
ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ម៉ាក្រូ(ខេមបូឌា)ឯ.ក និងក្រសួងពាណិជ្ជកម្មដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់អាជីវករលក់រាយ សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី១៦ មិថុនា នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ប្រាប់ខ្មែរណាស់នៅថ្ងៃទី១៧ មិថុនានេះថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា)ក្នុងគោលបំណងរួមគ្នា ដើម្បីបង្កើតមូលដ្ឋានសុច្ឆន្ទៈរវាងភាគីទាំងពីរសម្រាប់កិច្ចខិតខំប្រឹងប្រែងសហការដែលផ្តោតសំខាន់លើការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់អាជីវករលក់រាយ សហគ្រាសធុនតូច និងមធ្យម និងផលិតផលកម្ចីអាជីវកម្ម ដើម្បីគាំទ្រដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ម៉ាក្រូ។
លោកថ្លែងដូច្នេះថា៖«យើងចង់ធ្វើការទូទាត់រវាងអតិថិជនរបស់ផ្សារម៉ាក្រូជាមួយនិងផ្សារម៉ាក្រូ និងយើងដើរតួនាទីជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលសេវាទូទាត់នេះ។យើងចង់សម្រួលយ៉ាងមិចឲ្យមានការទូទាត់ឆ្លង់កាត់តាមប្រព័ន្ធធនាគារត្រឹមត្រូវ»។

លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា (ស្តាំ)បានចុះអនុស្សរណៈយោគគ្នាជាមួយ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។រូបភាព៖ ហ្វេសប៊ុក ធនាគារ ហត្ថា
ទន្ទឹមនឹងនេះ លោក ក៏បានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាដើម្បីសម្របសម្រួលជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោកថ្លែងដូច្នេះថា៖«យើងចុះ MoU ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីសហការគ្នា ព្រោះក្រសួងពាណិជ្ជកម្មមានកិច្ចសហការគ្នាជាមួយសហគ្រាសធុនតូចនិងមធ្យមជាច្រើន។ យើងចង់ចូលរួម ជាមួយសហគ្រាសធុនតូច និងមធ្យម និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការប្រើប្រាស់សេវាកម្មរបស់ធនាគារហត្ថា»។
លោកថ្លែងទៀតថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងធនាគារ ហត្ថា ជាមួយនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖«បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនេះ ក្រសួងបានអញ្ជើញសហគ្រាសធុនតូចនិងមធ្យមជាច្រើនធ្វើសិក្ខាសាលា ហើយយើងបានជួបសហគ្រាសទាំងនោះ ដើម្បីជំរុញលើកទឹកចិត្តគាត់ ប្រើប្រាស់សេវាកម្មមួយចំនួនរបស់ធនាគារ ហត្ថា ទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើសន្សំ ទាំងសេវាកម្មទូទាត់តាមរយៈMobile App របស់យើង។
លោកបន្តថា៖«តាមរយៈអនុស្សរណៈយោគយល់គ្នានេះ យើងសង្ឃឹមថាក្រសួងពាណិជ្ជកម្មនឹងជួយបង្កើននូវទំនាក់ទំនងរវាងម្ចាស់សហគ្រាសនានា ម្ចាស់ជំនួញនានា ជាមួយធនាគារ ហត្ថា អីចឹងគាត់ដើរតួនាទីជាអ្នកសម្របសម្រួលរវាងធនាគារនិងម្ចាស់សហគ្រាសធុនតូចនិងមធ្យម»។
គិតត្រឹមខែមិនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុប ១៧៧ ម៉ាស៊ីនអេធីអឹម ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០ម៉ឺនគណនី ជាមួយផលប័ត្រឥណទានសរុបជិត១ពាន់៩រយលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបជិត ១ពាន់ ២រយលានដុល្លារ។
ចំណែកឯ អតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨ម៉ឺននាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបជាង ៩ម៉ឺននាក់៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022