ការប្រកាសបើកយុទ្ធនាការឌីជីថលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ឧសភានេះ នៅសណ្ឋាគារ ហ៊ីយ៉ាត ភ្នំពេញ។ រូបភាព៖សឹម សល់ម៉ា

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បើកយុទ្ធនាការឌីជីថល ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះ ដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ។

ការប្រកាសបើកយុទ្ធនាការឌីជីថលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ឧសភានេះ នៅសណ្ឋាគារ ហ៊ីយ៉ាត ភ្នំពេញ។ យុទ្ធនាការឌីជីថលនេះ នឹងអនុវត្តរយៈពេល៦ ខែនៅតំបន់ចំនួន៣ ដែលមានហានិភ័យអំពើហឹង្សាខ្ពស់នៅរាជធានីភ្នំពេញ ដូចជា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

រូបភាព៖ សឹម សល់ម៉ា

លោក Felipe De la Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេសយ៍ និងប៉ាស៊ីហ្វិកនៃ UNODC មានប្រសាសន៍ថា UNODC យុទ្ធការនេះមានគោលបំណងផ្ដល់ចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលកំពុងកើតឡើងនៅទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានស្រាប់សម្រាប់ជនរងគ្រោះ។

លោកថ្លែងដូច្នេះថា៖«អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទនងសង្គមរបស់សហគមន៍ផងដែរ។ យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្ត្រនគរបាលសហគមន៍ ក្នុងការកាត់បន្ថយអំពើហិង្សា ទាក់ទឹងនឹងយេនឌ័រនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ»។

លោកបន្ថែមថា យុទ្ធនាកានេះក៏នឹងផ្តោតលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខ តាមរយៈការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញសម្ភាសន៍ និងសរសេររបាយការណ៍ និងរាយការណ៍ ព្រមទាំងបង្កើនការសម្របសម្រួលកាន់តែប្រសើរជាមួយភាគីពាក់ព័ន្ធនានា។

លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា មូលហេតុដែលគម្រោង UNODC អនុវត្តយុទ្ធនាការនេះនៅរាជធានីភ្នំពេញ ដោយសារនៅភ្នំពេញ មានប្រជាពលរដ្ឋចំនួនច្រើន ហើយនឹងអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលជាខេត្តគោលដៅរបស់ UNODC។

លោកថ្លែងដូច្នេះថា៖«ការចូលរួមទប់ស្កាត់អំពើហឹង្សានេះ មានក្រសួងពាក់ព័ន្ធច្រើនណាស់ ដើម្បីធ្វើការចូលរួមប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។ គោលនយោបាយរបស់រដ្ឋាភិបាល យកចិត្តទុកដាក់ទៅលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែក្នុងនោះ ក្រសួងមហាផ្ទៃ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបង្រ្កាបការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តហិង្សា»។

រូបភាព៖ សឹម សល់ម៉ា

លោកបន្តថា ការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា គឺជារឿងល្អ ហើយត្រូវបន្តអនុវត្តទៀត ដើម្បីឱ្យមន្ត្រីមានការយល់ដឹងអំពីអំពើហិង្សា និងចូលរួមទប់ស្កាត់អំពើហិង្សាឱ្យមានប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរងគ្រោះពីអំពើហិង្សា ត្រូវចូលរួមជាមួយអាជ្ញាធរ ដូចជាផ្តល់ព័ត៌មាន ដើម្បីឱ្យសមត្ថកិច្ចមានចាត់វិធានការណ៍ តាមនិតីវិធីច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើហិង្សា ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារធ្វើយ៉ាងណា ដើម្បីកាត់បន្ថយអំពើហិង្សា។

អំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល រួមមានអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត គឺជាអំពើហិង្សាដែលកើតឡើងញឹកញាប់បំផុតទៅលើស្រ្តីនៅក្នុងប្រទេសកម្ពុជា។

ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ ធ្លាប់បានរងគ្រោះដោយអំពើហិង្សាលើរាងកាយ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២០ អត្រានៃឧប្បត្តិហេតុនេះ បានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។

លោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីបានលើកឡើងដែរថា ផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺមានយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ មានដូចជា ភាគីពាក់ព័ន្ធទត្រូវអនុវត្តសកម្មភាពយ៉ាងណា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់អំពើហិង្សា កិច្ចការពារតាមផ្លូវច្បាប់ រៀបចំបទដ្ឋានគតិយុត្តិ និងផ្តល់វគ្គបណ្តុះបណ្តាលពីរបៀបទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធ។

រូបភាព៖ សឹម សល់ម៉ា

គួរបញ្ជាក់ថា យុទ្ធនាការឌីជីថលប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ នឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយខ្លឹមសារផ្សេងៗនៅលើប្រព័ន្ធអនឡាញ រួមមានខ្សែភាពយន្តអប់រំខ្លីៗ សារផ្សព្វផ្សាយអប់រំពីសំណាក់បុគ្គលសាធាណៈនៅលើប្រព័ន្ធអនឡាញ ព័ត៌មានជីវចលជាដើម ដែលបង្កប់អត្ថន័យ និងនិងខ្លឹមសារ ពង្រឹងការយល់ដឹងរបស់សហគមន៍អំពីការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងមធ្យោបាយដើម្បីទទួលបានអន្តរាគមន៍ពីមន្ត្រីនគរបាល និងសហគមន៍៕