រូបឯកសារ៖ មេដឹកនាំ​នៃ​ប្រទេស Quad ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន ជួប​ពិភាក្សា​គ្នា​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS)

ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន — មេដឹកនាំ​ជប៉ុន ឥណ្ឌា អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក នឹង​ជួបប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដើម្បី​ស្វះស្វែងរកការមូល​មតិ​គ្នាក្នុង​ការទប់ទល់នឹង​ចិន បើ​ទោះ​បីជា​មាន​ការខ្វែង​គំនិត​គ្នា​នៃ​ក្រុម​ប្រទេស​ទាំងនេះ​លើការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្តី។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ប្រទេស​ចតុភាគី Quad មាន​បំណងធ្វើ​ឱ្យ​មាន​ការឯកភាព​គ្នា​លើ​ការប្រឆំាងនឹង​ការពង្រីកឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច យោធា​និង​បច្ចេកវិទ្យា​ដោយប្រទេស​ចិន។

ក្រុម​ប្រទេស​នេះ​មាន​ការបែកបាក់​គ្នា​ស្តីពី​ប្រទេស​អ៊ុយ​ក្រែន ដោយឥណ្ឌា​ជា​ប្រទេសសមាជិក​តែមួយ​គត់​ដែល​មិន​បានធ្វើ​ការ​រិះគន់​ចំៗឬដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុង​មូស្គូ​ ហើយ​ផ្ទុយ​ទៅ​វិញ ឥណ្ឌា​បាន​បង្កើន​ការនាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ថែម​ទៀត​ផង។

អ្នក​សង្កេតការណ៍​ជាច្រើន​ជឿ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​សម្លឹងមើល​លើ​ការឆ្លើយ​តប​ជា​អន្តរជាតិ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​ដែល​ខ្លួន​កំពុង​គិត​ពិចារណាជម្រើស​នានា​សម្រាប់បង្រួប​បង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​ដីគោក​នោះ។
ក្រុម​ប្រទេស​ចតុភាគី Quad នឹង​ពិភាក្សា​គ្នា​ពីវិធី​ផ្សេងៗ​ដែល​គេ​អាច​ដើម្បី​បង្កើន​ការកំញ៉ើញ​ក៏​ដូច​ជា​ប្រតិបត្តិការ​យោធាទាក់ទង​នឹង​ប្រទេស​ចិន។ នេះ​បើតាម​ការ​លើក​ឡើង​របស់លោក Robert Dujarric ដែល​ជាសហ​នាយកនៃ​វិទ្យាស្ថានសិក្សា​កិច្ចការ​អាស៊ី​នៅ​សាកល​វិទ្យាល័យ Temple សហរដ្ឋ​អាមេរិក។

លោក​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFPថា វេទិកា​ពិភាក្សា​នៃ​ក្រុម​ប្រទេសចតុភាគី​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា​ខាង​មុខ​នេះ នឹង​បង្ហាញដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ពួក​គេ​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ទប់ទល់ កំញើញ​និង​ប្រឆាំង​ចិន។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ទៅ​ដល់​ប្រទេស​ជប៉ុន​ជា​លើក​ទី១ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក ហើយ​លោក​ត្រូវ​បាន​គេ​សង្ឃឹម​ថា នឹងធ្វើ​ការជួប​ប្រជុំ​ទ្វេភាគី​ផង​ដែរ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ប្រទេស​ចិន​នោះ។

សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​ចំនួន​លើក​ឡើង​ថា មេដឹកនាំ​ទាំង​ពីរ​អាច​នឹង​ចេញ​សេចក្តី​ថ្លែង ការណ៍​រួម​គ្នា​មួយ​ដោយ​ព្រមានថា ពួក​គេ​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​សកម្ម ភាពរបស់​ចិន​ដែល​បំផ្លាញ​ស្ថិរភាព​ក្នុងតំបន់។

ជប៉ុនតែង​បាន​លើក​ឡើង​ជាប្រចាំ​អំពី​ក្តី​បារម្ភ​របស់​ខ្លួនជុំវិញ​ការបង្កើន​ការ​ល្បាត​របស់​ចិននៅ​ក្នុង​តំបន់ជម្លោះ​ដែន​កោះ​មួយ​ចំនួន​ហើយ​ក៏​មាន​ការពិភាក្សា​កាន់​តែ​ច្រើន​ឡើងផង​ដែរ​ថា​តើ​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​ត្រូវ​ឆ្លើយតប​ដោយ​របៀប​ណា​ចំពោះ​ការគំរាម​កំហែង​របស់​ចិន​លើ​កោះ​តៃវ៉ាន់នោះ៕