
ខ្យងពណ៌មាស (Pomacea sp.) មានដើមកំណើតមកពីអាមេរិកខាងត្បូង ហើយត្រូវបាននាំចូលមកក្នុងតំបន់អាស៊ីដំបូងគេនៅប្រទេសតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ ដល់ ១៩៨០។
ខ្យងពណ៌មាសចាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ តាមរយៈនិវត្តជនពីជំរុំតាមព្រំដែនខ្មែរ-ថៃ។
ក្នុងឆ្នាំ១៩៩៥ មានការចិញ្ចឹម និងលក់ខ្យងពណ៌មាសនេះនៅភ្នំពេញ និងឃើញវត្តមានវានៅក្នុងខេត្តយ៉ាងតិចចំនួន៩ គឺខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កណ្តាល តាកែវ ព្រៃវែងនិងស្វាយរៀង ហើយបច្ចុប្បន្ន ខ្យងពណ៌មាស មានវត្តមាននៅក្នុងស្រែស្ទើរគ្រប់រាជធានី-ខេត្តទាំងអស់នៃប្រទេសកម្ពុជា។
ខ្យងពណ៌មាស ជាប្រភេទខ្យងចង្រៃបំផុត ដែលបំផ្លាញដំណាំស្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាជាទូទៅស៊ីរុក្ខជាតិជាច្រើនប្រភេទមានស្លែ សារាយល្អិតៗ កំប្លោក ស្មៅ និងស្លឹករុក្ខជាតិតូចៗខ្ចី។
សំណាប និងស្រូវពង្គ្រោះ ដែលមានអាយុកាលពី៤–៣០ថ្ងៃជាចំណីដ៏ឆ្ងាញ់របស់វា។ ខ្យងពណ៌មាស ស៊ីកាត់ស្លឹក និងដើមស្រូវខ្ចីៗដល់គល់ ហើយពួកវាអាចស៊ីបំផ្លាញដើមស្រូវខ្ចីៗក្នុងស្រែទាំងមូលក្នុងរយៈពេលមួយយប់។
ចាប់ពីឆ្នាំ២០១០មក គេសង្កេតឃើញមានការបំផ្លាញដំណាំស្រូវដោយខ្យង ពណ៌មាស ហើយទំហំនៃការបំផ្លាញនេះកាន់តែមានកម្រិតធ្ងន់ធ្ងរឡើង ជាលំដាប់រហូតដល់ដើមឆ្នាំ២០១៣។

ការបន្តពូជ
ខ្យងពណ៌មាស មាន២ភេទ គឺភេទញី និងភេទឈ្មោលដាច់ពីគ្នា។ ខ្យងពណ៌មាសញី និងឈ្មោលបន្តពូជនៅក្នុងទឹក និងគ្រប់រដូវទាំងអស់ ប្រសិនបើជាមានទឹកជាប្រចាំ ហើយការបន្តពូជនេះមានរយៈពេលពី៣-៤ម៉ោង។
ខ្យងញីខ្លះ អាចពងបានម្តងក្នុងមួយសប្តាហ៏សម្រាប់រយៈពេល៥សប្តាហ៍ជាប់ៗគ្នា។ ជាទូទៅ ខ្យងញីមួយអាចពងបាន២០០-៣០០ពងជារៀងរាល់សប្តាហ៍។
វិធីកម្ចាត់ខ្យងពណ៌មាស
វិធានការការពារ និងកម្ចាត់ខ្យងពណ៌មាសមាន២ប្រភេទគឺ ដោយមិនប្រើថ្នាំពុលកសិកម្ម និងវិធានចម្រុះរួមជាមួយថ្នាំពុលកសិកម្ម។
វិធានការការពារ និងកម្ចាត់ដោយមិនប្រើថ្នាំពុលកសិកម្ម ទាមទារឲ្យកសិករធ្វើការរួមទាំងអស់គ្នា និងជាប្រចាំដើម្បីកាត់បន្ថយចំនួនខ្យងពណ៌មាសពីស្រែរបស់ខ្លួនជាបណ្ដើរៗ នៅក្នុងករណីដែលកម្រិតបំផ្លាញនៅទាបជាង២០%។
