អ្នកចិញ្ចឹមរុយធ្លាក់ចំណូកឲលដោយសារមានអ្នកចិញ្ចឹមច្រើន។ រូបភាព៖ផ្តល់ឱ្យដោយលោក សែន​ សុខសំណង

ក្រោយបញ្ចប់ការសិក្សាផ្នែកចិញ្ចឹមរុយ នៅប្រទេសម៉ាឡេស៊ី លោក សៅ សែនសំណាង បានវិលត្រឡប់មកស្រុកកំណើតវិញ ដោយបើកកសិដ្ឋានចិញ្ចឹមរុយ ដើម្បីផលិតចំណីសម្រាប់ផ្គត់ផ្គង់ទៅឱ្យកសិករចិញ្ចឹមសត្វ។

លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF Farm នៅកៀនស្វាយក្រៅ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី២២ ខែមិថុនា នេះថា មូលហេតុដែលកសិដ្ឋានរបស់លោក ផ្តោតលើការចិញ្ចឹមរុយ តាំងពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ ដោយសារទីផ្សារចំណីសត្វដែលផលិតនៅរោងចក្រ បានឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់ ដែលវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់កសិករចិញ្ចឹមត្រី មាន់ និងទា គឺត្រូវចំណាយដើមទុនកាន់តែច្រើន ហើយពុំអាចចំណេញឡើយ។

លោកថ្លែងដូច្នេះថា៖«យើងចិញ្ចឹមអាហ្នឹង(រុយ) ដំបូងយើងចិញ្ចឹមចង្រិតផង ប៉ុន្តែការលូតលាស់វាយឺត ដល់ពេលយើងចិញ្ចឹមរុយទៅ វាមានប្រូតេអ៊ីនខ្ពស់ ហើយការលូតលាស់វាលឿន លឿនជាងចង្រិត ជន្លេន ហើយការមើលថែ គឺស្រួលមើលថែ»។

លោកបន្តថា ការចិញ្ចឹមរុយប្រើរយៈពេល៤៥ថ្ងៃប៉ុណ្ណោះ វានឹងក្លាយទៅជាដង្កូវ ដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់យកទៅធ្វើជាចំណី ឱ្យត្រី មាន់ ទា និងសត្វផ្សេងៗទៀតស៊ីបាន។

រុយចិញ្ចឹមរយៈពេល៤៥ថ្ងៃ វានឹងក្លាយទៅជាដង្កូវ។ រូបភាព៖ផ្តល់ឱ្យដោយលោក សុខ សំណាង

លោកបានរៀបរាប់ពីដំណើរការចិញ្ចឹមរុយដូច្នេះថា៖«ការចិញ្ចឹម ត្រូវចាប់ផ្តើមទិញពូជ(ពងរុយ)ពីគេទៅ។ ដំបូងអាចប្រើតង់ក៏បាន ធុងក៏បាន ដែលគាត់មាន គាត់ប្រើរបៀបហ្នឹងក៏បាន។ ប៉ុន្តែបើធ្វើជាលក្ខណៈធំ អាចរៀបអាងស៊ីម៉ង់ ដែលមានកម្ពស់២០ ទៅ៣០សង់ទីម៉្រែត ហើយបណ្តោយទទឹងអាស្រ័យលើយើង»។

លោកបន្ថែមថា នៅពេលដែលកសិករមានពងរុយ គឺកសិករត្រូវត្រៀមចំណីកូនមាន់លាយជាមួយទឹក ហើយយកចំណី ដែលលាយរួចដាក់នៅលើកូនចាន បន្ទាប់មកយកពងរុយដាក់នៅលើចាននោះ។ កាលពីមុន កសិដ្ឋាននេះ ប្រមូលកាកសំណល់បន្លែពីភ្នំពេញ នៅផ្សារនាគមាស និងផ្សារដើមគរ ដើម្បីធ្វើជាចំណីឱ្យរុយ ដោយក្នុងមួយថ្ងៃប្រមូលបាន១តោនកន្លះ ទៅ២តោន ប៉ុន្តែសព្វថ្ងៃបានកាត់បន្ថយមកនៅត្រឹម២០០ទៅ៣០០គីឡូក្រាមប៉ុណ្ណោះក្នុង១ថ្ងៃ។

