
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា(CLA) នៅថ្ងៃទី២១ មិថុនា បានដឹកនាំសមាជិករបស់ខ្លួនប្រមាណ៣០ក្រុមហ៊ុនទៅបំពេញទស្សនកិច្ចសិក្សាផ្ទាល់ទៅកាន់ប្រទេសឡាវ ដើម្បីសិក្សាពីសក្តានុពលផ្លូវដែកឡាវ-ចិនដែលត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០២១។
សមាគមភ័ស្តុភារកម្មកម្ពុជាមានសមាជិកជាង១០០មកពីវិស័យដឹកជញ្ជូននិងឡូជីកដែលជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ផ្លូវរថភ្លើងឡាវ-ចិនបានបើកដំណើរការកាលពីខែធ្នូ ឆ្នាំ២០២១ ដែលផ្លូវដែកនេះនឹងផ្តល់លទ្ធភាពក្នុងការពង្រីកផ្លូវនាំចេញទៅកាន់អាស៊ីកណ្តាល មជ្ឈិមបូព៌ា រុស្ស៊ី និងអឺរ៉ុប។

លោក ស៊ិន ចន្ធី ប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃផ្លូវដែកនេះថានឹងមានសក្តានុពលសម្រាប់វិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជា ហេតុនេះហើយបានជាលោកដឹកនាំសមាជិកមួយក្រុមទៅសិក្សាលម្អិតពីដំណើរការប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទិកនៅប្រទេសឡាវផ្ទាល់តែម្តង់។
លោកថ្លែងដូច្នេះថា៖«ថ្ងៃនេះប្រតិភូទាំងអស់ប្រមាន ៣០ក្រុមហ៊ុន នឹងទៅទស្សនកិច្ចទៅកាន់ប្រទេសឡាវ ដើម្បីទស្សនឡូជីស្ទីកនៅទីនោះ។ យើងចង់ដឹងឲ្យច្បាស់អំពីការដឹកជញ្ជូន ក៏ដូចជាការ តភ្ជាប់ឡូជីស្ទិក ពីប្រទេសចិនមកណ្តាប្រទេសអាស៊ាន។ យើង កម្ពុជា ឡាវ និងវៀតណាម យើងនឹងទៅជួបគ្នា ដើម្បីសិក្សាលម្អិតពីសកម្មភាពដឹកជញ្ជូនតាមផ្លូវដែក។
លោកបន្ថែមថា ប្រទេសចិនបានតភ្ជាប់ផ្លូវរថភ្លើងមកប្រទេសឡាវរួចហើយ ដែលនេះជាសក្តានុពលមួយសម្រាប់វិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជា។
លោកលើកឡើងថា៖«យើងនឹងទៅទស្សនកិច្ចផ្ទាល់នៅស្ថានីយ៍រថភ្លើងពីប្រទេសចិនមកឡាវ និងយើងទៅទស្សនកិច្ចតំបន់ឡូជីស្ទិក វៀងចន្ទឡូជីកផាក ព្រមទាំងទៅតំបន់ព្រំដែនដើម្បីសិក្សាពីប្រព័ន្ធនៃការតភ្ជាប់ឡូជីស្ទិកពីប្រទេសឡាវឆ្លងកាត់ប្រទេសថៃមកកម្ពុជា»។
លោកកត់ម្គាល់ថា ការដឹកជញ្ជូនតាមរថភ្លើងមានលក្ខណអំណោយផលដ៏ល្អប្រសើរមួយដែលនឹងជួយកាត់បន្ថយថ្លៃដើមនិងប្រើប្រាស់ពេលវេលាតិចជាងបើធើបនឹងការដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជាតាមផ្លូវទឹក។
