
ធនាគារ ជីប ម៉ុង ជាធនាគារពាណិជ្ជឈានមុនគេមួយនៅកម្ពុជា បានបង្កើនដើមទុនចុះបញ្ជីកើនដល់ ១៣៥លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២២។
ធនាគារ ជីប ម៉ុង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបន្ថែមដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ២០លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនទុនចុះបញ្ជីកើនដល់ ១៣៥លានដុល្លារ។
នេះជាលើទី២ហើយនៃការដំឡើងដើមទុនចុះបញ្ជីរបស់ខ្លួន។កាលពីខែមករា ឆ្នាំ២០២២ ធនាគារនេះ បានដំឡើងដើមទុនចុះបញ្ជីចំនួន ១០លានដុល្លារ។
ការបន្ថែមដើមទុនចុះបញ្ជីនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាទំនុកចិត្តរបស់អតិថិជនដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត និងគោរព ១០០ភាគរយ តាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិនៃកម្ពុជា។
លោក ចន ប៊ែល អគ្គនាយកនៃធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖«យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជីបន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងដែលយើងសាងឡើងដើម្បីផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅជូនដល់អតិថិជន។ អស់រយៈពេលជាង៤ឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួនជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារដែលមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់»។
បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប សរុប ១៣សាខា និង២សាខាផ្សេងទៀតនឹងមានវត្តមាននៅចុងឆ្នាំនេះ។
ធនាគារ ជីប ម៉ុង មានម៉ាស៊ីនATM សរុប ៣៤ ដាក់ឲ្យដំណើរការ ២៤ម៉ោងក្នុង១សប្តាហ៍ និងមានដៃគូសហការទូទាត់ ១ ៨៩៩ទីតាំង និងភ្នាក់ងារធនាគារ ១២៦កន្លែងទូទាំងប្រទេស៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022