លោក ផៃ ប្រុស ដាំបន្លែសុវត្ថិភាព ដើម្បីសុខភាព។ រូបភាព៖ សឹម សល់ម៉ា

កសិករគំរូម្នាក់ នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ងាកមកដាំបន្លែសុវត្ថិភាពតាមស្តង់ដាអនុវត្តកសិកម្មល្អ(GAP)ក្រោយរូបលោក និងក្រុមគ្រួសារធ្លាប់ជួបបញ្ហាសុខភាព បន្ទាប់ពីបរិភោគបន្លែ ដែលប្រើសារធាតុគីមីច្រើន។

លោក ផៃ ប្រុស កសិករដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីសប្តាហ៍មុនថា លោកសម្រេចចិត្តដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសអនុវត្តកសិកម្មល្អ ដោយសារធ្លាប់ជួបបញ្ហាសុខភាពក្នុងក្រុមគ្រួសារ បន្ទាប់ពីបរិភោគបន្លែ ដែលប្រើប្រាស់សារធាតុគីមី។

លោកថ្លែងដូច្នេះថា៖«បាញ់ថ្នាំពុលទៅវាប៉ះពាល់សុខភាពខ្លួនឯងមុនគេ។ ប៉ះពាល់ក្នុង១អាទិត្យកោសខ្យល់ពីរទៅបីដង និងចុកជើងរហូត ដល់មកប្រើថ្នាំធម្មជាតិយូរទៅបញ្ហាសុខភាពបាត់តែម្តង។ ដូច្នេះខ្ញុំទៅរៀននៅមន្ទីរកសិកម្មពីការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលក្នុងផ្ទះសំណាញ់នេះ ប្រើថ្នាំក៏ធម្មជាតិ ជីក៏ធម្មជាតិ គឺមិនប៉ះពាល់ដល់សុខភាព ជាពិសេស គឺមិនប៉ះពាល់ខ្លួនខ្ញុំមុនគេ។ យើងផលិតបន្លែល្អ គឺយើងហូបខ្លួនយើង ដល់ហូបទៅមិនប៉ះពាល់ដល់សុខភាព»។

លោកអះអាងថា បន្លែរបស់លោកដាំក្នុងផ្ទះសំណាញ់ គ្មានសារធាតុគីមី ដោយសារបន្លែត្រូវបានខាងមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកណ្តាល យកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ មុនពេលយកទៅដាក់លក់នៅលើទីផ្សារ។ កសិកររូបនេះដាំបន្លែ ដូចជា ខាត់ណាដើម ខាត់ណាស្លឹក ស្ពៃចង្កើះ ស្ពៃក្រញ៉ាញ់ និងស្ពៃតឿ។

លោកបាន សាង់សង់ផ្ទះសំណាញ់ចំនួន៣ខ្នង ដោយក្នុង១ខ្នង មានទំហំទទឹង១២ម៉្រែត បណ្តាយ៥០ម៉្រែត ចំណាយពី៥ពាន់ ទៅ៦ពាន់ដុល្លារ ហើយលោកបានអះអាងថា ដាំរយៈពេល២ ឆ្នាំទើបអាចរួចថ្លៃសំណាញ់ទាំងអស់នេះ ។

លោកថ្លែងដូច្នេះថា៖«ដល់ពេលខែភ្លៀងអត់មានភ័យទេ បន្លែគេរលួយគ្រប់គ្នា របស់ខ្ញុំដឹងថា ដុះដូចផ្សិត ព្រោះអត់មានទឹកអ្វីចូលនោះទេ ហើយភ្លៀងយ៉ាងម៉េចក៏ដោយ អត់ខាតទេ មួយថ្ងៃមកស្រោចទឹកតែម្តងទេ។ ដាំហើយ ខ្ញុំសប្បាយចិត្តជាងគេក្នុងគ្រួសារ ប្រពន្ធ កូន ចៅ ដាំហើយអត់មានភ័យ ថាបាញ់ថ្នាំហើយទុក២ ទៅ៣ថ្ងៃបាន ខ្លាចគីមីនោះទេ បន្លែនេះកាត់ភ្លាមហូបភ្លាម ហើយបន្លែរបស់ខ្ញុំធានាមួយរយភាគរយ ព្រោះមន្ទីរកសិកម្មគាត់បានមកពិនិត្យ  និងឱ្យសញ្ញាបត្រ(ការអនុវត្តកសិកម្មល្អ)។

ទោះជាយ៉ាងណា លោកថា ការដាំបន្លែក្នុងផ្ទះសំណាញ់ក៏ជួបបញ្ហាមួយចំនួនដែរ នៅក្នុងរដូវក្តៅខ្លាំងធ្វើឱ្យបន្លែបាត់បង់ទិន្នផល ចំនួន៥០ភាគរយ។

លោក ផៃ ប្រុស កសិករដាំបន្លែសុវត្ថិភាព។ រូបភាព៖ សឹម សល់ម៉ា

គួរបញ្ជាក់ថា តម្រូវការនៃការអនុវត្តកសិកម្មល្អ ផ្នែកសុវត្ថិភាពចំណីអាហារ មាន១០ចំណុច ដូចជា ប្រវត្តិទីកន្លែង និងការគ្រប់គ្រង បំណែកពួជដំណាំ ជី និងសារធាតុបន្ថែមដាក់ក្នុងជី ទឹក សារធាតគីមី ការប្រមូលផល និងការលើកដាក់ប្រើប្រាស់កសិផល ភាពអាចស្វែងរកឃើញ និងការប្រមូលត្រឡប់មកវិញ ការបណ្តុះបណ្តាល ឯកសារ និងកំណត់ត្រានានា និងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តន៍

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅឆ្នាំ២០២១ កម្ពុជាផលិតបន្លែគ្រប់ប្រភេទបានជាង៩សែនតោន គឺកើនឡើងចំនួន១៤,១៥% បើធៀបនឹងឆ្នាំ២០២០ដែលមានចំនួនជាង៧សែនតោន៕