លោកមានប្រសាសន៍ថា៖«ប្រសិនបើយើងដឹកជញ្ជូនទំនិញតាមផ្លូវទឹកមកកំពង់ផែក្រុងព្រះសីហនុយើងពីប្រទេសចិនមកយើងចំណាយពេលចន្លោះពី១២ទៅ១៥ថ្ងៃ។ ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងនេះនឹងមានសក្តានុពលខ្លាំងជាងការដឹកជញ្ជូនតាមផ្លូវទឹក។ ប្រសិនបើយើងដឹកទំនិញពីទីក្រុងគន់មីងប្រទេសចិន មកប្រទេសឡាវត្រូវចំណាយពេលត្រឹម៧២ម៉ោងប៉ុណ្ណោះ ហើយបើយើងផ្ទេរទំនិញពីឡាវមកកម្ពុជាត្រូវចំណាយពេលមួយថ្ងៃមួយយប់ឬក៏យើងប្រើពេលវេលាលើសពីនេះតិចតួច ដូច្នេះពេលវេលានេះវាមានសក្តានុពលណាស់។ប៉ុន្តែចំពោះតម្លៃដឹកជញ្ជូននិងសកម្មភាពផ្ទេរទំនិញយើងមិនទាន់ដឹងយ៉ាងណានៅឡើយ ដូចនេះយើងចុះទៅផ្ទាល់ដើម្បីសិក្សាអំពីឡូជីស្ទិករវាងប្រទេសទាំង៣កម្ពុជា ឡាវ និងថៃ»។
លោកបានឲ្យដឹងទៀតថា ដណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកជាមួយគោលនយោបាយរបស់រដ្ឋាភិបាល ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងគិតគូលើវិស័យភស្ត័ភារកម្ម និងឡូជីស្ទីក ធ្វើយ៉ាងណាឲ្យតម្លៃក្នុងវិស័យនេះទាបដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។
លោកថា៖«ហេតុនេះសមាគមនិងសមាជិកបានទៅសិក្សាផ្ទាល់ថាតើផ្លូវដែកនេះមានសក្តានុពលយ៉ាងណាដើម្បីចូលរួមចំណែកធ្វើឲ្យតម្លៃឡូជីស្ទិកនៅកម្ពុជាមានតម្លៃទាបដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ខ្ញុំយល់ថាយើងនៅតែអាចទាញប្រយោជន៍ពីការប្រើប្រាស់ផ្លូវរថភ្លើងដែលតភ្ជាប់ពីចិនមកឡាវ ហើយយើងក៏ចង់បានផ្លូវរថភ្លើងតភ្ជាប់ពីចិនមកកម្ពុជាដូចគ្នា ប៉ុន្តែយើងមានកំពុងផែសមុទ្រអាចដឹកទំនិញពីចិនរួចទៅហើយ»។
លោកបន្តថា បើទោះជា កម្ពុជាពុំទាន់មានការតភ្ជាប់ផ្លូវដែកជាមួយចិនដូចឡាវ និងថៃ ក៏កម្ពុជានៅតែអាចទទួលបានសក្តានុពលសម្រាប់បម្រើដល់វិស័យឡូជីស្ទិកនៅកម្ពុជាផងដែរ។
លោកនិយាយថា៖«ខ្ញុំសង្ឃឹមថាយើងនឹងមានផលប្រយោជន៍ពីគម្រោងផ្លូវដែកនេះជូនវិស័យដឹកជញ្ជូននិងឡូជីស្ទិករបស់យើង ក៏ដូចជា ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យនេះ»។
បច្ចុប្បន្ន ប្រតិបត្តិករអាជីវកម្មមកពីប្រទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា កំពុងប្រើប្រាស់ផ្លូវដែកឡាវ-ចិន ដើម្បីនាំចូល និងនាំចេញទំនិញទៅកាន់ និងពីប្រទេសចិន និងក្រៅប្រទេស។
ផ្លូវដែកឡាវ-ចិន បានដឹកជញ្ជូនអ្នកដំណើរជាង១លាននាក់ និងទំនិញចំនួន៥០ម៉ឺនតោន រួមទាំងទំនិញឆ្លងកាត់ព្រំដែនចំនួន១០ម៉ឺនតិន ចាប់តាំងពីវាបានដំណើរការកាលពីខែធ្នូឆ្នាំទៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022