ខ្ទឹមបារាំង ជាបន្លែមួយប្រភេទយ៉ាងសំខាន់សម្រាប់បរិភោគជាប្រចាំថ្ងៃរបស់មនុស្ស។មើមខ្ទឹមបារាំងមាននូវជីវជាតិផ្សេងៗ ដូចជា វីតាមីន និងជាតិកាល់ស្យូមដែលអាចឱ្យមនុស្សមានសុខភាពមាំមួន និងកម្លាំងខ្លាំងក្លា។ គេអាចយកខ្ទឹមបារាំង ទៅធ្វើជាម្ហូបអាហារ ដូចជា យកទៅឆា ស្ងោរ ញាំ ឬធ្វើបន្លែសម្លរការី។

ការជ្រើសរើសពូជ

កសិករត្រូវជ្រើសរើសយកពូជ ដែលមានគុណភាពល្អទៅដាំ ព្រោះពូជល្អអាចនាំឱ្យមានផលល្អ មើមធំ​ ទិន្នផលខ្ពស់។ ត្រូវយកពូជ ដែលមានរយៈពេលដាំដុះខ្លីធន់ទ្រាំនឹងជំងឺ ឬសត្វល្អិតបំផ្លាញ ។ ជ្រើសរើសយកពូជដែលមានអត្រាដុះពី ៨០ –៩៥ % ។ ឧទាហរណ៍ពូជ GRANEX HYBRIDE ឬពូជ RED CREOL ដែលល្អ ដាំនៅប្រទេសកម្ពុជាយើង ។

 ការជ្រើសរើសដីដាំដុះ

កសិករត្រូវជ្រើសរើសដីទួល មិនលិចទឹក មានពន្លឺថ្ងៃគ្រប់គ្រាន់ ដីដែលដាំបាន បរិមាណផលច្រើន គឺប្រភេទដីល្បាយខ្សាច់ ដូចជាដីតាមមាត់ទន្លេ ឬដីដែលសំបូរជាតិហ្វូសស្វាត និងប៉ូតាស្យូម ។ ត្រូវរកដីនៅជិតប្រភពទឹក ឬមានប្រភពទឹកគ្រប់គ្រាន់ ដូចជាត្រពាំង បឹងបួរ ព្រែក ស្រះអណ្តូង ឬ នៅជិតកន្លែងមានប្រព័ន្ធធារាសាស្ត្រ ពិសេសរកដីដែលនៅជិតភូមិ ដើម្បីងាយស្រួលដល់ការថែទាំ ស្រោចទឹកបោចស្មៅ។

រដូវកាលដាំដុះ

នៅចុងរដូវវស្សា គេដាំខ្ទឹមបារាំងបាន ដោយស្រោចទឹក។ រដូវដែលល្អជាងគេ សម្រាប់ដំណាំខ្ទឹមបារាំងគឺ រដូវរំហើយដែលមានធាតុអាកាសត្រជាក់ល្អ។

របៀបដាំខ្ទឹមបារាំង

ក.ការរៀបចំដីថ្នាល និងធ្វើថ្នាលសាប

  • ភ្ជួរដីឱ្យបាន២​ទៅ៣ ដង ហើយឱ្យបានជម្រៅពី១៥ ទៅ២០សង់ទីម៉្រែត
  • ត្រូវវាយបំបែកដីឱ្យម៉ត់ល្អ ដើម្បីឱ្យខ្យល់អាកាសចេញចូលបានស្រួល ទឹកងាយជ្រាបចូល រក្សាសំណើមបានយូរ និងអាចឱ្យឬសខ្ទឹមបារាំងចាក់ចូលដី ស្រូបយកជីជាតិបានស្រួល។

ខ. របៀបធ្វើថា្នល

​            ថ្នាលសាបអាចយកទទឹងពី០.៩០ម៉្រែត​​ទៅ១ម៉្រែត បណ្តោយតាមលទ្ធភាពដី កម្ពស់ពី០.១០ម៉្រែត ទៅ០.១៥ ម៉្រែត។ កសិករអាចបណ្តុះគ្រាប់ខ្ទឹមបារាំងនៅក្នុងឡាំង ឬកេសឈើដែលងាយស្រួលដល់ការលើកដាក់ចុះឡើង។