វិធានការទាំងនោះមានដូចជា ដាក់ព្រួល ឬលួសសំណាញ់បាំងនៅចំមុខផ្លូវទឹកហូរចេញ ដើម្បីកុំឲ្យកូនខ្យង និងខ្យងពេញវ័យចូលទៅស្រែមួយទៀតបានរួចឧស្សាហ៍ដើរ ប្រមូលយកទៅប្រើប្រាស់ឬកម្ទេចចោល។
ដាក់មែកឈើ ឬដោតបង្គោលតូចៗនៅក្នុងស្រែ ជាពិសេសនៅគៀនភ្លឺ និងនៅកន្លែងទឹកជ្រៅឲ្យបានច្រើន ដើម្បីឲ្យខ្យងឡើងមកពង រួចត្រូវដើរប្រមូលកម្ទេចចោលយ៉ាងយូរបំផុតមួយសប្ដាហ៍ឲ្យបានម្ដង។ បើនៅកន្លែងណាដែលពិបាកចូលទៅប្រមូល ត្រូវយកមែកឈើជ្រុះទម្លាក់ពងចូលទៅក្នុងទឹក និងដើររើសយកមកធ្វើម្ហូប ចំណីសត្វ និងនុយ ឬក៏កម្ទេចចោលនាពេលព្រឹក និងល្ងាច។
ជាការល្អ ចូរប្រើឧបករណ៍ទាក់ទាញខ្យងឲ្យមកប្រមូលផ្តុំគ្នា ងាយស្រួលក្នុងការប្រមូលដែលមានដូចជា៖ ផ្លែត្នោតទុំ ជ្រាំងខ្នុរទុំ ស្លឹកចេក ស្លឹកល្ហុ ងឬក្រដាសកាសែតចាស់ៗជាដើម។
ក្នុងករណីដែលអាចបញ្ចេញទឹកពីស្រែបាន ចូរកាយចង្អូរនៅក្នុងស្រែ និងជុំវិញស្រែជិតភ្លឺជម្រៅពី៥–១០សង់ទីម៉ែត្រ ដើម្បីឲ្យខ្យងមកប្រមូលផ្តុំពេលបង្ហោះទឹកងាយស្រួលក្នុងការដើរប្រមូលចោល។
វិធានការចម្រុះរួមជាមួយថ្នាំពុលកសិកម្ម គឺត្រូវអនុវត្តក្នុងករណីដែលខ្យងពណ៌មាសមានវត្តមានច្រើនដែលបំផ្លាញស្រូវច្រើនជាង២០%។ វិធានការនេះ ត្រូវអនុវត្តតាមចំណុចខាងលើរួមទាំងដាក់ថ្នាំកសិកម្មឈ្មោះម៉ាល់លូសាយ (Mulucide 6GB) ឬថ្នាំតុស្សបេត (Toxbait 120AB) ដែលជាថ្នាំប្រភេទនុយផលិត នៅប្រទេសវៀតណាមនិងមានលក់នៅទីផ្សារប្រទេសកម្ពុជាដាក់ជាកញ្ចាប់ទម្ងន់១គីឡូក្រាម ដោយមិនទាន់មានបិទស្លាកជាភាសាខ្មែរនៅឡើយ។
តាមលទ្ធផលពិសោធន៍ជាច្រើនដងរបស់កាឌីបានបង្ហាញថា ការប្រើប្រាស់ថ្នាំម៉ាល់លូសាយតាមកម្រិតណែនាំគឺ១០គីឡូក្រាម ឬថ្នាំតុស្សបេត ៥គីឡូក្រាម/ហត មិនបណ្តាលឲ្យប៉ះពាល់ដល់កង្កែប ក្តាម កំពឹសនិងត្រីស្រែឡើយ។ ថ្វីត្បិតតែការប្រើប្រាស់ថ្នាំតុស្សបេត (Toxbait 120AB) ចំណាយតិច៕
ប្រភព៖ ព្រឹត្តិបត្រព័ត៌មានកសិកររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
- ក្រសួងសុខាភិបាល៖ ជក់បារីអេឡិត្រូនិចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួតរហូតធ្វើឱ្យបានបង់ជីវិត - នៅថ្ងៃទី 24/06/2022
- រដ្ឋកាត់ដីផ្ទៃបឹងទន្លេបាទី២២២ហិកតា ប្រគល់ឱ្យឯកជនយកទៅអភិវឌ្ឍ - នៅថ្ងៃទី 24/06/2022
- លោក សុខ ទូច៖ ខ្ញុំឈឺចាប់ ទើបបង្ហោះរិះគន់រឿងលុបបឹងតាមោក - នៅថ្ងៃទី 23/06/2022