រូបភាព៖កោះសន្តិភាព

ខេត្តប៉ៃលិន៖ ដើម្បីបង្កើនប្រាក់ចំណូលចំពោះជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានជួលគ្រឿងចក្រអេស្កាវ៉ាទ័រ ជីកកកាយដី​របស់ខ្លួន ធ្វើជាស្រះចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងត្រីក្រហម ជាដើម បន្ថែមពីលើមុខរបរធ្វើចំការ។

បុរសម្នាក់ ឈ្មោះ អ៊ឹម ប៊ុនធឿន អាយុ ៥៩ឆ្នាំ បានឱ្យភ្នាក់ងារយើងដឹងថា ​លោកបានបែរទៅចិញ្ចឹមត្រីអណ្តែង ត្រីក្រហម និងត្រីប្រា ជាលើកដំបូង ខណ:ដែលទិញកូនត្រីអណ្តែ​ងពីឈ្មួញរស់នៅក្នុងក្រុងប៉ៃលិន ចំនួនជាង ១៥គីឡូក្រាម អស់រយ:ពេលជាង ២ខែមកហើយ។ ចំណែកកូនត្រីប្រា និងត្រីក្រហម ទិញកូនគេ ក្នុង ១ក្បាល តម្លៃ ២០០រៀល។

លោកបន្តទៀតថា ការប្រើចំណីឱ្យត្រីស៊ី គឺ​យកពោះវៀនមាន់ ក្បាលត្រី ពោះត្រី និងកាកដូង មកកិនលាយបញ្ចូលគ្នា រួចបាចឱ្យត្រីស៊ី ដែលធ្វើឱ្យត្រីទាំងនោះ ធំលឿន ឆាប់បានលក់។

រូបភាព៖ កោះសន្តិភាព

លោក អ៊ឹម ប៊ុនធឿន បន្ថែមថា រហូតមកដល់ពេលនេះ ត្រីអណ្តែង ដែលចិញ្ចឹម មុនគេ គឺធំអាចល្មមចាប់លក់។ ដូច្នេះ គាត់នឹងបូមស្រះឆាប់ៗ ដើម្បីចាប់លក់ឱ្យឈ្មួញ ទិញយកទៅខេត្តបាត់ដំបង ក្នុង ១គីឡូក្រាម តម្លៃ ៦០០០រៀល ទៅ ៨០០០រៀល។ ចំណែកត្រីប្រា និងត្រីក្រហម ទើបតែចិញ្ចឹម មិនទាន់អាចធំល្មមចាប់លក់នោះទេ។

លោក អ៊ឹម ប៊ុនធឿន បន្តថា ការចិញ្ចឹមត្រីនេះ គឺមិនមានការលំបាកនោះឡើយ គ្រាន់តែទិញចំណីនៅទីផ្សារបាចចូលក្នុងទឹកស្រះ ហើយបូកផ្សំជាមួយនឹងចំណីធម្មជាតិ ដែលខ្លួនផ្សំដោយខ្លួនឯង គឺអាចឱ្យត្រីទាំងអស់នោះ ធំលឿន ឆាប់ចាប់លក់ឱ្យម៉ូយ។

រូបភាព៖កោះសន្តិភាព

លោកបញ្ជាក់ថា ការចិញ្ចឹមត្រីជាលក្ខណ:គ្រួសារនេះ គឺរៀនពីអ្នកដែលគេធ្លាប់ចិញ្ចឹម រៀនពីមិត្តភក្តិ ព្រមទាំងស្រាវជ្រាវតាមប្រព័ន្ធហ្វេសប៊ុក ហើយក៏ចាប់ផ្តើមទិញកូនត្រីគេ យកទៅដាក់ចិញ្ចឹមក្នុងស្រះ ក្បែរផ្ទះ ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លើសពីនេះ នៅពេលយប់ គាត់ក៏បើកភ្លើងអគ្គិស​នីបំភ្លឺពីលើផ្ទៃស្រះ ដើម្បីឱ្យសត្វល្អិតហើរចូលទៅក្នុងស្រះ អាចឱ្យត្រីនាំគ្នាចាប់ស៊ីជាចំណីបន្ទាប់បន្សំផង​ដែរ៕