
អង្គការ អុកស្វាម និងមូលនិធិ Laudes Foundation នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានប្រកាសឱ្យអនុវត្តគម្រោង«កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ(INSPIRE)»នៅកម្ពុជា។
គម្រោងនេះគាំទ្រហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation ដោយសហការជាមួយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្ពុជា(CATU) និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។
គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងផ្តល់ប្រយោជន៍ដល់អ្នកទទួលផលសរុបប្រមាណ ២ម៉ឺន៣ពាន់នាក់ ដោយផ្ទាល់ និង ៧៣ម៉ឺន៥ពាន់នាក់ទៀតដោយប្រយោល។
ទន្ទឹមនឹងនេះគេក៏រំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គម ទៅដល់ពលរដ្ឋប្រមាណ ១ លាននាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងទទួលព័ត៌មាន។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម ថ្លែងក្នុងកម្មវិធីនេះថា អុកស្វាមប្តេជ្ញាធ្វើការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ពិសេសកម្មករនិយោជិតកិច្ចសន្យាដែលភាគច្រើនជានារី ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។
លោកស្រីថ្លែងទៀតថា៖«ការទទួលបានការគាំពារសង្គមគឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិតនិងក្រុមគ្រួសាររបស់ពួកគេព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល ជាដើម»។
គម្រោងនេះ អនុវត្តចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនៅកម្ពុជា។
លោកស្រី Jill Tucker ប្រធានកម្មវិធីសិទ្ធិពលកម្មរបស់មូលនិធិ Laudes Foundation ថ្លែងថា គោលនយោបាយសន្តិសុខសង្គម ដូចជា ប.ស.ស បានចូលរួមចំណែកជួយពង្រឹងកិច្ចសន្យាសង្គម និងផ្តល់ការការពារជាមូលដ្ឋានដល់កម្មករនិយោជិត ដើម្បីស្នើសុំការគាំទ្រ និងកិច្ចគាំពារពេលពួកគេមានជំងឺ ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច ជាដើម។
លោកស្រីបន្តថាការបំពេញតាមកិច្ចសន្យានេះ បានជម្រុញឱ្យសំឡេងកម្មករមានភាពជាតំណាងកាន់តែប្រសើរឡើង និងឆ្លុះបញ្ចាំងនៅក្នុងកិច្ចពិភាក្សាអំពីគោលនយោបាយនានា។
លោកស្រីថ្លែងដូច្នេះថា៖«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអុកស្វាម លើគម្រោង INSPIRE នេះ យើងខ្ញុំជឿជាក់ថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនឡើង ដើម្បីប្រើប្រាស់ និងទទួលបានអត្ថប្រយោជ៍នានាតាមរយៈគោលនយោបាយប.ស.ស»។
តាមរយៈគោលនយោបាយនេះកម្មករនិយោជិតអាចទទួលបានសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ឆ្នាំ២០២០ កម្មការិនីកាត់ដេរសរុប៨ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណជា ៧,៩ លានដុល្លារអាមេរិក៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022