ពលរដ្ឋបង់ក្លាដែស កំពុងជម្លៀសខ្លួនតាមទូត ដោយសារគ្រោះទឹកជំនន់ កាលពីថ្ងៃទី១៩មិថុនា។

អាជ្ញាធរនៅក្នុងប្រទេសបង់ក្លាដែសដែលរងគ្រោះដោយទឹកជំនន់ និងភាគឦសានប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ កំពុងស្វះស្វែងផ្តល់ជំនួយដល់ពលរដ្ឋជាង៩លាននាក់ ដែលកំពុងជាប់គាំងដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់អស់៥៤នាក់ នៅក្នុងប្រទេសទាំងពីរនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។

ភ្លៀងមូសុងនៅតំបន់ទំនាបបង់ក្លាដែស កំពុងបង្កជាទឹកជំនន់ដ៏មហន្តរាយនៅតំបន់ភាគខាងភាគឦសានប្រទេស និងកំពុងធ្វើឱ្យពលរដ្ឋមួយភាគបួននៃចំនួនប្រជាជនចំនួន១៥លាននាក់ជាប់គាំងនៅក្នុងផ្ទះ ដោយសារទឹកកើនឡើងយ៉ាងលឿន និងធ្វើឱ្យលិចលង់តាមដងទន្លេ។

ស្ថានភាពលិចលង់នៅក្នុងទីក្រុង Sylhet ភាគឦសានបង់ក្លាដែស  គឺកាន់តែអាក្រក់ទៅៗ ដោយសារទឹកហូរចុះពីភ្នំ ដែលស្ថិតនៅក្នុងដ្ឋ Meghalaya របស់ប្រទេសឥណ្ឌា រួមទាំងតំបន់ដីសើមបំផុតរបស់ពិភពលោកមួយចំនួនទៀត ដូចជា Mawsynram និង Cherrapunji ដែលតំបន់នីមួយៗ បានទទួលភ្លៀងជាង ៩៧០មីលីម៉ែត្រកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង់ក្លាដែស។

ពលរដ្ឋបង់ក្លាដែសប្រហែល៣សែននាក់ ត្រូវបានជម្លៀសមកកន្លែងទីទួលសុវត្ថិភាព ប៉ុន្តែមនុស្សជាង៤លាននាក់ទៀត ត្រូវបានជាប់គាំងនៅជិតផ្ទះរបស់ពួកគេដែលជន់លិច និងកំពុងធ្វើឱ្យមានការពិបាកសម្រាប់អាជ្ញាធរក្នុងការផ្តល់ជំនួយ រួមទាំងទឹកផឹក និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។

ចំណែកអាជ្ញាធរឥណ្ឌាវិញបាននិយាយថា នៅក្នុងរដ្ឋ Assam ដែលស្ថិតនៅជាប់ប្រទេសបង់ក្លាដែស គឺមានពលរដ្ឋយ៉ាងហោចណាស់មនុស្ស២៦នាក់ បានស្លាប់ ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមប្រហែលមួយសប្តាហ៍មុន ប៉ុន្តែទឹកជំនន់នេះ បានចាប់ផ្តើមស្រកចុះហើយ។

ពលរដ្ឋ៤លាន៥សែននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះ ហើយប្រហែល២២ម៉ឺននាក់ កំពុងបន្តស្នាក់នៅក្នុងទីទួលសុវត្ថិភាពបណ្តោះអាសន្ននៅឡើយ៕