
កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ(P4I)របស់រដ្ឋាភិបាលអូស្ត្រាលីគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួមលើការជំរុញឱ្យមានការស្តារឡើងវិញនៅក្នុងតំបន់ពីជំងឺកូវីដ១៩តាមរយៈការអភិឌ្ឍប្រកបដោយបរិយាបន្ននិងនិរន្តរភាពត្រូវបានសម្ពោធជាផ្លូវការនៅពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នៅកម្ពុជា។
កម្មវិធី P4I បានផ្តល់ជំនួយជាង១២០លានដុល្លារដើម្បីសហការជាមួយកម្ពុជា ឥណ្ឌូ នេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ព្រមទាំងអាស៊ាននៅក្នុងវិស័យ ដឹកជញ្ជូន ថាមពល ភស្តុភាកម្ម និងទូរគមនាគមន៍។

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។រូបភាព៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ថ្លែងបើកកម្មវិធីសម្ពោធថា គំនិតផ្តួចផ្តើមកម្មវិធី P4I នឹងពង្រឹងបន្ថែមលើទំនាក់ទំនងរយៈពេល៧០ឆ្នាំរវាងកម្ពុជានិងអូស្ត្រាលី ព្រមទាំងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៅក្នុងប្រទេសនេះ។
លោកថ្លែងទៀតថា អូស្ត្រាលីមានកេរ្តិ៍ឈ្មោះដ៏យូរអង្វែង និងគួរឱ្យជឿជាក់ក្នុងការផ្តល់ជំនួយទៅដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពនៅក្នុងតំបន់និងកម្ពុជា។
លោកថ្លែងដូច្នេះថា៖«កម្ពុជាក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទាញយកនូវជំនាញ និងបទពិសោធន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងតម្រូវជាច្រើនបែបរបស់ខ្លួនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឱ្យមានការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ននិងភាពធន់ ពីការរីករាលដាលជំងឺកូវីដ១៩។យើងនឹងរង់ចាំមើលនូវផល ប្រយោជន៍របស់ភាពជាដៃគូក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ នៅក្នុងប្រទេសកម្ពុជា»។
នៅកម្ពុជាកម្មវិធី P4I ក៏កំពុងតែធ្វើការយ៉ាងសកម្ម ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់ថវិកា និងការស្តារថ្លៃចំណាយនៅក្នុងវិស័យសំណល់រាវ ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ និងការបង្កើនសមត្ថភាពរបស់ក្រសួងដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនដែលមានគុណភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធតាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាលនិងឯកជន។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាព៖ហ្វេសប៊ុក ស្ថានទូតអូស្ត្រាលី
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះមិត្តភាពដ៏រឹងមាំជាមួយកម្ពុជា និងការប្តេជ្ញាចិត្តដើម្បីផ្តល់ជំនួយទៅដល់អាទិភាពជាតិក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធី P4I ។
លោកថ្លែងដូច្នេះថា៖«ក្នុងប្រទេសមួយៗ យើងជួបប្រទះនូវបញ្ហានៃកំណើនចំនួនប្រជាជនមានការកើនឡើងនៃនគរូបនីយកម្ម និងហានិភ័យនៃបម្រែបម្រួលអាកាសធាតុមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយ។ នៅក្នុងឆ្នាំដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន យើងកំពុងតែផ្តោតសំខាន់ទៅលើការពង្រឹងនូវតំណភ្ជាប់តាមព្រំដែនដើម្បីពង្រីកទីផ្សារ និងពង្រឹងវិស័យពាណិជ្ជកម្ម»។
លោក សុវិជ្ជានោ ថ្លែងបន្តថា៖«ដើម្បីអនុវត្តសកម្មភាពនេះ យើងត្រូវការការវិនិយោគ និងការអភិវឌ្ឍជាច្រើននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។យើងស្វាគមន៍ជំនួយរបស់ប្រទេសអូស្ត្រាលី ដើម្បីកសាងសមត្ថភាពរបស់កម្ពុជា ដើម្បីរៀបចំ និងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានបរិយាបន្ន និងភាពធន់សម្រាប់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
កម្មវិធី P4I ក៏កំពុងតែធ្វើកិច្ចពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការធ្វើ បច្ចុប្បន្នភាពស្តង់ដារផ្លូវ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិគ្រប់គ្រងសំណល់រាវ ហើយក៏កំពុងតែ ធ្វើការជាមួយនឹងនិយតករទូរគមនាគមន៍កម្ពុជា ក្រសួងរ៉ែនិងថាមពល និងក្រសួងស្ថាប័នផ្សេ ងៗទៀត ដើម្បីពង្រីកកិច្ចសហការរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសកម្ពុជានៅក្នុងវិស័ យទូរគមនាគមន៍ និងវិស័យថាមពលផងដែរ។
កម្មវិធី P4I នឹងផ្តល់លទ្ធភាពបានរហ័សក្នុងការទទួលបានអ្នកបច្ចេកទេសដែលមានសមត្ថ ភាពខ្ពស់មកពីប្រទេសអូស្ត្រាលី ក្នុងតំបន់ និងជុំវិញពិភពលោក ដើម្បីធ្វើឱ្យប្រសើរនូវការ រៀបចំ ការផ្តល់ថវិកា និងការធ្វើអភិបាលកិច្ចទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កម្មវិធីនេះក៏ផ្តល់ជំនួយទៅដល់ការបង្កើតនូវភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងនូវ ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022