Smile Shop ជា​ផ្សារអនឡាញ​ឈានមុខគេ​នៅកម្ពុជា​កំពុង​សម្លឹងមើល​ឱកាសពង្រីកទីផ្សារ​របស់​ខ្លួន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​។

ការបង្ហាញ​ពីផែនការ​នេះ ត្រូវ​បានធ្វើឡើងបន្ទាប់ Smile Shop និង​ក្រុមហ៊ុន​ ជីន សា គ្រុប ដែលជាក្រុមហ៊ុន​បណ្តាក់ទុន​រួម កាលពី​ឆ្នាំ២០២១ បានចុះ​កិច្ចព្រមព្រៀង​ភាពជាដៃគូយុទ្ធសាស្រ្ត​សម្រាប់ពង្រីក​អាជីវកម្ម​ដើម្បីជំរុញ​ពាណិជ្ជកម្ម​អនឡាញ​ ព្រមទាំង​លើស្ទួយ​ការ​លក់​ផលិតផល​កម្ពុជានៅលើ​ទីផ្សារ​អន្តជាតិ​។

លោក Jack Lee ស្ថាបនិក និងជា​អគ្គនាយក​ក្រុមហ៊ុន Smile Shop App ប្រាប់ខ្មែរណាស់​តាម​សារអេឡិចត្រូនិកថា សព្វ​ថ្ងៃ ក្រុមហ៊ុន​កំពុង​វិនិយោគ​លើហេដ្ឋា​រចនា​សម្ព័ន្ធ​​បច្ចេវិទ្យាហិរញ្ញវត្ថុ​សម្រាប់​ខ្សែសង្វាកផ្គត់​ផ្គង់​ទំនិញ​ និងការ​ដឹកជញ្ជូន​។

លោក​ថ្លែងដូច្នេះថា៖«ឥឡូវនេះយើងបានចាប់ផ្តើមរួចហើយនូវកម្មវិធី​​«ទិញឥឡូវ បង់ពេលក្រោយ​(BNPL)» ហើយ​យើងក៏កំពុងព្យាយាមធ្វើការជាមួយធនាគារជាច្រើនទៀត ដើម្បីបើកដំណើរការ BNPL ឧទាហរណ៍ ដូចជា ធនាគារ កម្ពុជា អាស៊ី (CAB bank) ជាដើម​»។

លោក​ថ្លែងទៀតថា​៖«យើងគ្រោងនឹងពង្រីកអាជីវកម្មរបស់យើងទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ានៅតែជាទីផ្សារសមុទ្រខៀវ(blue ocean)»។

ទីផ្សារ​ blue ocean គឺជា​ទីផ្សារ​មួយ​សម្រាប់​ផលិតផល​ដែល​មិន​មាន​ការប្រកួតប្រជែងច្រើន​ ឬការប្រកួតប្រជែង​តិចតួច​ ហើយ​គោល​ដៅ​នៃ​យុទ្ធសាស្រ្ត​ blue oceanគឺការ​​ស្វែង​រក​ឱកាស​ទីផ្សារ​ត្រឹមត្រូវ​ និងការ​ធ្វើការ​ប្រកួតប្រជែងដែល​មិនពាក់ព័ន្ធ​។

បើ​យោង​តាម ​UNCTAD ប្រទេសមីយ៉ាន់ម៉ា កំពុង​មានភាព​រីកចម្រើន​ពាណិជ្ជកម្ម​អេឡិចត្រូកិច​គួរឲ្យកត់សម្គាល់​តាំងពី​មុនពេលមានការ​រាតត្បាតជំងឺកូវីដ១៩។ ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​នៃ​ប្រទេសនេះបានលោតឡើងប្រាំពីរកាំ​ពី​ ១៣៣ ទៅ១២៦ ក្នុងចំណោម ១៥២។​នេះ​ UNCTAD B2C E-commerce Index 2019។

លោក Jack Lee រំពឹងថា ផលិតផលនឹង​កើន​ដល់​ជាង ២០០ ០០០មុខ​ត្រូវបានចុះបញ្ជីនៅក្នុងផ្សារ​អនឡាញ Smile Shop នាពេលអនាគត​។

លោក​មានប្រសាសន៍ថា៖« Smile Shop គឺជា​ហាងអនឡាញដែលគួរឱ្យទុកចិត្តបំផុត យើងផ្តល់ជូននូវការទិញទំនិញតាមអ៊ិនធឺណិតដោយគ្មានកង្វល់។យើងផ្តល់ជូននូវគោលនយោបាយបង្វិលសងប្រាក់វិញដោយឥតគិតថ្លៃដល់អតិថិជនរបស់យើង។ខ្ញុំគិតថា អនាគត ពាណិជ្ជកម្ម​អេឡិចត្រូនិក​គឺក្លាយ​ជាពាណិជ្ជកម្ម​អេឡិចត្រូនិកកាន់តែទំនើប​នៅកម្ពុជា។នៅក្នុងទីផ្សារតូច ប្រសិនបើអ្នកមិនអាចលូតកម្ពស់បានទេ សូមពិចារណាឱ្យបាន​ធំ​ធាត់»។

បច្ចុប្បន្ន Smile Shop មាន​ម៉ាក់យីហោជាដៃគូជាង ១ ២៣៩ ​អ្នក​ប្រើប្រាស់​បណ្តាញជាង១,៥លាននាក់​ និង​មាន​ផលិតផលជាង១០ម៉ឺន​មុខ​៕