លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងសុខាភិបាល។រូបភាព៖ ហ្វេសប៊ុក ក្រសួងសុខាភិបាល

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងអុតស្វា(Monkeypox) ខណៈអង្គការសុខភភាពពិភពលោកទើបបានប្រកាសថា គិតត្រឹមថ្ងៃសៅរ៍ទី២១ឧសភានេះ ជំងឺអុតស្វា ត្រូវបានគេរកឃើញជិត១០០ករណីនិងករណីសង្ស័យ២៨ករណី នៅក្នុងប្រទេសចំនួន១២ នៅទូទាំងពិភពលោក។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងលិខិតមួយកាលពីថ្ងៃទី​២២​ឧសភានេះថា ថ្វីត្បិតកម្ពុជាមិនទាន់រកឃើញជំងឺអុតស្វានេះនៅឡើយ ប៉ុន្តែពលរដ្ឋគ្រប់រូប ត្រូវអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ជាពិសេស គ្រប់មន្ទីរពេទ្យនិងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតឡើងដើម្បីបន្តការស៊ើបអង្កេត។

លោកស្រីក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ អ្នកដំណើរចូលកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន និងគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិកប្រមាណ១០ប្រទេស ដែលមានការកើនឡើងជំងឺអុតស្វា ដោយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ១១៥។

ជំងឺអុតស្វានេះ គឺជាជំងឺចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈការប៉ះពាល់ជិតស្និទ្ធ ការរួមភេទ ការប្រើប្រាស់របស់​របរឡាយឡំគ្នាដែលមានជាប់វីរុសនេះ ដូចជា សម្លៀកបំពាក់ ពួក កន្សែង ចានឆ្នាំង ឆ្លងតាមរយៈទឹកមាត់ ការឆ្លងពីម្ដាយទៅទារកក្នុងផ្ទះតាមទងសុក ឬការចម្លងដែលមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ។

រោគសញ្ញារបស់ជំងឺអុតស្វា មានដូចជាក្ដៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក ដែលប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង រួមទាំងមាត់ ប្រដាប់ភេទ និងភ្នែក ដែលជាទូទៅមានរយៈពេលពី២ទៅ៣សប្ដាហ៍ ទើបបាត់ទៅវិញ។ ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះ អាចបណ្ដាលឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្ដាលឱ្យស្លាប់។

ការប្រកាសពីមន្រ្តីកម្ពុជាឱ្យពលរដ្ឋប្រុងប្រយ័ត្ននេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានអះអាងថា ជំងឺអុតស្វានេះ ទើបត្រូវបានរកឃើញឆ្លងដល់មន្រ្តីមួយចំនួននៅប៉ែកអឺរ៉ុប ដូចជាប៊ែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ស៊ុយអែត សហ​រដ្ឋអាមេរិក និងអូស្រ្ដាលី ដែលប្រទេសទាំងអស់ បានរកឃើញករណីពី២ទៅ៥ករណី។

មន្រ្តីអង្គការសុខភាពពិភពលោកព្រមានថា ជំងឺនេះនឹងឆ្លងទៅកាន់ប្រទេសជាច្រើនផ្សេង ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានលើកឡើងថា ថ្វីត្បិតអ្នកជំនាញបានបញ្ជាក់ថា ជំងឺអុតស្វានេះមិនរាតត្បាតខ្លាំងដូចជំងឺកូវីដ ប៉ុន្តែពលរដ្ឋត្រូវមានការព្រួយបារម្ភ ខណៈអ្នកវិទ្យាសាស្រ្ដកំពុងសិក្សាស្វែងយល់បន្ថែមពីការផ្ទុះឆ្លងរាលដាលនៅពេលថ្មីៗនេះ៕