំ​កន្លង​ទៅ​នេះ៕​