            សូមបញ្ជាក់៖ ដំណាំខ្ទឹមបារាំងគេអាចសាបផ្ទាល់ដីលើរង តែត្រូវសាបឱ្យស្មើហើយស្ដើងៗ បើដាំរបៀបនេះត្រូវដកចេញកូនខ្ទឹមដែលអន់គុណភាព មានជំងឺ ឬសត្វល្អិតបំផ្លាញ ។ គេអាចទុកតែមួយដើមក្នុងមួយគុម្ព នៅពេលកូនខ្ទឹមដុះបាន ពីមួយអាទិត្យទៅ ១០ ថ្ងៃ ។

គ. របៀបដាក់ជីមុនពេលព្រោះគ្រាប់

ពេលធ្វើថ្នាលសាបបានត្រឹមត្រូវហើយ ត្រូវយកជីមករាយឱ្យស្មើរួចកាប់ត្រឡប់ ទៅក្នុងដី រាស់ឱ្យស្អាត ។

ឃ. ការសាប ឬព្រោះគ្រាប់

ត្រូវយកគ្រាប់ខ្ទឹមទៅលាយជាមួយជាមួយដីខ្សាច់ម៉ត់ ឬផេះ ( គ្រាប់មួយ ភាគលាយដីខ្សាច់ ឬ ផេះបួនភាគ) រួចយកទៅសាប ឬព្រោះឱ្យស្ដើងៗលើថ្នាល ។ គ្រាប់ខ្ទឹមបារាំងចំនួន ៣ ក្រាម លាយជាមួយដីខ្សាច់ម៉ត់ ឬផេះ ១២ ក្រាម ( មួយភាគបួន)អាចព្រោះលើថ្នាល ១ ម៉្រែត។ ក្រោយពេលសាបត្រូវកាត់ចំបើងខ្លីៗទៅគ្របពីលើដើម្បីឱ្យទឹកដក់លើថ្នាលបានយូរ ហើយត្រូវស្រោចទឹកឱ្យបាន ៣ ដងក្នុង ១ ថ្ងៃ ដោយប្រើធុងដែលមានផ្កាឈូកជៀសវាងគ្រាប់កកដុំៗ។ ត្រូវយកផេះរោយ ជុំវិញថ្នាលការពារស្រមោចចូលស៊ីគ្រាប់ខ្ទឹម ហើយត្រូវគ្របថ្នាលលុះត្រាតែកូនខ្ទឹមបារាំងចេញពន្លក ទើបបើកចេញ ។

ង. ការរៀបចំដី និងលើករង

– ត្រូវភ្ជួរ ឬ កាប់ឱ្យបានច្រើនសារហើយបានជម្រៅ ២០ សង់ទីម៉្រែត រួចវាយបំបែក ដីឱ្យម៉ត់ដើម្បីលើករងដាំ ។ ត្រូវលើករងឱ្យដូចៗគ្នាកម្ពស់ ១០ សង់ទីម៉្រែត ទទឹង ១ ម៉្រែត បណ្ដោយតាមលទ្ធភាពដីដែលមាន ។

ច. ការដាំដុះ

ត្រូវដកកូនដាំ នៅពេលរសៀលត្រជាក់ ដើម្បីកុំឱ្យកូនខ្ទឹមស្វិត ឬស្លោកដោយ សារកំដៅថ្ងៃ ។ គេអាចដកកូនខ្ទឹមបារាំងទៅដាំនៅពេលវាមានអាយុ ៣០ ទៅ ៣៥ថ្ងៃ គឺនៅពេលឃើញមានស្លឹក ៣ ទៅ ៤ ហើយជ្រើសយកកូនណាល្អ ដើមធំរឹងមាំ គ្មានជំងឺ។ ក្រោយពេលដាំរួចភ្លាម ត្រូវគ្របឱ្យបាន ៣ ថ្ងៃ ដើម្បីឲ្យដីរក្សាសំណើមបានយូរ ហើយត្រូវស្រោចទឹកឱ្យបានសមស្រប ។

កំណត់សំគាល់៖ ខ្ទឹមបារាំងត្រូវការចាំបាច់នូវជីជាតិប៉ូតាស្យូម ដើម្បីបង្កបង្កើតមើមឱ្យបានធំៗនិងច្រើន ។ ជីជាតិប៉ូតាស្យូមអាចមានច្រើននៅក្នុងផ្ទះសំបកគរ។

