
ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករ បានចាប់ផ្តើមជួលកម្មករ ឱ្យយកត្រាក់ទ័រ ទៅភ្ជួរដីសាជាថ្មីឡើងវិញ បន្ទាប់ពីប្រមូលផលដំណាំពោតក្រហម លក់ដូររួចរាល់។ ដីចំការនេះ នឹងត្រូវដាំពោតក្រហមឡើងវិញ។
បុរសកសិករ ឈ្មោះ ជា បានរៀរាប់ឱ្យភ្នាក់ងារយើងដឹងថា គាត់បានដាំដំណាំពោតក្រហម ចំនួន ១,៥ហិកតា នៅលើដីចំការរបស់ខ្លួន អស់រយ:ពេលជាង ២ខែមកហើយ ស្ថិតនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
គាត់បន្តទៀតថា ទីផ្សារផ្លែពោតក្រហម នៅពេលនេះ ឈ្មួញទិញក្នុង ១គីឡូក្រាម តម្លៃជាង ៧០០រៀល ពោលគឺមិនមានការធ្លាក់ថ្លៃនោះទេ។ លុះក្រោយពីប្រមូលផលរួច គាត់ចាប់ផ្តើមភ្ជួរដី ដើម្បីបង្កបង្កើនផល តែមិនបានដាំដំណាំអ្វីផ្សេងទៀតនោះទេ គឺនឹងដាំតែដំណាំពោតក្រហមសាថ្មីឡើងវិញដដែល ដោយសារតែដំណាំមួយនេះ ឆាប់ទទួលបានផលផ្លែលក់ឱ្យឈ្មួញ ងាយស្រួលទទួលបានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រីឯដំណាំ ដំឡូងមីវិញ ចាប់ពីដាំ រហូតដល់រយ:ពេល ១ឆ្នាំ ទើបអាចប្រមូលផលលក់ឱ្យឈ្មួញបាន។

គាត់បញ្ជាក់ទៀតថា នៅឆ្នាំ២០២២នេះ គាត់ដាំពោតរួច ស្រាប់តែមេឃភ្លៀងធ្លាក់គ្រប់គ្រាន់ ដូច្នេះដំណាំពោតក្រហមរបស់គាត់ ទទួលបានផលផ្លែល្អ មិនមានការខូចខាតអ្វីនោះទេ ខណ:ចំការប្រជាពលរដ្ឋមួយចំនួន ដែលមិនសូវត្រូវទឹកភ្លៀង គឺមានការខូចខាតអស់ច្រើន ដោយសារសត្វដង្កូវស៊ីផង និងងាប់ដើមមួយចំនួនដែរ។
គាត់បញ្ជាក់ទៀតថា បើសិនជាតម្លៃទីផ្សារនៅថេរដដែល ការបង្កបង្កើនផលដំណាំពោតក្រហម ពិតជាអាចឱ្យគាត់ទទួលបានថវិកា យកទៅសងបំណុលគេគ្រប់គ្រាន់ មិនបារម្ភខាតចុង ខាតដើមនោះទេ ហើយបើសិនជាធ្លាក់តម្លៃវិញ នោះកាច់កិនទូទាត់លាត់សើយជាមួយនឹងថ្នាំសម្លាប់សត្វល្អិត ជី ថ្នាំប៉ូវដើម គឺពិតជាមិនរួចខ្លួននោះឡើយ៕
- ក្រៅពីរបរធ្វើចម្ការ កសិករម្នាក់ចិញ្ចឹមត្រីបន្ថែម សម្រាប់បង្កើនចំណូលជីវភាព - នៅថ្ងៃទី 22/06/2022
- ពោតក្រហមនៅប៉ៃលិន មិនធ្លាក់ថ្លៃ ហើយឆាប់ប្រមូលផល ជាងដំឡូងមី - នៅថ្ងៃទី 22/06/2022
- ធ្វើស្រែទំនើបដល់ប្រើត្រូនបាញ់ថ្នាំ តែកសិករកាន់តែខាតដើម និងលែងចង់ធ្វើស្រែ - នៅថ្ងៃទី 10/06/2022