
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក — អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅថ្ងៃពុធម្សិល មិញពីភាពអត់ឃ្លាននិងគ្រោះទុរភិក្សដ៏ធំមួយដែលអាចកើតមានជាច្រើនឆ្នាំ ប្រសិនបើវិបត្តិស្បៀងអាហារសាកលនៅតែបន្តកើនឡើងដោយគ្មានការត្រួតពិនិត្យហើយលោកក៏បានជំ រុញឱ្យប្រទេសរុស្ស៊ី ដោះលែងនូវគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលខ្លួនបានរាំងខ្ទប់នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសំខាន់មួយរបស់អង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក លោក Guterres បានប្រសាសន៍ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានអសន្តិសុខស្បៀងអាហារសាកលលោកដែលបានទទួលរងផលប៉ះពាល់រួចទៅហើយដោយសារការ កើនឡើងកំដៅនិងជំងឺរាតត្បាតកូវីដ១៩។
លោក Guterres បានថ្លែងទៀតថា គ្រាន់តែក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលជួបនឹងកង្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរបានកើនឡើងទ្វេដងពីចំនួន១៣៥លាននាក់កាលពីមុនរាតត្បាតជំងឺកូវីដ១៩ទៅដល់រហូត២៧៦លាននាក់ នាពេលបច្ចុប្បន្ន។
លោកបានបន្ថែមទៀតថា មនុស្សប្រមាណជាងកន្លះលាននាក់ កំពុងរស់នៅក្នុងស្ថានភាពនៃគ្រោះទុរភិក្ស ដែលចំនួននេះបានកើនឡើងប្រមាណ៥០០ភាគរយ ចាប់តាំងពីឆ្នាំ២០១៦មក។
មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ អ៊ុយក្រែនត្រូវបានគេមើលឃើញថា ជាប្រទេសដែលផ្តល់ធនធានសម្រាប់ផលិតនំប័ងរបស់ពិភពលោកដោយនាំចេញផលិតផលកសិកម្មប្រមាណ៤,៥លានតោនក្នុងមួយឆ្នាំៗតាមរយៈកំពង់ផែរបស់ខ្លួនដែលក្នុងនោះមានស្រូវសាឡីប្រមាណ១២ភាគរយ ពោតប្រមាណ១៥ភាគរយនិងពាក់កណ្តាលជាប្រេងឆាសម្រាប់ទីផ្សារពិភពលោក។
ក៏ប៉ុន្តែដោយសារកំពង់ផែ Odessa កំពង់ផែ Chornomorsk និងកំពង់ផែមួយចំនួនទៀតក្នុងប្រទេសអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ដោយសារនាវាចម្បាំងរបស់រុស្ស៊ី ការផ្គត់ផ្គងផលិតផលទាំងនេះត្រូវបានធ្វើឡើងតែតាមផ្លូវគោកតែប៉ុណ្ណោះដែលមិនសូវមានប្រសិទ្ធភាព។
លោក Guterres បានអំពាវនាវដល់រុស្ស៊ីឱ្យបើកច្រកកំពង់ផែដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែននាំ ចេញទំនិញទាំងនោះតាមផ្លូវទឹករបស់ខ្លួន៕
- សារព័ត៌មានជប៉ុន៖ ជប៉ុនមិនចង់ឃើញវត្តមានរបស់រុស្ស៊ីក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា - នៅថ្ងៃទី 25/06/2022
- តុលាការកំពូលអាមេរិកប្រែក្រឡះសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនៃសិទ្ធិរំលូតកូនតាមរដ្ឋធម្មនុញ្ញ - នៅថ្ងៃទី 25/06/2022
- នៅឯអង្គការសហប្រជាជាតិ មានការអំពាវនាវឱ្យក្រុមតាលីបង់ប្រែក្រឡាស់ការរឹតត្បិតសិទ្ធិសេរីភាព - នៅថ្ងៃទី 25/06/2022