ប៉ូលិស​អ៊ុយក្រែន​ម្នាក់​ពិនិត្យ​រោងចក្រ​​កិន​គ្រាប់​​​ផ្កា​ឈូករ័ត្ន​មួយ​កន្លែង ដែល​ត្រូវ​​ខ្ទេចខ្ទាំ​ដោយ​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​​​​នៅ​ភូមិ Velyka Kostromka ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ ២០២២។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញបាន​អនុម័ត​កញ្ចប់​ថវិកាជំនួយ​ថ្មី​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ទឹកប្រាក់​ចំនួន​៤០​ពាន់លាន​ដុល្លារ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ រដ្ឋសភា​អាមេរិក​ បាន​បោះឆ្នោត​គាំទ្រ​លើកញ្ចប់​ជំនួយ​នេះ​កាល​ពី​សប្តាហ៍​មុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ត្រូវ​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ។

ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បាននិយាយ​នៅ​ក្នុង​សុន្ទករថា​ប្រចាំ​ថ្ងៃ​របស់​លោកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​អនុម័ត​របស់​ព្រឹទ្ធសភា​អាមេរិក​លើ​កញ្ចប់​ជំនួយ​ថវិកា​នេះ ជាការ​បង្ហាញនូវ​ការដឹកនាំ​ដ៏​រឹងមាំ​និងជា​ការ​រួម​វិភាគទាន​ដ៏​សំខាន់​លើ​ការ​ការពារសេរីភាពទូទៅរបស់​យើង»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា រដ្ឋបាល​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ កញ្ចប់​ជំនួយ​ថវិកាយោធា​នោះ រួមមាន​ការ​ផ្តល់​កាំភ្លើងផ្លោងចំនួន១៨​គ្រឿង​បន្ថែម​ទៀត​រួម​ជាមួយ​នឹងរថយន្ត​១៨គ្រឿង​សម្រាប់​ដឹក​កាំភ្លើងផ្លោងនោះ​ផង​ដែរ​ហើយ​នឹងរ៉ាដា​ប្រឆាំង​កំាភ្លើង​ធំ​ចំនួន​៣គ្រឿង​បន្ថែម​ទៀត។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ លោក John Kirby។

ដោយ​ឡែក​ក្រសួង​ការពារ​ជាតិរុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះផង​ដែរ​ថា ទាហាន​អ៊ុយក្រែន​រាប់​រយ​នាក់បន្ថែម​ទៀត​បាន​ចុះ​ចូល​ជាមួយខ្លួន​នៅ​រោងចក្រ​ដែកថែក Azovstal ក្នុង​ទីក្រុង Mariupol ដែល​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រុស្ស៊ី​ ដែល​ធ្វើ​ឱ្យ​ចំនួន​ទាហាន​អ៊ុយក្រែន​ដែល​បាន​ចុះចូល​ជាមួយរុស្ស៊ី​សរុប​ទាំង​អស់​មានចំនួន​១.៧៣០​នាក់​ នៅ​ក្នុង​សប្តាហ៍នេះ។

ក្រុម​មន្ត្រី​អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ពី​ចំនួន​កងទ័ព​របស់​ខ្លួន​ ដែល​បាន​ចុះចូល​ជាមួយ​រុស្ស៊ីនៅ​ក្នុងទីក្រុង Mariupol នោះ​នៅ​ឡើយ​ទេ។ អ៊ុយក្រែនសង្ឃឹម​ថា ក្រុម​ទាហានរបស់​ខ្លួន​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​អ្នក​ទោស​សង្គ្រាមជាមួយ​រុស៊្សី​ ខណៈ​ពេល​ដែល​ក្រុម​ស៊ើប​អង្កេត​របស់​រុស្ស៊ីបាន​និយាយ​ថា ខ្លួន​មាន​បំណងសួរ​ចម្លើយ​ក្រុម​ទាហាន​ទាំង​នោះដើម្បី​កំណត់​ថា តើ​ពួក​គេ​មាន​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ណា​មួយប្រឆាំង​នឹងជនស៊ីវិល​ដែរ​ឬទេ៕