អតិថិជននៅកម្ពុជាអាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់ជាមួយបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក តាមរយៈម៉ាន់នីក្រាម។រូបភាព៖​ ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលធនាគារពាណិជ្ជឈានមុខគេ​ បាន​សហការជាមួយក្រុមហ៊ុន​ ម៉ាន់នីក្រាម (MoneyGram Payment System, Inc.)ជាក្រុមហ៊ុនឈានមុខមួយក្នុងការទូទាត់បែបឌីជីថល ដាក់​ឲ្យដំណើរការជាផ្លូវ​ការ​នូវសេវាកម្ម​ទូទាត់​ឆ្លង​ប្រទេស​តាម​រយៈ​អេស៊ីលីដា​ម៉ូបាល។

កិច្ចសហការនេះ អតិថិជននៅកម្ពុជាអាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់ជាមួយ​បណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក តាមរយៈម៉ាន់នីក្រាមដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស។

គោលបំណងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ ដូចជា ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយការប្រើ អេស៊ីលីដាម៉ូបាលអ៊ែប មានភាពងាយស្រួល។ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរប្រាក់ទៅឱ្យក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។

អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំងរបស់ភ្នាក់ងារម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត(Mobile Wallet)។

ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេសចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាចបញ្ចូលលេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុង អេស៊ីលីដាម៉ូបាលអ៊ែបដើម្បីទទួលប្រាក់។

សម្រាប់ពេលអនាគត ការផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយសម្រាប់លទ្ធភាពនាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់ នៅតាមបណ្តាសាខាធនាគារ អេស៊ីលីដា នៅកម្ពុជា។

លោក​ អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្លែងថា កិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាម បានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្ត ក្នុងការផ្ទេរប្រាក់ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោក​បន្តថា អតិថិជន និងសាធារណជន ក៏​អាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅតាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅតាមបញ្ជរសាខាណាមួយ របស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណបណ្ណ។

លោក អ៊ិន ចាន់នី ថ្លែងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជាជំហានដ៏សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិតប្រចាំថ្ងៃរបស់ពួកគាត់»។

លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិននៃ​ក្រុមហ៊ុនម៉ាន់នីក្រាមថ្លែងថា​ ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើង តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើង ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថលបន្ថែមទៀត។

លោក​ថ្លែងទៀតថា៖«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដា និងការពង្រីកប្រតិបត្តិការ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ ដល់អតិថិជននៅកម្ពុជា»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ គឺ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបជាង ៨,១៦ប៊ីលានដុល្លារ សមតុល្យឥណទានសរុប ៥,៧៩ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុប ៥,៩០ពាន់លានដុល្លារ និងមានអតិថិជនជាង ៣,៤៤លាននាក់។