
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ស្ថិតក្រោមឆ័ត្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងនាំយកអាជីវកម្មខ្នាតតូច និងធម្យមរបស់កម្ពុជាទៅកាន់ពិភពលោក។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានជួបពិភាក្សាជាមួយលោកស្រី Christine Tsai នាយកប្រតិបត្តិក្រុមហ៊ុន 500 Global ជាក្រុមហ៊ុនវិនិយោគក្នុងធុរកិច្ចបង្កើតថ្មីធំជាងគេលើពិភពលោក កាលពីសប្តាហ៍មុន នៅតំបន់ ស៊ីលីខន វ៉ាឡេយ៍ (Silicon Valley)ក្នុងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក។
ការពិភាក្សារបស់ពួកគេបានផ្តោតលើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា និងកិច្ចសហប្រតិបត្តិការ ការពង្រីកបណ្តាញវិនិយោគថ្មី និងការលើកកម្ពស់ការវិនិយោគផ្នែកបច្ចេកវិទ្យា ដែលត្រូវបានកំណត់ថាជាយុទ្ធសាស្ត្រសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។
ក្នុងជំនួបនេះក៏បានពិភាក្សាអំពីយុទ្ធសាស្រ្តក្នុងការទាក់ទាញការវិនិយោគពីបរទេសទៅកាន់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនបណ្តាក់ទុន និងការចាប់ផ្តើមអាជីវកម្មដែលមើលឃើញថាជាឱកាសដ៏ជោគជ័យ។
ការវិនិយោគលើវិស័យដែលស្របតាមក្របខណ្ឌសេដ្ឋកិច្ចឌីជីថលជាតិរបស់កម្ពុជា ក៏ត្រូវបានគេកំណត់ថាជាកត្តាចាំបាច់សម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ។
លោក ជា កុកហុង បានថ្លែងក្នុងកម្មវិធីនេះថា បន្ទាប់ពីបានពិភាក្សាគ្នា អង្គប្រជុំបានយល់ស្របគ្នានូវបញ្ហាប្រឈមជាសកលដែលបានកើនឡើងអតិផរណានៃសេដ្ឋកិច្ចពិភពលោក ការរាំងស្ទះខ្សែច្រវាក់ផលិតកម្ម សង្គ្រាមរុស្សី និងអ៊ុយក្រែន និងការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការបង្អាកនិងការថមថយនៃលំហូរមូលនិធិវិនិយោគទៅកាន់ធុរកិច្ចថ្មី។
លោកថ្លែងដូច្នេះថា៖ «យ៉ាងណាមិញ ការរីកចម្រើននូវបច្ចេកវិទ្យាឌីជីថល ស្របពេលដែលមានការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យានេះ បានបង្កើតនូវឱកាសជាច្រើនសម្រាប់សហគ្រិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជិថល ដើម្បីបង្កើតជាម៉ូឌែលធុរកិច្ចថ្មីដែលអាចលើកកម្ពស់ផលិតភាពនិងប្រសិទ្ធិភាពផលិតកម្ម ព្រមទាំងអាចបង្កើតការងារថ្មីៗដែលមានតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច»។
លោកបន្ថែមថា ដើម្បីធានានូវមូលនិធិវិយោគ VC ចូលទៅកាន់វិស័យធុរកិច្ចថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបកាន់តែច្រើន ក្រុមវិនិយោគិនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវត្តមានគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋទៅដល់ក្រុមហ៊ុនមូលនិធិវិយោគ VC។
លោកថ្លែងដូច្នេះថា៖«ទន្ទឹមនឹងនេះ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើតគោលនយោបាយនិងកម្មវិធីលើកទឹកចិត្តលម្អិតបន្ថែមទៀតដើម្បីធានាទាក់ទាញមូលនិធិវិយោគVC ដែលជាផ្នែកមួយនៃការចូលរួមបន្ថែមលើមូលនិធិវិយោគការអភិវឌ្ឍន៏សហគ្រិនភាព និងការផ្តល់កម្ចីរបស់រដ្ឋលើសហគ្រាសធុនតូច និងមធ្យមកម្ពុជា»។
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពគឺជាមូលនិធិសាធារណៈបង្កើតឡើងក្នុងគោលបំណងស្វែងរក និងផ្តល់ការគាំទ្រដល់សហគ្រិន ដែលមានសក្តានុពលនៅកម្ពុជា ពិសេសសហគ្រិនដែលកំពុងធ្វើកិច្ចការងារចូលរួមដោះស្រាយបញ្ហារាំងស្ទះនានា និងការពង្រីកធុរកិច្ចរបស់ពួកគេ។
ក្រុមហ៊ុន 500 Global មានតម្លៃទីផ្សារជាង ៣០០ពាន់លានដុល្លារអាមេរិក។ កម្មវិធីបង្កើនល្បឿនរបស់ក្រុមហ៊ុន 500 Global ផ្តោតលើទីផ្សារបច្ចេកវិទ្យា ការច្នៃប្រឌិត និង មូលធនអាចធ្វើការដោះស្រាយនូវតម្លៃរយៈពេលវែង និងជំរុញកំណើនសេដ្ឋកិច្ច៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022