ពូជស្រូវសែនក្រអូប០១​ឬក៏«SKO»។រូបភាព៖ សហព័ន្ធស្រូវអង្ករ​កម្ពុជា​

សហព័ន្ធស្រូវ​អង្ករកម្ពុជាប្រកាស​សម្ពោធម៉ាក​សមូហភាព​អង្ករ​ក្រអូប«SKO»របស់​ពូជ​ស្រូវ​សែន​ក្រអូប​០១ និង​ម៉ាកសមូហភាព​​«DSMK»សម្រាប់​អង្ករ​ដំណើប​ពូជ​ស្រូវ​ដំណើប​ស្បៃ​មង្គល ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ​ សូហ្វីតែល​ ភ្នំពេញ​ ភូគីត្រា​។​

ព្រឹត្តិការណ៍នេះ ក៏នឹង​រៀបចំ​​វេទិកា​ពិភាក្សា​«​ការ​ពង្រឹង​ខ្សែ​សង្វាក់​តម្លៃ​អង្ករ​ និង​លើក​កម្ពស់​ជីវភាព​កសិករ​ខ្នាត​តូច ផងដែរ។

សហព័ន្ធស្រូវ​អង្ករកម្ពុជា បាន​ឲ្យដឹងថា ការ​ចុះឈ្មោះ និង​ការបង្កើត​ម៉ាកសមូហភាព​សម្រាប់​«SKO»និង​«DSMK» ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើត​អត្តសញ្ញាណ​អង្ករ​ក្រអូប​ និង​អង្ករដំណើប​កម្ពុជា​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​អង្ករក្រអូប​ស្រដៀងគ្នា​នៃ​ប្រទេស​ផលិតអង្ករ​ក្រអូប​ផ្សេងៗទៀត​។

ព្រមទាំង បង្កើន​ការលក់​អង្ករក្រអូប​ពូជ​ស្រូវ​សែនក្រអូប​និង​អង្ករដំណើប​ពូជ​ស្រូវ​ដំណើប​ស្បៃ​មង្គល​នៅ​លើទីផ្សា​រ​អន្តរជាតិ​ និង​ដើម្បី​នាំយក​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​ អង្ករក្រអូប​កម្ពុជា​ និង​អង្ករដំណើប​ទៅ​កាន់​ទីផ្សារអន្តរជាតិ​ឲ្យ​កាន់​តែ​កើន​ឡើង​ថែម​ទៀត។​​ពិសេស​ បង្កើន​តម្លៃអង្ករក្រអូប​ និង​អង្ករដំណើប​ ជូន​កសិករកម្ពុជា​។

បច្ចុប្បន្ន «ម្លិះអង្ករ» គឺជា​ម៉ាកសញ្ញា​ដែល​បញ្ជាក់ពីប្រភេទ​អង្ករក្រអូប​ប្រណិត​របស់​កម្ពុជាបាន​ចុះ​បញ្ជី​ជាមួយក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អង្គការ​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក​(WIPO) និ​ង​ប្រទេស​​ផ្សេងទៀត​នៅពិភពលោក​៕