រូបថតចេញផ្សាយដោយក្រសួងការបរទេសជប៉ុនតាមរយៈសារព័ត៌មាន Jii Press បង្ហាញឲ្យឃើញ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោកYoshimasa Hayashi ពិភាក្សារដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi តាមប្រព័ន្ធអ៊ីនធឺណិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២។

ទីក្រុង​តូក្យូ — រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​ «ដើរ​តួនាទី​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ»​ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ នៅ​ក្នុង​ការចរចា​លើក​ដំបូង​ជាមួយ​សមភាគី​ចិន​របស់​លោក​ នៅ​ក្នុង​រយៈពេល ៦ ខែ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជប៉ុន​បាន​ចូលរួម​ជាមួយ​សម្ពន្ធមិត្ត​លោក​ខាង​លិច​ស្តីពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​វិបត្តិ​នៅអ៊ុយក្រែន ខណៈ​ដែល​រដ្ឋាភិបាល​ចិន​បាន​បដិសេធថ្កោលទោស​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី «ជា​ការរំលោភ​ដ៏​ច្បាស់​ក្រឡែត​ដល់​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​ផ្សេងៗទៀត»។ នេះ​បើ​តាម​សេចក្តីថ្លែង ការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​ «ជំរុញ​ចិន​ឱ្យ​ដើរ​តួនាទី​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ នៅ​ក្នុង​ការថែរក្សា​សន្តិភាព​និង​សន្តិសុខ»។

ក្រសួង​ការបរទេស​ជប៉ុន​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​គឺ​ជា​លើក​ទី ១ ​ហើយ​ដែល​ត្រូវ​បានធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង ២ ចាប់តាំង​ពី​ខែ​វិច្ឆិកា​មក នៅពេល​ដែល​ការ​បារម្ភ​កើនឡើង​ចំពោះ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ។

ចិន​និង​រុស្ស៊ី​ត្រូវ​បាន​គេ​ដឹងឮ​ថា​ កំពុង​បង្កើន​ការ​សម្រប​សម្រួល​គ្នា ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ចូលរួម​រិះគន់​លើ​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ថ្វីបើ​ខ្លួន​បាន​សន្យា​ថា​ មិន​រារាំងដល់ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹងសង្គ្រាម​នេះ​ក៏ដោយ។

ជំនួប​នេះ​កើត​មាន​ឡើង​ នៅពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​ឈប់​សំចត​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រួច។

លោក​ប្រធានាធិបតី Biden នឹងជួបប្រជុំទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ចូលរួម​ជំនួប​របស់​ក្រុម​ប្រទេស​ចតុភាគី Quad ដែល​រួមមាន​ប្រទេស​អូស្ត្រាលី​និង​ឥណ្ឌា​ផង​ដែរ៕