
សហរដ្ឋអាមេរិកនឹងឆ្លើយតបចំពោះការស្នើសុំឱ្យបញ្ចេញវ៉ាក់សាំងការពារជំងឺអុតស្វា ពីស្ដុកជាតិយុទ្ធសាស្រ្ដរបស់ខ្លួន ខណៈការផ្ទុះឆ្លងមួយនៃជំងឺនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត។
យោងតាមមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក(CDC) បានបញ្ជាក់នៅថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកបានរកឃើញការឆ្លងជំងឺអុតស្វាមួយករណី និងការសង្ស័យឆ្លងចំនួន៤ករណីទៀត។
ប្រឈមនឹងការផ្ទុះឆ្លងជំងឺនេះ មន្រ្តីCDCអាមេរិកម្នាក់បាននិយាយថា អ្វីដែលអាចរាយការណ៍បាននៅពេលនេះ គឺមានការស្នើសុំឱ្យបញ្ចេញវ៉ាក់សាំងពីស្ដុក ដើម្បីផ្ដល់ឱ្យអ្នកដែលមានហានិភ័យឆ្លងខ្ពស់ គឺក្រុមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺអុតស្វានេះដំបូងគេ។
មន្រ្តីរូបនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានរក្សាទុកយ៉ាងល្អនូវវ៉ាក់សាំងដែលខ្លួនកំពុងត្រៀមទុកសម្រាប់ភាពចាំបាច់ត្រូវប្រើប្រាស់ដើម្បីប្រឆាំងជំងឺអុតស្វានេះ។
មានវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន២ប្រភេទ ត្រូវបានផ្ដល់អាជ្ញាបណ្ណឱ្យប្រើនៅសហរដ្ឋអាមេរិកដើម្បីចាក់ការពារជំងឺឆ្លងអុតស្វា មានដូចជា វ៉ាក់សាំង Jynneos ដែលត្រូវចាក់ពីរដូស ហើយអាមេរិកកំពុងមានវានៅពេលបច្ចុប្បន្ននេះជាងមួយពាន់ដូស និងវ៉ាក់សាំង ACAM2000 ដែលអាមេរិកកំពុងមានជាងមួយលានដូស។
CDCអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាមួយករណី ដែលត្រូវបានរកឃើញនៅអាមេរិក គឺនៅលើបុរសម្នាក់ក្នុងរដ្ឋ ម៉ាស្សាជូសិត (Massachusetts) ហើយការសង្ស័យឆ្លង៤ករណីទៀត គឺពលរដ្ឋរស់នៅក្នុងទីក្រុង ញូវយ៉ក(New York) រដ្ឋ ហ្លរីដា (Florida) និងរដ្ឋយូថា(Utah)៕
ប្រភព៖ CNN
- វៀតណាម នឹងមិនត្រូវការយកដីខ្មែរនោះទេ - នៅថ្ងៃទី 25/06/2022
- សហគ្រាសផលិតស្ករពីផ្លែចេក ដើម្បីបង្កើតទីផ្សារថ្មីសម្រាប់កសិករ - នៅថ្ងៃទី 25/06/2022
- វិធីការពារជំងឺរលាកផ្កា និងអុចខ្មៅលើក្ដឹបនិងផ្លែ - នៅថ្ងៃទី 25/06/2022