ឧទ្យានព្រៃឈើ បេនចាគីតទិ(Benjakitti) ជាឧទ្យានព្រៃឈើដំបូងនៅរាជធានីបាងកក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ រូបភាព៖ AP

ឧទ្យានព្រៃឈើថ្មី ដែលមានដើមឈើជាម្លប់ មានស្រះទឹក រុក្ខជាតិ និងសត្វស្លាប នៅលើផ្ទៃដីទំហំ៤១ហិកតា ស្ថិតនៅចំកណ្ដាលរាជធានីបាងកក បានបើកឱ្យពលរដ្ឋចូលកម្សាន្តនៅដើមឆ្នាំ២០២២នេះ ដើម្បីស្វាគមន៍ប្រជាជនថៃដែលរស់នៅក្នុងភាពអ៊ូអរនិងការកកស្ទះនៅក្នុងរាជធានី បានភ្លក់រសជាតិនៃធម្មជាតិនៅកណ្ដាលទីក្រុង។


ឧទ្យានព្រៃឈើដ៏ធំមិនធ្លាប់មាននៅចំកណ្ដាលរាជធានីបាងកកឈ្មោះ បេបចាគីតទិ(Benjakitti) គឺជាផ្នែកមួយ ដើម្បីធ្វើឱ្យរដ្ឋធានីបាងកកកាន់តែបៃតង នឹងត្រូវសម្ពោធជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះ ក្រោមព្រះរាជធិបតី សម្តេចព្រះមហាក្សត្រី សិរីគិត ព្រះមាតានៃប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។


ឧទ្យាននេះ គឺត្រូវបានធ្វើឡើងនៅលើទីតាំងបឹងសិប្បនិម្មិតដ៏ធំដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយបានពង្រីកផ្ទៃដីបន្ថែម ដើម្បីឱ្យស្របតាមការស្រមើលស្រមៃរបស់រាជធានីបាងកក។ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ប្រជាជនថៃប្រហែល១២ពាន់នាក់ បានចូលទៅកម្សាន្តនៅក្នុងឧទ្យាននេះ ដើម្បីដើរគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជិះកង់ និងថតរូបកម្សាន្តជាដើម។


ការអភិវឌ្ឍឧទ្យាន បេនចាគីតទិ គឺត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីថៃតាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ដើម្បីឱ្យស្រមតាមព្រះរាជបំណងរបស់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej និងព្រះមហាក្សត្រី ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅ ពីតម្លៃនៃតំបន់ព្រៃឈើនិងធនធានធម្មជាតិ ក្នុងចំណោមប្រជាជនថៃ ដែលរស់នៅក្នុងរាជធានីបាដកក។

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងនៅក្នុងឆ្នាំ២០២១ថា ឧទ្យាននេះ គឺដាំដើមឈើ១ម៉ឺនដើម ដែលមានផ្ការីកតាមរដូវ និងមានដីសើមនៅជុំវិញ៕