រូបឯកសារ៖ ពលរដ្ឋ​ដើរ​តវ៉ា​អំឡុង​បាតុកម្ម​ប្រឆាំង​ការ​ស្អប់​ជនជាតិ​អាស៊ី (Stop Asian Hate) នៅ​កណ្តាល​ក្រុង Detroit រដ្ឋ Michigan កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ ២០២១។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចេញផ្សាយតួលេខ​ទាំង​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២០​ខែ​ឧសភា​នៅពេលក្រសួង​នេះកំណត់​ខួប​ឆ្នាំ​ទី​មួយនៃ​ច្បាប់​ស្តីពីឧក្រិដ្ឋកម្ម​សម្អប់​ទាក់ទិននឹងជំងឺ​កូវីដ​១៩​និង​ប្រកាស​វិធានការ​ថ្មីៗ​សម្រាប់​ធ្វើ​ឱ្យ​រា​និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មសម្អប់។ ច្បាប់​នេះ​តម្រូវ​ឱ្យក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ជា​ថ្មីករណីឧក្រិដ្ឋកម្ម​សម្អប់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក Merrick Garland បានមាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «គ្មាន​នរណាម្នាក់​ក្នុង​ប្រទេស​នេះគួរភ័យ​ខ្លាចការ​គំរាមកំហែងនៃ​អំពើ​ហិង្សា​បញ្ឆេះ​ដោយ​សម្អប់​ទេ។ ក្រសួង​យុត្តិធម៌នឹង​បន្ត​ប្រើ​ធនធាន​ដែល​ខ្លួន​មានដើម្បី​ប្រឈម​នឹង​សកម្មភាពខុស​ច្បាប់ដោយសារ​សម្អប់និងដាក់​ពួក​ជនល្មើស​ឱ្យ​ទទួល​ខុស​ត្រូវ»។

តួ​លេខ​នៃការចោទ​ប្រកាន់​ក្នុង​តុលាការ​និង​ការ​កាត់​ទោស​អំពី​ឧក្រិដ្ឋកម្ម​សម្អប់ចេញ​ផ្សាយដោយ​ក្រសួង​យុត្តិធម៌ហាក់​ដូច​ជា​ច្រើន​ជាង​តួលេខជា​ប្រវត្តិសាស្ត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​បន្តិច។ ស្ថិតិ​មួយ​កាល​ពី​ឆ្នាំ​២០២១​នៃ​ការិយាល័យ​យុត្តិធម៌បាន​រក​ឃើញ​ថា ពួក​រដ្ឋ​អាជ្ញា​សហព័ន្ធ​បាន​ចោទ​ប្រកាន់ពួក​ចុង​ចោទ​ប្រមាណ​២១​នាក់​ជា​មធ្យម​ភាគហើយមាន​ការ​កាត់​ឱ្យ​ជាប់​ទោស​អំពីឧក្រិដ្ឋកម្ម​សម្អប់​១៩​ជា​មធ្យម​ភាគក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​១៥ឆ្នាំ។​

នៅ​ក្រោម​រដ្ឋបាល Trump ក្រសួង​យុត្តិធម៌​បាន​ប្រឈម​នឹង​ការ​រិះគន់​ថា​មិន​បាន​ផ្តល់​អាទិភាពដល់​ការ​ពង្រឹង​សិទ្ធិ​ពលរដ្ឋ។ ពួក​មន្ត្រីរដ្ឋបាល Trump បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយមន្ត្រី​ជាន់ខ្ពស់ខាង​សិទ្ធិពលរដ្ឋរបស់​ក្រសួង​យុត្តិធម៌​បាននិយាយ​កាល​ពី​ខែ​មករា​២០២១ថា​ផ្នែក​របស់​លោកបាន​ចោទ​ប្រកាន់អំពីឧក្រិដ្ឋកម្ម​សម្អប់ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ដែល Trump កាន់​តំណែង។

ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​តួ​លេខ​ទេ។ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មិន​បានឆ្លើយ​តប​នឹង​សំណើ​សុំ​របស់​វីអូអេនូវ​តួលេខ​នៃការ​ចោទប្រកាន់​ក្នុង​តុលាការអំពី​ឧក្រិដ្ឋកម្ម​សម្អប់ក្នុង​សម័យ​រដ្ឋបាល Trump ទេ។​

