បុគ្គលិកសង្រ្គោះយកសាកសព​ចេញពី​គំនបាក់បែករបស់​អគារ​ដែល​រលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព​ និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដែលសហការរៀបចំដោយក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលី ចេញផ្សាយកាលពីថ្ងៃទី២៤ឧសភានេះ។

គោលការណ៍នេះ តម្រូវឱ្យមានការទទួលខុសត្រូវលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង រួមទាំងការការពារបន្ថែមដល់កម្មករសំណង់ជាស្រ្ដី នីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សានិងការបៀតបៀនផ្នែកលើយេនឌ័រនៅតាមការដ្ឋានសំណង់។

ឯកសារគោលការណ៍ណែនាំ ដែលត្រូវបានអនុម័ត​នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា និងមានភាពចាំបាច់សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ស្របពេលដែលវិស័យសំណង់កំពុងរីកលូតលាស់ខ្លាំង។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្ដាលី(ស្ដាំ) និងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នៅក្នុងពិធីប្រគល់និងទទួលសៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព​ និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា កាលពីថ្ងៃអង្គារទី២៤ឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងដែនដី។ រូបភាព៖ ដកស្រង់ពីហ្វេសប៊ុកក្រសួងដែនដី

លោក Pablo Kang បានលើកឡើងនៅសេចក្ដីប្រកាសព័ត៌មានថា  នេះ ជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពប្រជាជនកម្ពុជាដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយ ប្រកបទៅដោយសក្តានុពល។

លោក ជា សុផារ៉ា បានលើកឡើងថា  វិស័យសំណង់ គឺជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក្នុងចំណោមសសរស្តមផ្សេងទៀតរួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ហើយការដាក់ឲ្យមានគោលការណ៍ណែនាំស្តីអំពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ នឹងដើរតួនាទីសំខាន់ណាស់ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាពប្រសើរនៅតាមការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋានសំណង់នានា»។

កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាកើតមានករណីបាក់រលំអាគារ ដែលកំពុងសាងសង់ជាបន្តបន្ទាប់ ដូចជានៅខេត្តព្រះសីហនុ សៀមរាប និងខេត្តកែបជាដើម ដែលបណ្ដាលឱ្យមនុស្សជាច្រើន ភាគច្រើនជាកម្មករ រួមទាំងកូនៗនិងប្រពន្ធរបស់ពួកគេបានស្លាប់ និងរងរបួស។ កាលពីខែមីនាឆ្នាំ២០១៩កន្លងទៅ ករណីបាក់រលំអាគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ បានសង្កត់មនុស្សនិងបានបណ្ដាលឱ្យមនុស្ស២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួសធ្ងន់ស្រាល។

ចំពោះគោលការណ៍ណែនាំដែលទើបត្រូវបានដាក់ឱ្យដំណើរការនេះ គឺត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាកម្មវិធីឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្រ្តាលី ដែលមានទឹកប្រាក់សរុប ៥១,៧ លានដុល្លាអូស្រ្តាលី ហើយគោលការណ៍ គ្រោងនឹងយកទៅផ្សព្វផ្សាយក្នុងសិក្ខាសាលានៅខែមិថុនាខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងសែនមនោរម្យ៕