
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើ ដំណើរតាមទូរសព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា បានបើកសម្ពោធរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីជាផ្លូវការហើយ នៅថ្ងៃទី២៤ឧសភា ឆ្នាំ២០២២។
រោងចក្រ អនៀន ម៉ូប៊ីលីធី សាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតានៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសសុវណ្ណភូមិ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាលតាម បណ្តោយផ្លូវជាតិលេខ១ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោក Kay Woo ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានថ្លែងក្នុងកម្មវិធីនេះថា៖ «យើងកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងស្រុង រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។បច្ចុប្បន្ន យើងកំពុងបន្តសិក្សាដើម្បីអនុវត្តឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏ច្បាស់លាស់របស់យើងគឺយើងនឹងផ្លាស់ប្តូរកម្ពុជា ទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់យានជំនិះដើរដោយថាមពល អគ្គិសនី»។
លោក Woo ថ្លែងទៀតថា ស្ថានីយ៍អនៀនគឺជាស្ថានីយប្តូរអាគុយដែលគ្រប់ម៉ូតូកង់បីអគ្គិសនីអាចចូលទៅប្តូរថ្មអាគុយបានគ្រប់ពេល។ នៅទីនោះ ជាស្ថានីយ៍ដែលផ្តល់ផលចំណេញដល់ទៅ២០% បើធៀបនឹងអ្នកបើកបរម៉ូតូកង់បីដែលប្រើហ្គាស ឬឥន្ទនៈ។
លោកថ្លែងដូច្នេះថា៖«យើងឃើញថា រថយន្តអគ្គិសនីត្រូវបានគេយកចិត្តទុកដាក់នាពេលនេះ។ អ្នកបើកបរម៉ូតូកង់បីជាច្រើន បានមកការិយាល័យយើង ដើម្បីផ្លាស់ប្តូរមកប្រើម៉ូតូកង់អគ្គិសនីរបស់យើង ហេតុផលគឺថា ពួកគេអាចរកចំណូលបានច្រើនជាងប្រើប្រាស់ម៉ូតូកង់បីប្រើហ្គាសនិងប្រេងឥន្ទនៈ ហើយម៉ូតូកង់បី អនៀន ធីវ័ន ងាយស្រួលបើកបរ។ បុគ្គលម្នាក់បានមករកយើងទិញ ធីវ័ន សម្រាប់ប្រើប្រាស់ជាយានជំនិះផ្ទាល់ខ្លួន ឬសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ។ យើងជឿថា ការប្រើប្រាស់ម៉ូតូកង់បីអគ្គិសនីរបស់យើង គឺជាការផ្លាស់ប្តូររូបភាពនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា»។
បច្ចុប្បន្ន ក្រុមហ៊ុននេះ បានបើកដំណើរការស្ថានីយសរុបចំនួន១០ រួមមាន មេហ្គា១កន្លែង អនុស្ថានីយប្តូរអាគុយចំនួន៣កន្លែង និងអនុស្ថានីយជាដៃគូចំនួន៦កន្លែង ហើយក្រុមហ៊ុននឹងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រ ទេសកម្ពុជា។

ស្របគ្នានេះ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ក៏បានចុះអនុស្សរណៈយោគយល់ជាមួយ ក្រុមហ៊ុន CTR (Central Corporation)ស្តីពីគម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូច ដែលប្រើថាមពលអគ្គិសនីÈ ដើម្បីជំរុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ឲ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា។
ក្រុមហ៊ុន CTR (Central Corporation)គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តឈានមុខគេនិងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅទូទាំងពិភពលោ។ បច្ចុប្បន្ន ក្រុមហ៊ុន CTR បានផ្គត់ផ្គង់គ្រឿងបន្លាស់យានយន្តដល់ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Tesla ។ ក្រុមហ៊ុននេះមានចំណូល១,៥ពាន់លានដុល្លារក្នុង១ឆ្នាំ។

លោកថ្លែងថា ៖«ខ្លឹមសារនៃអនុស្សរណៈយោគ គ្នាគឺក្រុមហ៊ុនទាំង២នេះនឹងបណ្តាក់ទុនរួមគ្នាវិនិយោគលើគម្រោងនេះ ហើយក្រុមហ៊ុន CTR គឺជាដៃគូដែលផលិតអាគុយសម្រាប់ប្រើប្រាស់ឡើងនៃរថយន្តអគ្គិសនីដែលជាបច្ចេកបឲវិទ្យាថ្មីមួយ។យើងជាដៃគូសហការដ៏ល្អជាមួយគ្នា សំណុំអាគុយរបស់ក្រុមហ៊ុន CTR ដែលផលិតនឹងយកមកប្រើប្រាស់ឡើងសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន អនៀន ម៉ូបីលីធី។នៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងផលិតរថយន្តប្រើប្រាស់អគ្គិនសីខ្នាតតូច»។
រោងចក្រនេះនឹង ផ្តល់ឱកាសការងារ៥០០កន្លែងត្រឹមឆ្នាំ២០៥០។ ក្រុមហ៊ុននេះមានផែនការផលិតម៉ូតូកង់បីអគ្គិសនី៣ពាន់គ្រឿងសម្រាប់ឆ្នាំ២០២២-២០២៣។ ក្រុមហ៊ុននេះក៏មានផែនការពង្រីកទីផ្សារផលិតទាំងនេះទៅកាន់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវនាពេលអនាគតដែរ៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022