
ការប្រមូលស្រូវនៅរដូវប្រាំងឆ្នាំ២០២២បានបញ្ចប់ហើយ ដោយសម្រេចបានជិត ៣លានតោន កើនឡើងតិចតូច បើធៀបនឹងទិន្នផលស្រូវប្រាំងក្នុង២០២១ ខណៈការដាំដុះស្រូវរដូវវស្សាបានឈានមកដល់ជាបណ្តើរៗហើយ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី២០ ឧសភានេះ។
ទិន្នន័យបង្ហាញថា ការប្រមូលផលស្រូវប្រាំងសម្រេចបានចំនួន ៦៣៨ ៣០៥ហិកតា ដោយទទួលបរិមាណផលសរុបជាង ២, ៩៣លានតោន។ទិន្នផលជាមធ្យម ៤,៦០តោនក្នុង១ហិកតា។
ផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៦៤០ ២៣២ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ ក្របីមានចំនួន ១ ៦០៧ហិកតា ស្មើនឹង ០,២៥% និងដោយគ្រឿងយន្តចំនួន ៦៣៨ ៦២៥ហិកតា ស្មើនឹង៩៩,៧៥% ផ្ទៃដីសាបសម្រេចបានចំនួន ៥ហិកតា។
ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៦៣៩ ១៣៨ហិកតា ស្មើនឹង១៣៨,២៦% នៃផែនការចំនួន ៤៦២ ២៨០ហិកតា តិចជាងឆ្នាំមុន ១០ ៤០១ហិកតា។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់ខ្មែរណាស់នៅថ្ងៃទី២០ ឧសភាថា ការដាំដុះស្រូវនៅរដូវវស្សាចាប់ផ្តើមតាំងពីខែមេសា ហើយបច្ចុប្បន្នសម្រេចបានប្រមាណ ៣៥%លើផ្ទៃដីសរុបជាង ២៥ម៉ឺនហិកតា។
លោកថ្លែងដូច្នេះថា៖«អាកាសធាតុនៅឆ្នាំ២០២២នេះ អំណោយផលល្អ ព្រោះមានភ្លៀងធ្លាក់តាំងពីដើមរដូវ។ខ្ញុំសង្ឈឹមថាកសិករនឹងទទួលបានផលច្រើនពីការដាំដុះស្រូវវស្សាឆ្នាំនេះ»។
ក្រៅពីដំណាំស្រូវ ដំណាំសាកវប្បកម្មអនុវត្តបានសរុប ៣៧ ០២២ហិកតា ស្មើនឹង១០៣,៥៣% នៃផែនការចំនួន ៣៥ ៧៦០ហិកតា តិចជាងឆ្នាំមុន ៣ ៣៦៦ហិកតា។
រីឯ ដំណាំឧស្សាហកម្មអនុវត្តបានសរុប ១០៧ ៤០៦ហិកតា ស្មើនឹង ១១៩,៥៩% នៃផែនការចំនួន ៨៩ ៨១០ហិកតា លើសឆ្នាំមុន ១៩ ៣៦៥ហិកតា៕
- ក្រសួងសុខាភិបាល៖ ជក់បារីអេឡិត្រូនិចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួតរហូតធ្វើឱ្យបានបង់ជីវិត - នៅថ្ងៃទី 24/06/2022
- រដ្ឋកាត់ដីផ្ទៃបឹងទន្លេបាទី២២២ហិកតា ប្រគល់ឱ្យឯកជនយកទៅអភិវឌ្ឍ - នៅថ្ងៃទី 24/06/2022
- លោក សុខ ទូច៖ ខ្ញុំឈឺចាប់ ទើបបង្ហោះរិះគន់រឿងលុបបឹងតាមោក - នៅថ្ងៃទី 23/06/2022