
ភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសអនុវត្តគម្រោងថ្មីមួយដែលមានឈ្មោះថា«USAID មរតកបៃតង» ក្រោមថវិកាសរុប ២៤ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនៈគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។
លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូកម្ពុជានានា។ គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា»។
គម្រោង USAID មរតកបៃតង មានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំ ក្រវាញ ខណៈបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។
គម្រោងនេះ នឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកប ដោយចីរភាពនិង មានលក្ខណៈអំណោយផលដល់អាកាសធាតុ។
លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការ សន្សំម្លប់ព្រៃ បានមានប្រសាសន៍ថា៖«គំនិតផ្តួចផ្តើមជីវភាពរស់នៅនិង សកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ (Ibis Rice រឺស្រូវត្រយ៉ង) បានផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ វាមានសារៈសំខាន់ណាស់ដែលយើងបន្តថែរក្សានិងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង»។
គម្រោង USAID មរតកបៃតង នឹងធ្វើការជាមួយសហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជួយប្រជាជនកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022