ប្រទេស​ដាណឺម៉ាក​បាន​សន្យា​ផ្តល់​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា ដែល​ស្រដៀង​គ្នា​នឹង​មីស៊ីល​ក្នុង​រូបថត​នេះ​ដែល​បាញ់​ចេញ​ពី​នាវា​កងទ័ព​ជើង​ទឹក​អាមេរិក​នៅ​ជិត​កោះ Guam កាល​ពី​ឆ្នាំ​២០១៥។

វ៉ាស៊ីនតោន — ប្រទេស​ចំនួន២០បាន​ស្នើ​ផ្តល់​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំងឈ្លានពានរបស់រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំមួយ​ជា​មួយ​សម្ពន្ធមិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ហើយ​ដែល​ត្រូវ​បានរាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុងកិច្ច​ប្រជុំ​លើក​ទី២​របស់​ខ្លួន ប្រទេស​និង​អង្គការ​ចំនួន​រាប់​សិប​ដែល​បាន​បង្កើត​ជា​ក្រុម​ទំនាក់​ទំនង​ការពារ​អ៊ុយក្រែន​បាន​ជួប​ប្រជុំ​គ្នាតាម​អនឡាញ​ដើម្បី​ពិភាក្សាពី​ការ​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន​ ហើយ​មាន​ប្រទេស​ប្រមាណ​២០​បាន​សន្យា​ផ្តល់​អាវុធ គ្រាប់​រំសេវ​និង​សម្ភារៈ​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន Oleksiy Reznikov បានថ្លែង​ប្រាប់​ក្រុម​ប្រទេស​នៅក្នុង​កិច្ច​ប្រជុំ​នេះ​ពី​ស្ថានភាព​សង្រ្គាម​នៅ​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​របស់​លោក​ដែល​មាន​រយៈ​ពេល៣ ខែ​មក​ហើយ​ ដែល​ក្នុង​នោះ​ភាគី​ជម្លោះទាំង​ពីរ​កំពុង​បន្ត​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សមរភូមិជុំវិញទឹកដី​ដែល​រុស្ស៊ី​បានដណ្តើមកាន់កាប់​នៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការពារ​អាមេរិក​លោក Austin​ បាន​និយាយ​ថា៖ «ថ្ងៃ​នេះ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ អ៊ុយក្រែន​លោក Reznikov និង​សហការី​របស់​លោក យើង​បានដឹងពី​តម្រូវការ​អាទិភាព​របស់​អ៊ុយក្រែននិង​ស្ថានភាព​ជាក់ស្តែងនៅក្នុង​សមរភូមិប្រយុទ្ធ»។

លោកបាន​បន្ថែម​ទៀត​ថា៖ «ប្រទេស​ជា​ច្រើន​បាន​សន្យា​ផ្តល់​គ្រាប់​កាំភ្លើង​ធំដែល​ត្រូវការ​ចាំ​បាច់ ប្រព័ន្ធ​ការពារ​តាម​ឆ្នេរ​សមុទ្រ រថក្រោះ​និង​រថពាស​ដែក​ផ្សេងៗ​ទៀត»។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក៏​បាន​ស្នើ​ផ្តល់​ការ​ហ្វឹកហ្វឺនដល់​កងកម្លាំង​យោធា​អ៊ុយក្រែន​ផង​ដែរ។

លោក Austin បាន​និយាយ​ថា ប្រទេស​ដាណឺម៉ាក​បាន​សន្យា​ផ្តល់​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា ហើយ​សាធារណរដ្ឋ​ឆែក​បាន​ស្នើ​ផ្តល់ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ រថក្រោះ​នឹង​ប្រព័ន្ធ​ការពារ​គ្រាប់​រ៉ុកកែត។

លោក Austin ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា ចាប់តាំង​ពី​កិច្ចប្រជុំ​លើក​ទី១​របស់​ក្រុម​ប្រទេសទាំង​នេះកាល​ពី៤​សប្តាហ៍កន្លង​មក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាមេរិកក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​មក សន្ទុះ​នៃការ​ជួយ​ឧបត្ថម្ភនិង​ការ​ដឹកជញ្ជូន​បរិក្ខារ​យោធាទៅ​កាន់​អ៊ុយក្រែន មានភាព​ល្អ​ប្រសើរ​យ៉ាង​ខ្លាំង»៕