យុវជនអាយុ១៨ឆ្នាំ បាញ់រះក្នុងសាលារៀន ស្លាប់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់នៅTexas។ រូបភាព៖CNN

ឪពុកម្ដាយនិងសាច់ញាតិ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅសាលារៀនបឋមសិក្សាមួយ នៅទីក្រុង Uvalde ក្នុងរដ្ឋ Texas ខណៈ​សិស្ស​ត្រូវ​បាន​ជម្លៀស​ចេញ​​ កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់ពីមានករណីបាញ់ប្រហារសម្លាប់មួយ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា កុមារ១៤នាក់ និងគ្រូបង្រៀនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដែលបង្កឡើងពីជន​សង្ស័យដែលជាយុវជនទើបមានអាយុ​១៨​ឆ្នាំ។ ជនសង្ស័យនេះក៏បានស្លាប់ដែរ។

អភិបាលរដ្ឋTexas លោក Greg Abbott បាននិយាយថា វាជាការបាញ់ប្រហារនៅសាលារៀនដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៅរដ្ឋTexas ហើយបានកើតឡើងរយៈពេល៤ឆ្នាំ បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សចំនួន១០នាក់នៅវិទ្យាល័យ Santa Fe នៅក្នុងទីក្រុង Houston ។

លោក Abbott បាននិយាយថា ខ្មាន់កាំភ្លើងគឺជាអ្នករស់នៅក្នុងសហគមន៍ ហើយបានចូលទៅក្នុងសាលារៀនជាមួយនឹងកាំភ្លើងខ្លីមួយដើម ឬអាចមានកាំភ្លើងវែងមួយដើមទៀត ហើយបានបាញ់ប្រហារ។ លោក​បន្ត​ថា ឃាតករ​ទំនង​ជា​សម្លាប់​ដោយការបាញ់ឆ្លើយតបពី​មន្ត្រី​ ប៉ុន្តែ​ករណីនេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​នៅឡើយ។

ប៉ូលីសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពតែម្នាក់ឯង ហើយភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់រងរបួស ក្រៅពីអ្នកស្លាប់នោះទេ ប៉ុន្តែគឺមានអ្នករងរបួសច្រើន។

មានកុមារ១៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងស្រ្ដីអាយុ៦៦ឆ្នាំម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា លោកប្រធានាធិបតី Joe Biden ត្រូវបានគេរាយការណ៍ខ្លីៗអំពីការបាញ់ប្រហារនៅសាលារៀននេះ អំឡុងពេលលោកកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One ត្រឡប់ពីដំណើរបំពេញទស្សនកិច្ចមកកាន់អាស៊ីរយៈពេល៥ថ្ងៃ ហើយនឹងបន្តទទួលបានព័ត៌មានថ្មីៗ។

លោកស្រីបន្តថា លោក Biden នឹងថ្លែងសុន្ទរកថាអំពីករណីបាញ់ប្រហារនេះនៅឯសេតវិមាន៕