ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា និងលោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជាអគ្គនាយិកាកម្មវិធីពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានចុះអនុស្សរណៈយោគយល់គ្នាកាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

កម្មវិធី​ពេទ្យ​យើង របស់​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន ថេ​ក អេ​ស៊ា សហការ​ជាមួយសមាគមអ្នកផ្ដល់សេវាសុខាភិបាល​ឯកជននៅកម្ពុជា បាន​​​រៀប​ចំពិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ហៅកាត់ថា ស.ស.ឯក​ និង​កម្មវិធី ពេទ្យយើង ស្ដីពី​ ភាពជាដៃគូក្នុងការកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថលនៅកម្ពុជា​។

ពិធីនេះ បាន​ធ្វើឡើង ​នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅ​​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី ​ក្នុង​​រាជ​ធានី​ភ្នំពេញ ដែល​ចូល​រួម​​ជា​​គណៈ​អធិបតី ​​​ដោយឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​​សុខាភិបាល និងជាប្រធានសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជាអគ្គនាយិកាកម្មវិធីពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា លោក ប៊ិន សុជាតិ សហស្ថាបនិក និងជាប្រធានគ្រប់គ្រងអាជីវកម្ម កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា​ ព្រមទាំងម្ចាស់ និងអ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្លីនិកឯកជន និង​ភ្ញៀវកិត្តិយស​ជាច្រើនទៀត​។

ភាពជាដៃគូនេះ ធ្វើឡើង ស្របទៅតាមចក្ខុវិស័យរបស់កម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន ថេ​ក អេ​ស៊ា រួមជាមួយ​សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដើម្បីកសាងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាលឯកជនទាំងអស់នៅកម្ពុជា និងចូលរួមធ្វើទំនើបកម្មឌីជីថលប្រព័ន្ធសុខាភិបាលឯកជនកម្ពុជា តាមរយៈប្រព័ន្ធប្រតិបត្តិការ និងដំណោះស្រាយឌីជីថល «ពេទ្យយើង»។

តាមរយៈ​ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង មន្ទីរពេទ្យ និងគ្លីនិករដ្ឋ និង​ឯក​ជន​ទាំង​អស់ ​អាច​ទទួល​នូវ​អត្ថ​ប្រយោជន៍​ឌីជីថល​ជា​ច្រើន ​ដោយ​ជួយ​ពន្លឿន​រាល់​ប្រតិបត្តិការ​ទាំង​អស់​​ នៅ​ក្នុង​មន្ទីរ​ពេទ្យ ​ឬ​គ្លីនិក ​តា​ម​រយៈ​ប្រព័ន្ធ​ឌីជីថល ​ដើម្បី​ជំរុញ​ឱ្យ​ការព្យា​បាល​កាន់​តែ​លឿន​ រហ័ស​ ទំនើប​ ចំ​ណេញ​ពេល​វេលា​ ​និង​ថវិកា​ សម្រាប់​អ្នក​ផ្តល់​សេវា​ ​និង​​អ្នក​ជំងឺ​​។ 

ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​​សុខាភិបាល និងប្រធានសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានលើកឡើងថា ​ពិតហើយថា ក្រសួងសុខាភិបាល បានប្រកាស និងបានប្តេជ្ញាចិត្ត​ជាអាទិភាពក្នុងការរៀបចំ​ប្រព័ន្ធ​​គ្រប់គ្រងសេវាសុខភាព ឱ្យទៅជា​ឌីជីថល ទាំងផ្នែកឯកជន និងទាំងមន្ទីរពេទ្យរដ្ឋ។ ដូច្នេះកិច្ចការនេះ យើងឈានមួយជំហ៊ានម្តងៗ តាមរយៈក្រុមហ៊ុន​ប្រព័ន្ធគ្រប់គ្រងមន្ទីរឌីជីថល ពេទ្យ​យើង រៀបចំ​នៅតាមមន្ទីរពេទ្យ​សាធារណៈមួយចំនួន ហើយសេវាព្យាបាលឯកជនយើង ក៏បានប្រើប្រាស់​ប្រព័ន្ធពេទ្យយើងច្រើន។ ជាក់ស្តែង សមាជិករបស់សមាគម ក៏កំពុងប្រើប្រាស់ ហើយ​គ្លីនិកឯកជន ដែលមិនមែនជាសមាជិកសមាគមយើង ក៏បាន និងកំពុងប្រើប្រាស់ប្រព័ន្ធមន្ទីរពេទ្យ​ឌីជីថល ពេទ្យយើងនេះ​ផងដែរ​។

ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង បានបញ្ជាក់ថា ការផ្តល់សេវាព្យាបាល គឺគោលបំណងរបស់​យើង ធ្វើយ៉ាងណា ចង់បានភាពមាំទាំ ចង់បានភាពមួយ ដែលច្បាស់លាស់ និងសុវត្ថិភាព ទាំងអ្នកជំងឺ និងទាំងអ្នក​ផ្តល់សេវា។ ពេលខ្លះ ការ​ផ្តល់សេវា បើមិនមានសុវត្ថិភាព នៅផ្អែក​ណាមួយ នៃអ្នកផ្តល់សេវា និងអ្នកទទួលសេវាទេ នោះការផ្តល់សេវាសុខាភិបាលយើង នឹងមិនមានគុណភាពឡើយ​។ ដូច្នេះទាល់តែមានសុវត្ថិភាព ទាំងអ្នកផ្តល់សេវា និងមានសុវត្ថិភាពទាំងអ្នកទទួលសេវា ទើបមានគុណភាព។ ​នៅថ្ងៃនេះ យើងចាប់ដៃគូជាមួយពេទ្យយើង ជាមន្ទីរពេទ្យឌីជីថលនេះ គឺជាផ្នែកមួយ​នៃសុវត្ថិភាព ព្រោះផ្នែកឯកសារនេះ ជាផ្នែកមួយ ដែលមានសារសំខាន់ណាស់ ព្រោះផ្នែកឯកសារនេះ ជាការការ​ពារ និង​ជាអាវក្រោះ សម្រាប់អ្នកផ្តល់សេវា ពិសេសផ្នែកសេវាសុខាភិបាល​ឯកជន ហើយក៏ជាសុវត្ថិភាពមួយ សម្រាប់អ្នកទទួលសេវា​​ផងដែរ​។ 

