លោក ញឹក រតនៈ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ (រូបខាងឆ្វេង) ថ្លែងបដិសេធការរុះរើសួនសត្វភ្នំតាម៉ៅ។ រូបភាព៖ ដកស្រង់ពីហ្វេសប៊ុកសួនសត្វភ្នំតាម៉ៅ។

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានលើកឡើងថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ពុំមានផែនការរុះរើ ឬប្តូរទីតាំងទៅខេត្តផ្សេងនោះទេ ហើយថា ការដោះដូរដីជាមួយឯកជន ក៏មិនធ្វើឱ្យប៉ះពាល់សត្វព្រៃនោះដែរ។

ស្របពេលមានការលើកឡើងថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនឹងប្តូរតាំងទៅខេត្តកំពង់ឆ្នាំង កំពង់ស្អឺ សៀមរាប និងមណ្ឌលគិរី ដែលធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃនោះ លោក ញឹក រតនៈ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានថ្លែងតាមរយៈវីដេអូក្លីបមួយមានរយៈពេលជាង៣នាទីដូច្នេះថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នឹងមិនត្រូវរុះរើ ឬប្តូរទីតាំងទៅខេត្តខេត្តកំពង់ឆ្នាំង កំពង់ស្អឺ សៀមរាប និងមណ្ឌលគិរីឡើយ ព្រោះក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ កំពុងដាក់ទុនបន្ថែមសម្រាប់អភិវឌ្ឍឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនេះ។

លោកថ្លែងដូច្នេះថា៖«មានគម្រោងស្ថាបនាកែលម្អគុណភាពប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមានប្រវែងជាង១៥គីឡូម៉្រែត។ គម្រោងសាងសង់បន្ទប់អនាម័យចំនួន៥កន្លែង គម្រោងសាងសង់អាគាររដ្ឋបាល១កន្លែង ដើម្បីបម្រើឱ្យការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ត ដើម្បីបម្រើសេវាកម្មទេសចរណ៍»។

លោកបន្ថែមថា មានគម្រោងកសាងអាងស្តុបទឹកមួយកន្លែង ដែលមានចំណុះជាង២០ម៉ឺនម៉្រែតគីប ដើម្បីផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃនៅក្នុងសួនសត្វភ្នំតាម៉ៅ មានដាំដើមឈើតាមផ្លូវជាង១ម៉ឺនដើម ដើម្បីបម្រើសេវាកម្មទេសចរ ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍មូលដ្ឋាន។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៤មករា ឆ្នាំ២០២២ ដែលបានផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងរៀបចំដែន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តតាកែវ គឺបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមឱ្យមានការដោះដូរដីក្នុងតំបន់ភ្នំតាម៉ៅចំនួន៨០០ហិកតា ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដើម្បីអភិវឌ្ឍ។

​​​លិខិតសរសេរដូច្នេះថា៖«រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងទីតាំងដីទំហំ៥០០ហិកតា ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ របស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ហើយអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុន និងដៃគូសហការ មុនធ្វើការអភិវឌ្ឍ»។

ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ទទួលបានលិខិតមួយពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលក្នុងលិខិតនោះបានអះអាងថា ការកាត់ឆ្វៀលដីទាំងនោះ មិនធ្វើឱ្យប៉ះពាល់ដែនជម្រកសត្វព្រៃភ្នំពេញឡើយ។

លិខិតដែលលោក វេង សាខុន បានបំភ្លឺទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្តីបានបន្តទៀតថា ទីតាំងដែលមានការដោះដូរដី គឺមិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំ៤០០ហិកតា និងមានរបងព័ទ្ធជុំវិញជាង៨ពាន់ម៉ែត្រឡើយ ហើយក៏មិនប៉ះពាល់ទៅដល់ការសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance)ដែរ។

ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានព្រៃធម្មជាតិចំនួន២៣០០ហិកតាព័ទ្ធជុំវិញ ហើយវាជាកន្លែងប្រមូលផ្ដុំខ្លាឃ្មុំធំជាងកន្លែងផ្សេងៗទៀតនៅលើពិភពលោក និងមានចំនួនសត្វរមាំង និងសត្វប្រើសច្រើនជាងគេ បើប្រៀបធៀបជាមួយតំបន់ផ្សេងទៀតនៅកម្ពុជា៕