ច្បាប់​សហព័ន្ធចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម ការ​យក​ជន​រងគ្រោះ​ម្នាក់​ជា​ទីដៅដោយសារពូជសាសន៍ យេនឌ័រឬ​អត្តសញ្ញាណយេនឌ័រ សាសនា ភាព​កាយ​វិកល ការនិយម​ខាង​ភេទ​ឬ​ខាង​ជាតិពន្ធុ។ ការប្រព្រឹត្តល្មើសឧក្រិដ្ឋត្រូវ​ចោទ​ប្រកាន់​ក្នុង​តុលាការ​ជា​ឧក្រិដ្ឋកម្ម​សម្អប់​មាន​សកម្មភាព​តាំង​ពី​អំពើ​ហិង្សារហូត​ដល់​ការ​ធ្វើ​ឱ្យខូច​ខាតអគារសាសនា។

ឧក្រិដ្ឋកម្ម​សម្អប់​ភាគ​ច្រើន​ត្រូវ​ចោទ​ប្រកាន់​ក្នុង​តុលាការនៅ​កម្រិត​រដ្ឋ​និង​កម្រិត​មូលដ្ឋាន ហើយពួក​រដ្ឋអាជ្ញា​សហព័ន្ធ​ធ្វើ​ការ​ចោទ​ប្រកាន់ក្នុងកាលៈទេសៈ​ពិសេស​ខ្លះ។ ជា​ការ​ពិត ភាគ​ច្រើននៃ​ករណី​ឧក្រិដ្ឋកម្មសម្អប់ដែល​ត្រូវ​បញ្ជូនទៅក្រសួង​យុត្តិធម៌​មិន​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​តុលាការ​ទេ

មានច្បាប់សហព័ន្ធ​មួយ​ចំនួន​អំពី​ឧក្រិដ្ឋកម្ម​សម្អប់ ហើយ​ក៏​មានការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ផង​ដែរ។ តែមាន​ការ​ពិបាក​អំពី​ការយក​ករណី​ឧក្រិដ្ឋកម្ម​សម្អប់​ទៅ​ចោទ​ប្រកាន់​ក្នុង​តុលាការ។ ដើម្បី​ឱ្យ​មាន​ការដាក់​ទោស ពួក​រដ្ឋអាជ្ញា​ត្រូវ​បង្ហាញថាពួកចុង​ចោទ​មាន​ការជំរុញចិត្ត​ដោយ​ការ​លម្អៀង ហើយ​មិន​មែនដោយ​ជន​រងគ្រោះឋិត​ក្នុងឋានៈ​មាន​ការ​ការពារ​ទេ។

បើ​តាមទិន្នន័យប៉ូលិសប្រមូល​ដោយមជ្ឈមណ្ឌលសិក្សា​អំពីសម្អប់និង​ភាព​ជ្រុល​និយមនៅ​សាកលវិទ្យាល័យរដ្ឋ California នៅ San Bernardino ថាកាល​ពី​ឆ្នាំ​ទៅ​មិញ​ ឧក្រិដ្ឋកម្ម​សម្អប់​ក្នុងក្រុង​អាមេរិក​ធំៗ​៣៧​បាន​កើន​ឡើង​ជិត​៣៩% ដោយ​មានការ​វាយ​ប្រហារ​លើពលរដ្ឋ​អាមេរិកាំងមាន​ដើមណើតអាស៊ីនិងជ្វីហ្វ​ជា​ច្រើន។​

ជា​ផ្នែកមួយ​នៃ​ការ​បង្កើនការ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​សម្អប់ ក្រសួង​យុត្តិធម៌បាន​និយាយ​ថាខ្លួន​បាន​ចេញ​ការ​ណែនាំថ្មី​ជាមួយផ្នែកសុខាភិបាល​និង​សេវា​មនុស្សដើម្បី​បង្កើន​ការ​យល់​ដឹងអំពី​ឧក្រិដ្ឋកម្ម​សម្អប់​ បង្កើត​កម្មវិធីខ្សែ​ទូរសព្ទ​សម្រាប់​គ្រា​មាន​អាសន្នចាត់​ចែង​ដោយ​រដ្ឋ និង​ជួលអ្នក​សម្របសម្រួលខាង​ភាសា​របស់​ក្រសួង​នេះ​ផង​ដែរ។

ក្រសួងនេះ​បានថ្លែង​ថា៖ «ការមាន​ការ​ទាក់ទង​ខាង​ភាសា​ជារបាំង​ធំ​មួយមិន​ឱ្យ​មាន​ការរាយការណ៍អំពី​ឧក្រិដ្ឋកម្ម​សម្អប់ ហើយ​អ្នក​សម្របសម្រួល​ខាង​ភាសានឹង​ជួយ​កែ​លម្អ​ការ​ចេះ​ដឹង​ ការ​ប្រើ​និង​ការ​ពង្រីក​ធនធាន​ខាង​ភាសារបស់​ក្រសួង​យុត្តិធម៌​ផង​ដែរ»៕