លោកថ្លែងទៀតថា៖«នៅពេលដែលរុយហ្នឹង វាញាស់អស់ធំធាត់ហើយ ត្រូវបំបែកវាយកទៅដាក់ក្នុងអាងចំណី ដោយរៀបចំមានដាក់បន្លែផ្លែឈើ កាកសំណល់ផ្ទះបាយ កាកសណ្តែកសៀង កាកស្រាបៀរ។ បន្ទាប់ពីបំបែករយៈពេល១៥ថ្ងៃគឺ យើងអាចប្រមូលផលបានហើយ»។

រូបភាព៖ ផ្តល់ឱ្យដោយលោក សុខ សំណាង

លោកបញ្ជាក់ថា ពងរុយ ១ខាំ អាចផ្តល់ផលជាដង្កូវសាច់ចន្លោះពី១០០ទៅ៣០០គីឡូក្រាម តាមបច្ចេកទេសដែលកសិករចិញ្ចឹម។ កសិដ្ឋានចិញ្ចឹមរុយ BSF Farm មានសមត្ថភាពផលិតរុយក្នុង១ថ្ងៃពីកន្លះគីឡូទៅ១គីឡូក្រាម និងក្រៅពីការផ្គត់ផ្គង់រុយ និងដង្កូវសាច់ លោក សែនសំណាង ក៏បានជួយបណ្ដុះបណ្ដាលកសិករជាង៥០០នាក់រួចមកហើយ អំពីបច្ចេកទេសចិញ្ចឹមរុយនេះ។

លោកលើកឡើងថា កាលពីមុន កសិដ្ឋានរបស់លោក អាចរកចំណូលបានពី៤ពាន់ទៅ៥ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្ន គឺការរកប្រាក់ចំណូល បានធ្លាក់មកត្រឹម៥០០ដុល្លារទៅ១ពាន់ដុល្លារប៉ុណ្ណោះ ដោយសារតែមានកសិករផ្សេងទៀត បានចាប់ផ្ដើមប្រកបមុខរបរនេះកាន់តែច្រើន។

ការប្រឡូកក្នុងវិស័យចិញ្ចឹមរុយនេះ លោក សែនសំណាង ក៏ជួបបញ្ហាមួយចំនួនផងដែរ ដោយសារទីផ្សារពងរុយនៅមានកម្រិតទាប ហើយការវិនិយោគនៅលើវិស័យពងរុយនេះមិនមានជាលក្ខណៈធំដុំ។

រូបភាព៖ ផ្តល់ឱ្យដោយលោកសុខសំណាង

លោកថ្លែងដូច្នេះថា៖«យើងអាចផលិតវាបាន ក៏ប៉ុន្តែយើងមិនទាន់មានឈ្មួញក្នុងការទទួលទិញលក្ខណៈធំដុំ ដើម្បីឱ្យជីវភាពកសិករដែលចេះផលិតមានភាពល្អប្រសើរ។ ដូចខ្ញុំប្រាប់អ៊ីចឹង កសិករមករៀនច្រើន ប៉ុន្តែការបោះបង់ច្រើនដែរ ដោយសារស្រួលចិញ្ចឹម ប្រមូលផលលឿន ដែលធ្វើឱ្យការចិញ្ចឹមរបស់គាត់លើសតម្រូវការ។ដូច្នេះ! ប្រសិនជាមានរោងចក្រ មានឈ្មួញដែលគាត់ទទួលទិញ ធ្វើឱ្យកសិករបង្កើនការចិញ្ចឹមបន្ត»៕