
លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ថាចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានិងប្តេជ្ញាបន្តសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌជាដើម។
លោក Qian Keming ថ្លែងទៀតថា ចិនបានក្លាយជាគោលដៅនាំចូលអង្ករ និងចេកដ៏ធំបំផុតពី កម្ពុជា។ ជាក់ស្ដែង ភាគីទាំងពីរបានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១០ ពាន់លានដុល្លារ ២ឆ្នាំមុនផែនការកំណត់។
លោកថ្លែងដូច្នេះថា៖ «ក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាត្រូវបានធ្វើឱ្យស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកសាងរួមគ្នានៃ«ខ្សែក្រវាត់ និងផ្លូវ»ត្រូវបានលើកកម្ពស់បន្ថែមទៀត ចំណែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់»។
វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ប្រារព្វឡើងក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់» កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២។
លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាវិនិយោគិនចិនតែងតែគាំទ្រដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។
លោកថ្លែងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិនត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា-ចិន ក្នុងនោះ ក្រោមក្របខ័ណ្ឌតំបន់ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)»។
គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា(FDI) បន្តមានភាពរឹងមាំកក្នុងទំហំទឹកប្រាក់១៦៨,៨ ទ្រីលានរៀល កើនឡើង ១១,២% ធៀបនឹងចុងឆ្នាំ២០២០។ ក្នុងនោះ វិនិយោគផ្ទាល់បរទេសចិនឈរនៅលំដាប់ទី១គឺ ៧៤ ទី្រលានរៀល ស្មើនឹង ៤៣,៩ % តាមពីក្រោយដោយកូរ៉េខាងត្បូង ២០,១ទ្រីលានរៀល(១១,៩%) បន្ទាប់មក វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី ក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងភោជនីយដ្ឋាន កសិកម្ម និងសំណង់។នេះបើតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា៕
- ក្រុមហ៊ុន BRB កំពុងជួយរកទីផ្សារដល់អ្នកផលិត២០០នាក់ដែលជាផលិតផលធ្វើដោយដៃ - នៅថ្ងៃទី 25/06/2022
- ឱកាសការងារជាង៣ពាន់កន្លែងក្នុងពិព័រណ៍ការងារឆ្នាំនេះ - នៅថ្ងៃទី 24/06/2022
- ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន WESTERN UNION ដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមអេស៊ីលីដាម៉ូបាល - នៅថ្ងៃទី 24/06/2022