ជាមួយគ្នានេះ ​លោកស្រី ប៉ុង លីមសាន ស្ថាបនិក និង​ជានាយិកា​ប្រតិបត្តិ​កម្មវិធី​ពេទ្យ​យើង នៃ​ក្រុមហ៊ុន ហ្វឺ​ស ​វី​ម៉ិ​ន ​ថេ​ក​ អេ​ស៊ា បានលើកឡើង​ពី​គោលបំណង ដែលនាំឱ្យ​កម្មវិធីពេទ្យយើង សហការជាមួយសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា គឺដើម្បី​បង្កើនគុណភាពប្រព័ន្ធសុខាភិបាលឯកជនកម្ពុជា ជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ ការផ្ដល់សេវាសុខភាពរបស់អ្នកផ្ដល់សេវាសុខាភិបាល និងការទទួលសេវាសុខភាពរបស់អ្នកជំងឺ តាមរយៈការកែប្រែប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ ឱ្យ​ទៅជាប្រព័ន្ធឌីជីថល ប្រើប្រាស់ជាពិសេសនូវ​កម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង»។

លោកស្រីនាយិកា ​បានបន្ថែមថា គោលបំណងមួយទៀតរបស់យើង គឺចង់ឱ្យ​មន្ទីរពេទ្យ និងគ្លីនិកឯកជននៅកម្ពុជា ​ចូលរួម​ជួយដល់​​បរិស្ថាន ព្រោះកម្មវិធីពេទ្យយើង ជួយដល់មន្ទីរពេទ្យទាំងឡាយ ជំនួសប្រតិបត្តិការទាំងអស់ និងការប្រើប្រាស់ក្រដាស ​ក្នុងការបំពេញឯកសារអ្នកជំងឺ ដោយដំណើរការលើប្រព័ន្ធឌីជីថលទាំងអស់។

ទន្ទឹមនឹងនេះ លោក ប៊ិន សុជាតិ សហស្ថាបនិក និងប្រធានគ្រប់គ្រងអាជីវកម្ម កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា​ បានលើកឡើង​ថា តាម​រយៈ «ភាពជាដៃគូក្នុងការកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថលនៅកម្ពុជា» ​មន្ទីរពេទ្យឯកជន អ្នកផ្ដល់សេវាសុខភាព ឬប្រតិបត្តិករទាំងអស់ អាចបង្កើនគុណភាព​ ប្រសិទ្ធភាព និងផលចំណេញទាំងពេលវេលា ពលកម្ម និងថវិកា​ ដែលចំណាយទៅលើបុគ្គលិក និងសម្ភារៈមន្ទីរពេទ្យផ្សេងៗ តាមរយៈ​ការកែប្រែមន្ទីរពេទ្យ និងគ្លីនិក​របស់ខ្លួន ទៅជាប្រព័ន្ធឌីជីថល។

​​លោក ប៊ិន សុជាតិ ក៏បានបន្ថែមថា កិច្ចសហការទាំងនេះ មិនត្រឹមតែបង្កើនសក្តានុពលឌីជីថល ក្នុងមន្ទីរពេទ្យរបស់ខ្លួន និងក្នុងការផ្ដល់សេវាថែទាំព្យាបាលសុខភាព​អតិថិជនរបស់ខ្លួនទេ យើងក៏ចូលរួមកាត់បន្ថយការប្រើក្រដាស ដើម្បីបរិស្ថានស្អាត និងបៃតងផងដែរ។ កាន់តែសំខាន់នោះ គឺនេះជាជំហានបន្ទាប់ ក្នុងការលើកកម្ពស់ និងធ្វើទំនើបកម្មវិស័យសុខាភិបាលឯកជនកម្ពុជា ដោយស្របតាមផែនការយុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ ដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា កំពុងផ្ដោតលើ​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យាឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន នៅកម្ពុជា កន្លងមក​។

កម្មវិធីឌីជីថល​ពេទ្យ​យើង ត្រូវបានដាក់ឲ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យ​រដ្ឋ និងឯកជន ប្រមាណ ២០០ នៅ​ទូទាំង ២៥ខេត្ត​រាជធានី​។ តាមរយៈមន្ទីរពេទ្យដៃគូ ពេទ្យយើង មានអ្នក​ប្រើប្រាស់កម្មវិធីប្រមាណជាង ១ម៉ឺននាក់ រួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។ ពេទ្យយើង ក៏បានជួយឲ្យពលរដ្ឋកម្ពុជា ប្រមាណ ២លាន​នាក់ ឱ្យ​មានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់ អាចប្រើប្រាស់បាន សម្រាប់​ដំណើរការទទួលសេវាព្យាបាល​នៅទីកន្លែងផ្ទាល់ និង​នៅលើទូរស័ព្ទដៃ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីទទួល​បានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន​៕