រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរខ្មែរ កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្នុងទីក្រុងភ្នំពេញ។រូបភាព៖ VOAkhmer

សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា​(GMAC) ​វិទ្យាស្ថាន​កំណើន​បៃតង​សកល​(GGGI) ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​(GIZ-FABRIC)និង​អង្គការ​ Geres ​កាលពី​ថ្ងៃទី២៦​ឧសភា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​សម្រាប់​ជាដៃគូ​ ក្នុងការ​លើក​កម្ពស់​ការអនុវត្ត​បរិស្ថាន​ក្នុង​វិស័យ​វាយនភណ្ឌ​និងកាត់ដេរនៅកម្ពុជា​។ នេះបើ​តាមសេក្តីប្រកាសរួម​បានចេញផ្សាយ​នៅ​ថ្ងៃសៅរ៍នេះ​។​

សេចក្តីប្រកាសព័ត៌មាន​បន្តថា អនុស្សរណៈនេះ​ធ្វើឡើង​ក្នុង​ភាពជាដៃគូកាន់តែទូលំទូលាយ ដើម្បីជួយ GMAC និងវិស័យនេះបង្កើតវេទិកាភាគីពាក់ព័ន្ធច្រើនសម្រាប់និរន្តរភាព តាមរយៈសេវាកម្មជាក់ស្តែង និងអាជីវកម្មឆ្លាតវៃសម្រាប់សមាជិករោងចក្រ។

កម្ម​ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក Marc Beckmann នាយកកម្មវិធី GIZ ,FABRIC លោក Karolien Casaer-Diez តំណាង GGGI ប្រចាំប្រទេសកម្ពុជា និងលោក Ken Loo អគ្គលេខាធិការ GMAC។

ការផលិតសម្លៀកបំពាក់ គឺជាវិស័យនាំចេញចម្បងនៅក្នុងសេដ្ឋកិច្ចកម្ពុជា ហើយរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថានក្នុងប្រទេស។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា៖«នៅពេលដែលតួនាទីរបស់វិស័យម៉ូដអន្តរជាតិក្នុងការបំពេញតម្រូវការកាត់បន្ថយកាបូនពិភពលោកកាន់តែច្បាស់ ស្លាកយីហោពិភពលោកជាច្រើនស្វែងរកខ្សែសង្វាក់តម្លៃពណ៌បៃតង និងទាមទារ«ការបន្ថែមតម្លៃពណ៌បៃតង-green value addition»កាន់តែច្រើនពីរោងចក្រផ្គត់ផ្គង់»។

អនុស្សរណៈ​នេះនឹងនាំមកនូវកម្មវិធី FABRIC និង Switch Garment ដែលជាកម្មវិធីធំៗចំនួនពីរ ដើម្បីបង្កើននិរន្តរភាពបរិស្ថានក្នុងវិស័យកាត់ដេរកម្ពុជា ដើម្បីរួមគ្នាកិច្ចខិតខំប្រឹងប្រែង។

សេចក្តីប្រកាសព័ត៌មាន​បន្តថា៖«ការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃវិស័យម៉ូដទាមទារឱ្យមានវិធីសាស្រ្តពហុភាគីសម្រាប់ការសន្ទនាក្នុងន័យស្ថាបនា និងសកម្មភាពសម្របសម្រួលរវាងរោងចក្រ អ្នកទិញ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មិនមែនរដ្ឋាភិបាល»។

​គម្រោង Switch Garment ត្រូវ​បាន​អនុវត្ត​ជាផ្លូវ​ការ​នៅ​ថ្ងៃទី​ ១១ ខែ​កញ្ញា​ ឆ្នាំ២០២០ ​ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ តាមរយៈ​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព និង​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថាមពល​ស្អាត​។

គម្រោង Switch Garment គឺ​ GMAC នឹង​អនុវត្ត​គម្រោង​នេះ​រួមគ្នា​ជាមួយ​នឹង​​វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) និង​អង្គការ Geres Cambodia​ រហូត​ដល់ឆ្នាំ២០២៤។

កម្មវិធី​ FABRICគឺ​ជា​គម្រោង​ពង្រឹង​និរន្តរ​ភាព​វិស័យ​វាយនភ័ណ្ឌ​និង​កាត់ដេ​រនៅ​ទ្វីបអាស៊ី​តាម​រយៈ​(GIZ, FABRIC) ​នៅចាំ​កម្ពុជា​ត្រូវ​បាន​អនុវត្តចាប់តាំងពីឆ្នាំ២០១៩៕