​ចម្ការដំឡូង​មី​របស់​កសិករ​ម្នាក់​ដាំដុះ​នៅ​តំបន់ទំរីង​ស្ថិត​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​ធំ​។រូបភាព​៖​ផ្តល់​ដោយ​ កសិករ​

ទីភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) បាន​ផ្តល់ទឹក​ប្រាក់ ​២៥លាន​ដុល្លារ​ដល់​ក្រុម​ហ៊ុន ​Abt ​Associates ​ជា​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់ ​និង​ស្រាវ​ជ្រាវ​សកល ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង​ផ្នែក​កសិកម្ម ​ឱកាស​ការងារ​ និង​លទ្ធភាព​ទទួល​បាន​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេស​នេះ​។​

តាម​រយៈ​កិច្ច​សន្យា​ថ្មី​មាន​រយៈ​ពេល​៥​ឆ្នាំរបស់ ​USAIDនេះ ​ក្រុមហ៊ុន​ Abt​ នឹង​ចាប់​ដៃ​គូ​ជាមួយ​វិស័យ​ឯកជន​កម្ពុជា ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​កសិកម្ម ​និង​ស្បៀង​អាហារ​។

កសិកម្មផ្តល់ការងារដល់ប្រជាជនកម្ពុជាចំនួន ៣៥ ភាគរយ ដូច្នេះ វិស័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ទោះបីយ៉ាងណា ផលិតភាពកសិកម្មមានកម្រិតទាបជាងប្រទេសជិតខាង ហើយ ប្រជាជនកម្ពុជាជាច្រើនបានកាត់បន្ថយការប្រើប្រាស់ស្បៀងរបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាត។

ក្រុមហ៊ុន Abt នឹងធ្វើការជាមួយវិស័យឯកជនក្រោមឆ័ត្ររបស់​ទីភ្នាក់ងារ ​USAID គឺ​ស្ថាប័ន​ Cambodia’s Feed the Future Agriculture Partnership Hub ដែល​ជា​ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម និង​ Ag Hub ត្រូវ​បាន​បង្កើតឡើង​នៃ​គំនិតផ្តួចផ្តើមរបស់ USAID ពីមុន រួមទាំង គម្រោង Harvest II ដឹក​នាំ​ដោយ​ក្រុមហ៊ុន Abt ។​

Ag Hub ជាក្រុមហ៊ុនឧស្សាហកម្ម​ផ្តល់នូវឧបករណ៍កសិកម្ម​ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

គម្រោង Harvest II ​រក​ប្រាក់ចំណូល​បាន​ ​២៨លានដុល្លារក្នុងការវិនិយោគសាកវប្បកម្ម និងបានជួយក្រុមហ៊ុនចុះបញ្ជីផលិតផលអាហារថ្មីចំនួន១៤០​។

តាម​រយៈ​កិច្ចសន្យាថ្មីនេះ Ag Hub នឹងធ្វើការជាមួយក្រុមហ៊ុន និងសហករណ៍កសិកម្មជាច្រើន យ៉ាង​ទូលំទូលាយ​ ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់ស្ត្រី និងយុវជន ពិសេស ក្នុងវិស័យកសិកម្មឆ្លាតវៃនៃ​ការ​បម្រែបម្រួល​អាកាសធាតុ។

លោកស្រី Mariandrea Chamorro អនុប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន Abt សម្រាប់ អឺរ៉ុប អាស៊ី អាមេរិកឡាទីន និងការាបៀន បាន​ឲ្យដឹងថា តាម​បទពិសោធន៍របស់យើងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលជំងឺរាតត្បាតបានបង្ហាញពី​ប្រជាជនកម្ពុជាមានភាព​ច្នៃប្រឌិត និងឆ្លើយតបទៅនឹងឱកាសទីផ្សារដែលកំពុងរីកចម្រើន។

លោក​ស្រី​ថ្លែងដូច្នេះថា៖«យើងទន្ទឹងរង់ចាំការសហការយ៉ាងស៊ីជម្រៅរបស់យើងជាមួយវិស័យឯកជនក្រោមមជ្ឈមណ្ឌលភាពជាដៃគូកសិកម្ម ដើម្បីឱ្យប្រជាជនកម្ពុជា និងប្រព័ន្ធទីផ្សារកម្ពុជាកាន់តែមានភាពប្រកួតប្រជែង ភាព​ធន់ និងបរិយាប័ន្ន។នេះគួរតែនាំទៅរកកំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានយ៉ាងទូលំទូលាយ និងលើកកម្ពស់ជីវភាពរស់នៅ រួមទាំងសម្រាប់ស្ត្រី និងយុវជនផងដែរ»។

Abt Associates គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងស្រាវជ្រាវសកលដែលរួមបញ្ចូលគ្នានូវទិន្នន័យ និងការគិតយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើនគុណភាពជីវិតរបស់មនុស្ស។

Abt នឹង​ចាប់ដៃគូជាមួយអតិថិជន និងសហគមន៍ ដើម្បីជំរុញសមធម៌ និងការច្នៃប្រឌិត ចាប់ពីការបង្កើតដំណោះស្រាយឌីជីថលដែលអាចធ្វើមាត្រដ្ឋានបាន និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកម្មវិធីវាយតម្លៃសម្រាប់ផលប៉ះពាល់សង្គមដែលអាចវាស់វែងបាន និងច្រើនទៀត៕