ការថែទាំ

កសិករត្រូវស្រោចទឹក ព្រឹកល្ងាច បោចស្មៅ ជ្រួយដីឱ្យធូរ ដើម្បីខ្យល់ចេញចូលបានស្រួលទឹកងាយជ្រាបចូលក្នុងដីរក្សាសំណើមបានយូរធ្វើឱ្យឬសខ្ទឹមបារាំងអាចស្រូបយក ជីជាតិស្រួលព្រមទាំង ដើមដង ស្លឹក មើមដុះបានល្អ ។

ជំងឺ និងសត្វល្អិតបំផ្លាញ

ក. សត្វល្អិត៖ ដោយសារខ្ទឹមបារាំងមានរសជាតិហឹរបណ្ដាលឱ្យសត្វល្អិត ចង្រៃពុំសូវបំផ្លាញជាលក្ខណៈធ្ងន់ធ្ងរដូចបន្លែដទៃទៀតទេ។ ចំពោះបន្លែនេះយើង សង្កេតឃើញដង្កូវពីប្រភេទដែលបំផ្លាញមានដូចជា៖

ដង្កូវស៊ីរូងស្រទាប់ស្លឹក ឬស៊ីរូងស្លឹក៖ គេកំចាត់វាដោយប្រើថ្នាំម៉ាឡាចុង ៤ ស្លាបព្រាបាយលាយទឹក ២០ លីត្រ ឬ មួយប៉ោតប្រេងកាត ។

ដង្កូងរ៉ុយ ៖ វាកាត់ស្លឹក និង ចោះស្លឹក ។ គេកំចាត់ វាដោយប្រើថ្នាំពុលហ្វូសឌ្រីនឬ មេវាំងហ្វុស ២ ស្លាបព្រាបាយលាយទឹក ២០ លីត្រ ឬ មួយធុងបាញ់ថ្នាំ ។

ខ. ជំងឺ

ដោយឆ្លងកាត់ការដាំដុះកន្លងមក គេតែងសង្កេតឃើញមានជំងឺមួយចំនួនកើតនៅលើខ្ទឹមបារាំង ជំងឺទាំងនោះច្រើនបណ្តាលមកពីផ្សិត បាក់តេរី ណេម៉ាតូត វីរុស និងជំងឺបណ្តាលមកពីទីកន្លែងពុំសមស្របជាដើម ។

ដើម្បីកំចាត់ជម្ងឺទាំងនេះ៖ត្រូវបាញ់ថ្នាំការពារដំណាំ ដាំឆ្លាស់មុខដំណាំ បាញ់ថ្នាំពពួក Fongicides លើគ្រាប់ពូជ និងដំណាំកំពុងលូតលាស់ គាស់ ឬដកដុតចោលឆ្ងាយពេលឃើញមានកើតជំងឺនៅលើដើម ឬ គុម្ពណាមួយ និងជ្រើសរើសពូជដែលធន់ទ្រាំនឹងជម្ងឺ

ការប្រមូលផល

គេអាចប្រមូលផលបាននៅពេលដែលស្លឹករបស់វាចាប់ផ្ដើមងាប់ សំបកមើមឡើងពណ៌ក្រហម ប្ញស និងមើមលេចចេញពីដី ពូជខ្លះមានរយៈពេលលូតលាស់ពី ១២០ទៅ ១៧០ ថ្ងៃក្រោយពេលសាប។ ទិន្នផលខ្ទឹមបារាំងអាចផ្ដល់ជាមធ្យមពី ៣០ទៅ ៧០ តោនក្នុង១ហិកតា។

ការថែរក្សាទុក

បើចង់រក្សាមើមខ្ទឹមបារាំងទុកបានយូរថ្ងៃត្រូវទុកទាំងស្លឹក រួចចងជាដុំព្យូរឱ្យផុតពីដី ដាក់នៅកន្លែង ដែលមានអាកាសធាតុត្រជាក់ មានខ្យល់ចេញចូលល្អ មានសីតុណ្ហភាពក្រោម ១០អង្សាសេ ។ នៅប្រទេសកម្ពុជាយើងពុំអាចរក្សាពូជខ្ទឹមបារាំងបានល្អទេ ដោយសារអាកាសធាតុក្ដៅពុំសមស្រប និងសេចក្តីត្រូវការសម្រាប់ពូជខ្ទឹមបារាំង៕

ប្រភព៖ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម AiDOC/MAFF